ឃុំ Ban Lien - គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍

(VOVWORLD) - ស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមស្រុក Bac Ha (ស្រុក Bac Ha ខេត្ត Lao Cai) ឃុំ Ban Lien ជាឃុំមួយ ដែលប្រជាជនភាគច្រើនជាជនជាតិ Tay នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដើមនៃតំបន់ភាគពាយ័ព្យ។ នេះជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់តំបន់ខ្ពង់ រាបពណ៌ស Bac Ha។

ឃុំ Ban Lien - គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍ - ảnh 1ស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមស្រុក Bac Ha (ស្រុក Bac Ha ខេត្ត Lao Cai) ឃុំ Ban Lien ជាឃុំមួយ ដែលប្រជាជនភាគច្រើនជាជនជាតិ Tay នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដើមនៃតំបន់ភាគពាយ័ព្យ។ (រូបថត៖ toquoc.vn)

ផ្ទះឈើផុតពីដីដែលដំបូលគ្របដណ្ដប់ដោយស្លែពណ៌បៃតង ទួលភ្នំដាំតែដែលលាក់ខ្លួនក្រោមដើមស្លាកន្ទុយកំប្រុកកម្ពស់ជាងដប់ម៉ែត្រ វាលស្រែកាំជណ្ដើរសម្បូរជីជាតិតាមផ្លូវឃុំ ផ្ទះឈើប្រក់ស្លឹកចាក... ហើយជាពិសេស ប្រជាជននៅឃុំ Ban Lien នៅតែរក្សាដដែលអត្តសញ្ញាណប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។ យោងតាមលោក Bui Van Vinh ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Bac Ha ខេត្ត Lao Cai ឲ្យដឹងថា ក្រៅពីការទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋាននៅទីរួមស្រុក Bac Ha នោះ ភ្ញៀវទេសចរមិនគួររំលងដំណើរកំសាន្តទៅកាន់ ឃុំ Ban Lien ដើម្បីស្វែងយល់បន្ថែមអំពីជនជាតិ Tay បុរាណនោះឡើយ៖

“អ្នកណាដែលចង់ស្វែងយល់អំពីប្រភពដើមរបស់ជនជាតិ Tay គួរតែមកដល់ឃុំ Ban Lien ។ ពួកគេហូបចុក រស់នៅ និងធ្វើដំណើរ សុទ្ធតែស្លៀកសម្លៀកបំពាក់ប្រពៃណី។ ដូច្នេះហើយ ភ្ញៀវទេសចរនៅពេលមកដល់ ឃុំ Ban Lien នឹងមើលឃើញភាពសាមញ្ញ សភាពដើម និងអត្តសញ្ញាណប្រចាំស្រុករបស់ជនជាតិមួយនៅ Bac Ha”។

នៅឃុំ Ban Lien មនុស្សគ្រប់រូបសុទ្ធតែមានមនសិការថែរក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួន។ ក្នុងការងារប្រចាំថ្ងៃ មនុស្សគ្រប់រូប សុទ្ធតែប្រើសំលៀកបំពាក់ប្រពៃណី និងនិយាយភាសាជនជាតិរបស់ខ្លួន ដូចជាមោទនភាពចំពោះប្រភពដើមអញ្ចឹង។ លោក Vang A Su អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ban Lien បានឲ្យដឹងថា៖

“សំលៀកបំពាក់របស់ជនជាតិ Tay នៅឃុំ Ban Lien គឺមិនអាចខ្វះបានឡើយ។ តាំងពីបុរាណកាលមក តាំងពីជំនាន់ដូនតារហូតមកដល់បច្ចុប្បន្ន កុមារតាំងពីនៅតូចហូតដល់ពេញវ័យ នៅតែស្លៀកសំលៀកបំពាក់ជនជាតិ Tay ប្រពៃណីហើយនិយាយភាសា Tay ធម្មតា”។

ឃុំ Ban Lien - គោលដៅទេសចរណ៍គួរឱ្យចាប់អារម្មណ៍ - ảnh 2បណ្ដាផ្ទះដំបូលប្រក់ស្លឹកចាកប្រពៃណីរបស់ប្រជាជនឃុំ Ban Lien។ (រូបថត៖ VOV4)

បណ្ដាផ្ទះដំបូលប្រក់ស្លឹកចាក ស្ថិតនៅចន្លោះវាលស្រែកាំជណ្ដើរ លាយឡំជាមួយនឹងដើមចាក បង្កើតឡើងការរំលេចគួរឱ្យចាប់អារម្មណ៍និងប្លែកពីគេ ដែលជាផ្ទាំងគំនូរធម្មជាតិដ៏ពិសេសដោយឡែកនៃតំបន់ភ្នំ Bac Ha។ លោក Dang Hung Cuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ban Lien បានឲ្យដឹងថា៖

“ប្រជាជននៅឃុំ Ban Lien មានភាពកក់ក្តៅ និងរួសរាយរាក់ទាក់ ជាពិសេសអេកូទេសចរណ៍ នៅតែរក្សាបាននូវចរិតលក្ខណៈរហោស្ថាន ទេសភាពត្រូវបានធម្មជាតិប្រទានពរជាច្រើន។ ផ្ទៃដីព្រៃបច្ចុប្បន្នមានជាង ៣០០០ ហិកតា អត្រាគម្របព្រៃឈើមានជាង ៥២% ជាឃុំមួយក្នុងចំណោមឃុំដែលមានផ្ទៃដីព្រៃធំជាងគេក្នុងស្រុក Bac Ha។ ជាពិសេសប្រព័ន្ធវាលស្រែកាំជណ្ដើរក៏ត្រូវបានគេចាត់ទុកថាស្រស់ស្អាតបំផុតផងដែរ”។

មកដល់ឃុំ Ban Lien ភ្ញៀវទេសចរណ៍ក៏អាចស្វែងយល់ពីផ្សារឃុំ Ban Lien ជារៀងរាល់ថ្ងៃព្រហស្បតិ៍។ ផ្សារឃុំ Ban Lien គឺជាកន្លែងប្រមូលផ្តុំនៃពណ៌វប្បធម៌របស់ជនជាតិ Tay, Mong, Dao នៅឃុំ Ban Lien និងឃុំជិតខាងដូចជា៖ Nam Luc, Nam Khanh និង Coc Lau...ភ្ញៀវទេសចរណ៍អាចសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ដ៏វិសេសវិសាលរបស់អ្នកស្រុក។ នៅទីនេះ ក្រៅពីតម្រូវការលក់ដូរ និងផ្លាស់ប្តូរទំនិញ ផ្សារក៏ជាបរិយាកាសវប្បធម៌ដ៏ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រផងដែរ។ នៅផ្សារ ក៏មានលក់ផលិតផលប្រពៃណីជាច្រើនរបស់ប្រជាជនក្នុងស្រុក មុខម្ហូបជាច្រើនដែលបង្កប់នូវលក្ខណៈវប្បធម៌ជនជាតិ Tay ដូចជា៖ បាយក្រឡាន បង្អែម ត្រីទឹកជ្រោះ មាន់ស្រែ ដំឡូងមី ផងដែរ។

ក្នុងនោះ ផលិតផលដែលមិនអាចខ្វះបានគឺតែ ជាទំនិញមួយមុខដែលបានបង្កើតម៉ាកយីហោពិសេសនៃតំបន់ភ្នំ ឃុំ Ban Lien។ អ្នកស្រី Lam Thi Nghi ប្រជាពលរដ្ឋនៅឃុំ Ban Lien បានឲ្យដឹងថា៖

“ក្នុងខែកុម្ភៈ និងខែមីនា តែដែលបានប្រមូលក្នុងរយៈពេលនេះ មានពន្លកច្រើន និងគុណភាពល្អ។ យើងខ្ញុំធ្វើដោយដៃទាំងស្រុង មិនប្រើម៉ាស៊ីនទេ។ រើសបានតែ ១០ គីឡូក្រាម ពេញមួយថ្ងៃប៉ុណ្ណោះ”។

ភាពស្រស់ស្អាតដ៏រូម៉ែនទីកនៃព្រៃឈើ វាលស្រែកាំជណ្ដើរ ផ្ទះឈើសាមញ្ញៗ ភាពរួសរាយរាក់ទាក់របស់ប្រជាជន... បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងដួងចិត្តរបស់ភ្ញៀវគ្រប់រូបនៅពេលមកដល់ Ban Lien ម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ