នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងក្រអៅបេះដូងរបស់យុទ្ធជននិងប្រជាជនភូមិភាគពាយ័ព្យ

(VOVWORLD) - សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនម្នាក់ៗ នៅភូមិភាគពាយ័ព្យ រូបភាព នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជារាមច្បងនៃកងទ័ពប្រជាជនវៀតណាម គឺមិនដែលសាបសូន្យនោះទេ។ វាមិនត្រឹមតែជារឿងរ៉ាវ របស់អគ្គមេបញ្ជាការដ៏ឈ្លាសវៃដោយផ្សាភ្ជាប់នឹងជ័យជំនះ Dien Bien Phu កាលពី ៧០ ឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលាដ៏ជិតស្និទ្ធ និងការយកចិត្តទុកដាក់ដែលលោកនាយឧត្តមសេនីយ៍លៃទុកសម្រាប់ប្រជាជននៅទីនេះទៀតផង។

“ខ្ញុំរំជួលចិត្តខ្លាំងណាស់ពេលនឹកដល់នាយឧត្តមសេនីយ៍ Vo Nguyen Giap រាមច្បងនៃកងទ័ពប្រជាជន និងជាអគ្គមេបញ្ជាការដ៏ឈ្លាសវៃរបស់ប្រទេសជាតិ និងគ្រប់សម័យកាល។ លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ រួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស បានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ បង្កើតជ័យជំនះដ៏រុងរឿង បង្កើតយុគសម័យហូជីមិញដ៏ត្រចះត្រចង់”។

នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងក្រអៅបេះដូងរបស់យុទ្ធជននិងប្រជាជនភូមិភាគពាយ័ព្យ - ảnh 1 វរសេនីយ៍ឯក Nguyen Huu Tai នៅតែចងចាំយ៉ាងរស់រវើកនូវរាល់ថ្ងៃតស៊ូប្រយុទ្ធនៅលើសមរភូមិ Dien Bien Phu ជាពិសេសគឺអនុស្សាវរីយ៍ និងសញ្ញាសម្គាល់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។ (រូបថត៖ VOV)

អាយុ ៩៥ ឆ្នាំ ក្នុងនោះមាន ៤៧ ឆ្នាំចូលបម្រើក្នុងជួរកងទ័ព វរសេនីយ៍ឯក Nguyen Huu Tai អតីតប្រធានផ្នែកនយោបាយនៃកងវរសេនាធំលេខ ២០៩ កងពលធំលេខ ៣១២; អតីតអនុប្រធានស្នងការហ្វឹកហ្វឺនយោធានៃអគ្គសេនាធិការដ្ឋាន នៅតែចងចាំយ៉ាងរស់រវើកនូវរាល់ថ្ងៃតស៊ូប្រយុទ្ធនៅលើសមរភូមិ Dien Bien Phu; ជាពិសេសគឺអនុស្សាវរីយ៍ និងសញ្ញាសម្គាល់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកដែលបានបំផុសគំនិតជូនគាត់ក៏ដូចជាសមមិត្ត និងយុទ្ធមិត្តជាច្រើននៅថ្ងៃនោះ។

យោងតាមលោកវរសេនីយ៍ឯក Nguyen Huu Tai ប្រហែលដើមខែមេសាឆ្នាំ ១៩៥៤ នៅពេលនោះ លោកជាប្រធានផ្នែកនយោបាយនៃកងវរសេនាធំលេខ ២០៩ ហើយត្រូវបានគណៈកម្មាធិការបក្សកងវរសេនាធំ ប្រគល់ភារកិច្ចទៅកាន់កងវរសេនាតូចលេខ ១៥៤ ដើម្បីធ្វើការជាមួយមេបញ្ជាការកងវរសេនាតូច រៀបចំការពារនៅទួល D១។

នៅពេលដែលលោក Tai រួមជាមួយលោក Hoang Cam ដែលជាមេបញ្ជាការកងវរសេនាធំ មកបញ្ជាការដ្ឋានដើម្បីចូលរួមសន្និសីទបូកសរុបបឋមយុទ្ធនាការទាំងពីរនោះ លោក Tai មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុន្ទរកថាដ៏ជ្រាលជ្រៅរបស់លោកនាយឧត្តមសេនីយ៍ រួមទាំងការកោតសរសើរ ការវិភាគអំពីការលំបាក និងការចង្អុលបង្ហាញពីចំណុចខ្វះខាត។ ប៉ុន្តែអ្វីដែលលោកចងចាំជាងគេគឺរូបភាពរបស់នាយឧត្តមសេនីយ៍ ដែលប្រមូលអារម្មណ៍ផ្ទៀងស្ដាប់និងសួរយ៉ាងយកចិត្តទុកដាក់ អំពីព័ត៌មានលំអិតទាក់ទងនឹងលក្ខណណៈសណ្ឋានដីនិងជីវភាពរស់នៅរបស់កងទ័ព។

“លោកនាយឧត្តមសេនីយមានការយកចិត្តទុកដាក់ពិសេសដល់ស្ថានភាពការហូបចុក សុខភាព និងកន្លែងស្នាក់នៅរបស់កងទ័ពនៅសមរភូមិការពារទួល D១។ ធ្វើការរួចរាល់ លោកអគ្គមេបញ្ជាការបានអញ្ជើញពួកយើង ទទួលទានអាហារថ្ងៃត្រង់។ អាហារពិតជាអស្ចារ្យ ដោយមានសាច់ជ្រូកឆា សម្លរស្ពៃ ហើយជាពិសេសបរិយាកាសដ៏កក់ក្ដៅ និងបើកចំហររបស់លោកអគ្គមេបញ្ជាការ ជាមួយនឹងកម្មាភិបាលដែលត្រឡប់មកពីសមរភូមិ។ នោះគឺជាពេលវេលាដ៏រីករាយ និងមិនអាចបំភ្លេចបានសម្រាប់ពួកយើងនៅក្នុងយុទ្ធនាការដ៏លំបាក និងកាចសាហាវនេះ”។

សម្រាប់អតីតយុទ្ធជន Quang Van Kho នៅឃុំ Muong É ស្រុក Thuan Chauខេត្ត Son La អ្នកដែលលុបរណ្ដៅគ្រាប់បែកនៅលើចំណោតជម្រាលភ្នំ Pha Din ពេលវេលាដែលលោកបានជួបជាមួយលោកនាយឧត្តមសេនីយ៍ គឺជាកិត្តិយស និងមោទនភាពដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិត។

ក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ បំពេញទស្សនកិច្ចមក Dien Bien វិញក្នុងឆ្នាំ ១៩៥៥ លោក Kho មានកិត្តិយសដែលបានជួប និងស្តាប់ពាក្យលើកទឹកចិត្ត និងដំបូន្មានពី "រាមច្បង" នៃកងទ័ព។

“លោក Giap បានចុះសួរសុខទុក្ខ ចាប់ដៃជាមួយមនុស្សម្នាក់ៗ និងលើកទឹកចិត្តដល់កងកម្លាំងឲ្យខិតខំសិក្សា និងហាត់ពត់លត់ដំដោយអស់ពីសមត្ថភាព។ ឥឡូវនេះ Dien Bien ត្រូវបានរំដោះហើយ កងទ័ព និងប្រជាជនកំពុងព្យាយាមខិតខំប្រឹងប្រែងការពារប្រទេស និងមាតុភូមិរបស់យើង។ នៅពេលនោះ មនុស្ស៥.០០០នាក់បានតម្រង់ជួរនៅទីលាន Dien Bien ដើម្បីជួបលោកនាយឧត្តមសេនីយ៍”។

មិនត្រឹមតែសម្រាប់កម្មាភិបាលនិងយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្រអៅបេះដូងជនរួមជាតិបណ្ដាជនជាតិនៅតំបន់មូលដ្ឋានបដិវត្តន៍ Muong Phang ទីក្រុង Dien Bien Phu រូបភាពរបស់នាយឧត្តមសេនីយ៍ដ៏ឈ្លាសវៃ ស្និទ្ធស្នាល យកចិត្តទុកដាក់ និងកក់ក្តៅនោះ នៅតែមានដដែល។

នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងក្រអៅបេះដូងរបស់យុទ្ធជននិងប្រជាជនភូមិភាគពាយ័ព្យ - ảnh 2លោក Lo Van Nui ក៏ដូចជាប្រជាជននៅ Muong Phang តែងតែនឹកឃើញដល់នាយឧត្តមសេនីយ៍ Vo Nguyen Giap ដោយមនោសញ្ចេតនាដ៏ស្មោះស្ម័គ្របំផុត។ (រូបថត៖ VOV)

រូបភាពនិងរឿងរ៉ាវអំពីលោកនាយឧត្តមសេនីយ៍មិនត្រឹមតែផ្សាភ្ជាប់នឹងលេណដ្ឋានខ្ទម កន្លែងសង្កេតការណ៍... នៅបញ្ជាការដ្ឋានយុទ្ធនាការនៅឆ្នាំនោះប៉ុណ្ណោះទេ ថែមទាំងក៏មាននៅលើវាលស្រែដ៏ធំល្វឹងល្វើយ ដែលបានផ្ដល់ទឹកស្រោចស្រពពីបឹងធារាសាស្ត្រ Loong Luong ដែលគេស្គាល់ថាជា "បឹងនាយឧត្តមសេនីយ៍" - ពីព្រោះគម្រោងនេះ ត្រូវបានវិនិយោគ និងសាងសង់បន្ទាប់ពីដំណើរទស្សនកិច្ចមក Muong Phang ក្នុងឆ្នាំ ២០០៤ របស់លោកនាយឧត្តមសេនីយ៍។

រាល់ពេលដែល រំលឹកពីការសំណេះសំណាលរបស់នាយឧត្តមសេនីយ៍ជាមួយប្រជាជនក្នុងដំណើរទស្សនកិច្ចនៅ Muong Phang លោក Lo Van Nui តែងតែមានអារម្មណ៍ជាច្រើន៖

“លោកអុំ Giap សួរថា បើលោកអុំមកទីនេះ១សប្តាហ៍ តើ Muong Phang អាចចិញ្ចឹមបានទេ? យើងខ្ញុំឆ្លើយថា បាទ យើងខ្ញុំអាចចិញ្ចឹមបាន; តើប្រជាជន Muong Phang ទៅសាលាឬទេ? - បាទ គ្រប់គ្នាទៅសាលារៀនទាំងអស់ គ្មាននរណាម្នាក់បោះបង់ចោលទេ; តើប្រជាជន Muong Phang អត់ឃ្លានទេ? - មិនឃ្លានទេលោកអុំ។ ហើយមនុស្សទាំងអស់គ្នាបានទះដៃអបអរសាទរ”។

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu នាយឧត្តមសេនីយ៍ Vo Nguyen Giap បានលាចាកលោកទៅជារៀងរហូត ប៉ុន្តែអនុស្សាវរីយ៍ដ៏ស្រស់ស្អាតអំពីបងប្រុសច្បងរបស់កងទ័ពប្រជាជនវៀតណាម ដក់ជាប់ជានិច្ចក្នុងដួងចិត្តរបស់កម្មាភិបាល យុទ្ធជន និងបងប្អូនបណ្ដាជនជាតិនៅភាគពាយ័ព្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ