ខេត្ត Quang Ninh កែលម្អផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - ដើម្បីជំរុញតម្រូវការទីផ្សារ ខេត្ត Quang Ninh កំពុងកសាង និងកែលំអផលិតផលទេសចរណ៍ជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរក្នុងរដូវទេសចរណ៍ឆ្នាំនេះ។ ផលិតផលទេសចរណ៍ទាំងនេះផ្តោតលើការទាញយកប្រៀបខ្លាំង អំពីលក្ខខ័ណ្ឌធម្មជាតិ និងវប្បធម៌របស់តំបន់នានា ដូចជាវប្បធម៌ និងពិធីបុណ្យ; ទេសចរណ៍អេកូឡូស៊ី កីឡាផ្សងព្រេង ទេសចរណ៍សម្រាកលំហែកាយលំដាប់ខ្ពស់។
ខេត្ត Quang Ninh កែលម្អផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ - ảnh 1ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៃកោះ Co To ។ (រូបថត៖ Lam Phan/Vietnam+)

ខេត្ត Quang Ninh ត្រូវបានប្រៀបប្រដូចជា "វៀតណាមតូចមួយ"។ ដែនសមុទ្រ និងកោះសមុទ្ររបស់ខេត្ត Quang Ninh គឺជាតំបន់សណ្ឋានដីដ៏វិសេសវិសាល ជាមួយនឹងកោះជាង ២ ពាន់ ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រ ប្រវែង ២៥០ គីឡូម៉ែត្រ។ ខេត្តមានធនធានទេសចរណ៍ដ៏វិសេសវិសាលលេចធ្លោបំផុតក្នុងប្រទេសទាំងមូល ជាមួយនឹងកេរ្កិ៍ដំណែល និងរមណីយដ្ឋានល្បីឈ្មោះជាច្រើន។

ក្រៅពីគោលដៅទេសចរណ៍ល្បីឈ្មោះដូចជា៖ ឈូងសមុទ្រ Ha Long, តំបន់រមនីយដ្ឋាន Yen Tu, តំបន់ទេសចរណ៍ Tra Co, កោះ Co To នាប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Quang Ninh ក៏ត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិចាត់ទុកថាជាគោលដៅដ៏ល្អអស្ចរ្យសម្រាប់ដំណើរកម្សានលំហែកាយលំដាប់ខ្ពស់ជាមួយនឹងសេវាកម្មលំដាប់ពិភពលោកនៅតាម Resort ដូចជា៖ Legacy Yen Tu, Vinpearl Resort & Spa Ha Long, FLC Halong Bay Golf Club & Luxury Resort, YOKO ONSEN Quang Hanh។ លោក Le Trong Thanh អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Tung Lam ដែលជាអង្គភាពប្រតិបត្តិ Legacy Yen Tu បានឲ្យដឹងថា៖ “យើងខ្ញុំសប្បាយរីករាយណាស់ នៅពេលបានទទួលស្វាគមន៍ភ្ញៀវទេសចរមកពីឥណ្ឌា ចិន អឺរ៉ុប និងទ្វីបអាមេរិក មកសម្រាកលំហែកាយនៅទីនេះ។ ប្រការនេះបានសរឲ្យឃើញថា សេវាកម្មរបស់ Yen Tu បានបំពេញតម្រូវការជាមូលដ្ឋានរបស់ភ្ញៀវទេសចរហើយ។ យើងខ្ញុំកំពុងរំពឹងទៅលើបរិមាណភ្ញៀវអន្តរជាតិ ដែលបានចំណាយប្រាក់ច្រើន និងស្នាក់នៅច្រើនថ្ងៃមកពីអាស៊ីប៉ែកឦសាន ដូចជាជប៉ុន និងតៃវ៉ាន់ (ចិន) ហើយកំពុងបង្កើតកញ្ចប់ផលិតផលថ្មី ដើម្បីឧទ្ទេសនាមនៅតាមពិព័រណ៍ទេសចរណ៍អន្តរជាតិផងដែរ”។

Quang Ninh ក៏ជាតំបន់ដីដែលត្រូវបានគេស្គាល់ដល់ជាមួយខឿនវប្បធម៌ដ៏វិសេសវិសាល និងពិធីបុណ្យជាច្រើន ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនីមួយៗនឹងនាំមកនូវបទពិសោធន៍ដាច់ដោយឡែកដល់អ្នកចូលរួម ដូចជា៖ ពិធីបុណ្យ Yen Tu; បុណ្យវត្ត Ba Vang; ពិធីបុណ្យប្រាសាទ Cua Ong; ពិធីបុណ្យផ្កាសាគូរ៉ា Quang Ninh; ពិធីបុណ្យផ្កា So នៅស្រុក Binh Lieu។ អ្នកស្រី Trinh Thi Thanh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញ បានចែករំលែកថា៖ “ខ្ញុំពិតជាភ្នាក់ផ្អើលណាស់ នៅពេលទៅទស្សនា Binh Lieu។ នេះក៏ជាលើកដំបូងហើយ ដែលខ្ញុំបានស្គាល់ផ្កា So ជាមួយត្រកបផ្កាពណ៌ស កេសរពណ៌លឿងដ៏ស្រស់បំព្រងនៅកណ្ដាលព្រៃដ៏ធំទូលាយ។ នេះគឺជាតំបន់ដ៏ ដែលមានជនជាតិភាគតិចរស់នៅច្រើន ហើយមានលក្ខណៈវប្បធម៌ជាច្រើន។ ខ្ញុំគិតថា តំបន់ដី Binh Lieu នឹងកាន់តែទាក់ទាញភ្ញៀវទេសចរ និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ខេត្ត Quang Ninh កែលម្អផលិតផលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ - ảnh 2ការសម្តែងសិល្បៈនៅ Carnaval Ha Long ២០២២។ រូបថតឯកសារ៖ Thanh Van/VNA

ខេត្ត Quang Ninh បានដាក់ចេញគោលដៅទទួលភ្ញៀវទេសចរចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២ លាននាក់។ ដើម្បីអនុវត្តន៍គោលដៅនេះចាប់តាំងពីពេលវៀតណាមបើកសកម្មភាពទទួលភ្ញៀវទេសចរមក ខេត្ត Quang Ninh បានអនុវត្តន៍សកម្មភាពជាច្រើន ដើម្បីក្លាយទៅជាគោលដៅដ៏ទាក់ទាញទាំង ៤ រដូវ ក្នុងឆ្នាំជាមួយការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីដូចជា៖ មហោស្រពអាវផាយ Yen Tu ទៅកាន់ទឹកដីព្រះពុទ្ធសរទរដូវ - ឧទ្ទិសស្ដេចសង្ឃ Tran Nhan Tong  Carnival រដួវរងារ។ បរិយាកាសទេសចរណ៍របស់ខេត្ត Quang Ninh ក៏ត្រូវបានពង្រីកជាមួយនឹងការបង្កើនការតភ្ជាប់តំបន់ តភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ដ៏សំខាន់ៗរបស់ខេត្ត ផ្ជាប់ជាមួយផលិតផលដ៏វិសេសវិសាល និងលេចធ្លោរបស់តំបន់នីមួយៗ។ ទន្ទឹមនឹងនោះ ទេសចរណ៍ខេត្ត Quang Ninh បន្តពង្រីកតួនាទីម្ចាស់ការក្នុងការបង្កើតការតភ្ជាប់ជាមួយតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសជាតិទាំងមូល ក៏ដូចជាពង្រីកការស្វែងរកទីផ្សារបរទេស។ ជាមួយនឹងសកម្មភាពទាំងនេះ ក្នុងរយៈពេលដ៏ខ្លី ទេសចរណ៍ខេត្ត Quang Ninh បានស្ដារឡើងវិញគួរឲ្យកត់សម្គាល់ជាមួយបរិមាណភ្ញៀវកើនឡើងខ្ពស់។ លោក Trinh Dang Thanh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងខ្ញុំបានអញ្ជើញឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសដែលមានបរិមាណភ្ញៀវទេសចរមកខេត្ត Quang Ninh ច្រើន ដូចជា៖ ចិន កូរ៉េខាង និងជប៉ុន; ដៃគូដែលបានបញ្ជូនភ្ញៀវមកកាន់ខេត្ត Quang Ninh ដូចជាសហគ្រាសនៅតាមទីក្រុងធំៗដូចជា៖ ទីក្រុងហាណូយ ទីក្រុងហូជីមិញ និង Da Nang ក៏ដូចជាអញ្ជើញសហគ្រាសធំៗមកពិភាក្សា។ ខេត្ត Quang Ninh បានផ្ទៀងស្ដាប់មតិយោបល់រួមចំណែកជាក់ស្ដែង និងទទួលមតិយោបល់ទាំងនេះ ដើម្បីកែសម្រួលការងារដឹកនាំ និងអាជីវកម្មប្រចាំថ្ងៃនៅខេត្ត Quang Ninh ផងដែរ”។

ការកែសម្រួលផលិតផលទេសចរណ៍ បង្កើនការតភ្ជាប់តំបន់ ពង្រីកការស្វែងរកទីផ្សារបរទេស បាន និងកំពុងជួយខេត្ត Quang Ninh ទាញយកប្រៀបខ្លាំង តម្លៃលេចធ្លោអំពីទេសភាពធម្មជាតិ តម្លៃវប្បធម៌ ប្រវត្តិសាស្ត្ររបស់ខេត្ត ឆ្ពោះទៅពាណិជ្ជសញ្ញាទេសចរណ៍ Quang Ninh នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ