កសាង ខេត្ត Quang Tri ឲ្យក្លាយទៅជានិមិត្តរូបនៃតម្លៃសន្តិភាព
(VOVWORLD) - ទឹកដីខេត្ត Quang Tri គឺជារូបភាពបង្រួញតួចមួយនៃសង្គ្រាមវៀតណាម ដែលធ្លាប់ឆ្លងកាត់ស្ថានភាពកាចសាហាវនៃគ្រាប់បែក គ្រាប់កាំភ្លើង ហើយរងការពលីកម្ម និងបាត់បង់ជីវិតជាច្រើន។ ដូច្នេះសន្តិភាពតែងតែជាបំណងប្រាថ្នាពុះកញ្ជ្រោលរបស់ប្រជាជនខេត្ត Quang Tri ក៏ដូចជាប្រជាជនវៀតណាមទាំងមូលដែរ។
សត្វព្រាបគឺជានិមិត្តសញ្ញាសន្តិភាព (រូបថត៖ VOV) |
បំណងប្រាថ្នា សន្តិភាពក៏ជាសេចក្តីប្រាថ្នារបស់វិញ្ញាន្ធក្ខ័ន្ធយុទ្ធជនពលី និងជនរងគ្រោះដោយសារសង្គ្រាមរាប់ម៉ឺននាក់ដែលពលីជីវិតនៅខេត្ត Quang Tri។ ដូច្នេះកម្មាភិបាល និងប្រជាជនខេត្ត Quang Tri កំពុងខិតខំប្រឹងប្រែងកសាងទឹកដីនេះឲ្យក្លាយទៅជានិមិត្តរូបនៃសន្តិភាព ក៏ដូចជាលើកតម្កើងតម្លៃសន្តិភាពផងដែរ។
ក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក ជួយសង្រ្គោះប្រទេសជាតិនោះ ទីកន្លែងជាច្រើននៅខេត្ត Quang Tri ដូចជា៖ Hien Luong-Ben Hai Vinh Moc Con Tien Doc Mieu ផ្លូវលេខ ៩ Khe Sanh Ta Con Cua Viet និងកំពែងបុរាណ បានចារឹកក្នុងប្រវត្តិសាស្ត្រប្រជាជាតិ។ កំពែង Quang Tri គឺមនុស្សជាច្រើនបានចងចាំដល់ កំពែង Quang Tri ជាមួយការប្រយុទ្ធគ្នាយ៉ាងកាចសាហាវដែលអូសបន្លាយអស់រយៈពេល ៨១ ថ្ងៃ និងយប់។ ចំនួនគ្រាប់បែកនិងគ្រាប់កាំភ្លើងសរុប ដែលចក្រប្រពត្តិអាមេរិកបានទម្លាក់ចុះទឹកដីកំពែងដែលមានទំហំ ៣ គីឡូម៉ែត្រការ៉េនេះ ក្នុងរយៈពេល ៨១ ថ្ងៃ និងយប់គឺស្មើនឹងកម្លាំងបំផ្លិចបំផ្លាញនៃគ្រាប់បែកបរមាណូចំនួន ៧ គ្រាប់ដែលចក្រពត្តិអាមេរិកបានទម្លាក់មកលើប្រទេសជប៉ុន។
លោក Nguyen Kham ពលរដ្ឋម្នាក់ ដែលមានអាយុ ៩៣ ឆ្នាំ នៅសង្កាត់ទី ២ ទីរួមខេត្ត Quang Tri ខេត្ត Quang Tri បានឲ្យដឹងថា៖ កម្លាំងបំផ្លិចបំផ្លាញរបស់គ្រាប់បែក និងគ្រាប់កាំភ្លើងនៅលើទឹកដីកំពែង Quang Tri បានឡើងដល់ ២០០ % ពោលគឺទៅណា មកណា ក៏ឃើញសភាពការបែកបាក់ខ្ទេចខ្ទី។ លោក Nguyen Kham មានចំណាប់អារម្មណ៍ថា នាបច្ចុប្បន្ននេះ ទីរួមខេត្ត Quang Tri មានផ្លូវថ្នល់អ៊ូអរ ក្រោមម្លប់ដើមឈើខឿវស្រងាត់ ដែលជាសក្ខីភាពពីតម្លៃដ៏ធំធេងនៃសន្តិភាព៖ “ការស្ដារសុខសន្តិភាពឡើងវិញ គឺជាក្ដីសុភមង្គលដ៏ធំធេងរបស់ប្រជាជាតិ ដែលប្រជាជនស្រឡាញ់សន្តិភាពបានយោគយល់ លើកតម្កើង និងគាំទ្រ។ ទោះបីជាចំនួនប្រជាជន នៅទីរួមខេត្ត Quang Tri មានចំនួនតិចតូច ប៉ុន្តែ ដោយមានឆន្ទៈ ប្រជាជនអាចកសាងទីក្រុងសន្តិភាព ក៏ដូចជាប្រែក្លាយទីរួមខេត្ត Quang Tri ឲ្យក្លាយទៅជាទឹកដីដ៏ពិសិដ្ឋ ដែលប្រទេសទាំងមូលស្រឡាញ់ ពិភពលោកស្គាល់ដល់ ហើយ កោតសរសើរផងដែរ” ។
លោក Nguyen Kham ពលរដ្ឋម្នាក់ ដែលមានអាយុ ៩៣ ឆ្នាំ នៅសង្កាត់ទី ២ ទីរួមខេត្ត Quang Tri ខេត្ត Quang Tri (រូបថត៖ VOV) |
ខេត្ត Quang Tri គឺជាទឹកដីដែលពោរពេញទៅដោយមនោសញ្ចេតនាចំពោះសមមិត្ត ជនរួមជាតិ យុទ្ធមិត្តនៅគ្រប់ទីកន្លែងនៃប្រទេសជាតិ និងមិត្តភក្តិអន្តរជាតិ។ ក្នុងកំឡុងពេលនៃសង្រ្គាម ខេត្ត Quang Tri គឺជាកន្លែងតែមួយគត់របស់បដិវត្តភាគខាងត្បូង ដែលមានទីស្នាក់ការរ ដ្ឋាភិបាល បណ្តោះអាសន្ននៃបដិវត្ត វៀតណាមខាងត្បូង បានទទួលស្វាគមន៍លោកប្រធានរដ្ឋគុយបា Phidel Castro និងឯកអគ្គរដ្ឋទូតចំនួន ៤៣ នាក់ មកពីទ្វីបចំនួន ៥ អញ្ជើញមកជូនសារតាំង បើកស្ថានទូត។ នេះគឺជាសញ្ញាសម្គាល់នៃសន្តិភាព និងមិត្តភាព។ លោក Hoang Phuoc Lam ប្រធានគណៈគ្រប់គ្រងមណ្ឌលកេរ្កិ៍ដំណែលទីស្នាក់ការរដ្ឋាភិបាលបដិវត្តជា បណ្តោះអាសន្ន នៃបដិវត្តសាធារណរដ្ឋវៀតណាមខាងត្បូងបានឲ្យដឹងថា៖ ទីស្នាក់ការរដ្ឋាភិបាលបណ្តោះអាសន្ននៃបដិវត្តវៀតណាមខាងត្បូងបានក្លាយទៅជាកេរ្កិ៍ដំណែលដ៏សំខាន់ ដែលជាសក្ខីភាពនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៖ “រដ្ឋាភិបាលបណ្ដោះអាសន្ននៃបដិវត្តវៀតណាមភាគខាងត្បូងជាមួយតួនាទី និងបេសកកម្មរបស់ខ្លួនបានតភ្ជាប់សាមគ្គីភាពប្រជាជាតិរវាងរណសិរ្ស អង្គការ និងកម្លាំងជាច្រើន និងទាញយកការជួយឧបត្ថម្ភរបស់បណ្ដាប្រទេស និងប្រជាជន ស្រឡាញ់សន្តិភាពនៅលើពិភពលោក ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន បង្កើតជាកម្លាំងទូទៅ ឆ្ពោះទៅរកការរំដោះភាគខាងត្បូងឯកភាពប្រទេសជាតិទាំងមូល”។
ដើម្បីលើកតម្កើងរាល់តម្លៃសន្តិភាពនោះ ខេត្ត Quang Tri បានកសាងគម្រោងមហោស្រព “ ដើម្បីសន្តិភាព” ដោយឆ្ពោះទៅរកការរៀងចំមហោស្រពមួយ ជាមួយសារដើម្បីសន្តិភាពនៅលើទឹកដី Quang Tri នៅឆ្នាំ ២០២២។ លោក Nguyen Dang Quang លេខា អចិន្ត្រៃយ៍រង នៃនៃគណៈកម្មាធិការបក្សខេត្ត Quang Tri បានឲ្យដឹងថា៖ មហោស្រព “ ដើម្បីសន្តិភាព” សំដៅលើកតម្កើងរាល់តម្លៃសន្តិភាព បញ្ជូនសារអំពីសន្តិភាពរបស់ប្រជាជនវៀតណាម និងបណ្ដាប្រជាជាតិ ដែលស្រឡាញ់សន្តិភាពនៅលើពិភពលោកទាំងមូល។ លោកបានឲ្យដឹងថា៖ “លោកនាយករដ្ឋមន្រ្តីបានយល់ព្រម ឲ្យ ខេត្ត Quang Tri រៀបចំពិធីបុណ្យ ដែលមានឈ្មោះថា “ដើម្បីសន្តិភាព” សំដៅបង្ហាញពីបំណងប្រាថ្នាដើម្បីសន្តិភាព។ យើងខ្ញុំគិតថា នេះមិនត្រឹមតែជាសកម្មភាពតបស្នងសងគុណប៉ុណ្ណោះទេ ថែមទាំងជួយបញ្ជូនសារថា ប្រជាជន ដែលស្រឡាញ់សន្តិភាពគួរតែអញ្ជើញចូលរួមមហោស្រពនេះរបស់ខេត្ត Quang Tri ដើម្បីពង្រីកសេចក្ដីស្រឡាញ់សន្តិភាព និង បំណងប្រាថ្នាថែរក្សាបរិយាកាសសុខសន្តិភាពផងដែរ”។
អញ្ជើញមកដល់ ខេត្ត Quang Tri មនុស្សម្នាក់ៗ នឹង យល់ដឹងយ៉ាងច្បាស់លាស់អំពីភាពសាហាវព្រៃផ្សៃនៃសង្រ្គាម ហើយកាន់តែយល់ច្បាស់តម្លៃសន្តិភាព ឯករាជ្យ សេរីភាព បូរណភាពទឹកដី។ ខេត្ត Quang Tri មិនត្រឹមតែជាឈ្មោះរបស់ខេត្តមួយប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជានិមិត្តរូបរួមរបស់ប្រទេសជាតិទាំងមូល មោទនភាពរួម អំពីអំឡុងពេលដ៏អង់អាចក្លាហាន ក៏ដូចជាបំណងប្រាថ្នាសុខសន្តិភាពរបស់ប្រជាជាតិវៀតណាមក្លាហានមោះមុតទៀតផង៕