តែ Shan Tuyet នៅឃុំ Suoi Giang- ក្លិនក្រអូបស្រស់ស្រាយពាសពេញតំបន់ព្រៃភ្នំភាគពាយព្យ
(VOVWORLD) - Suoi Giang ជាឃុំព្រៃភ្នំមួយនៃស្រុក Van Chan ខេត្តYen Bai។ មានទីតាំងស្ថិតនៅរយៈកំពស់ជិត ១.៤០០ ម៉ែត្រ Suoi Giang ត្រូវបានគេប្រដូចទៅនឹងទីរួមស្រុក Sa Pa នៃខេត្ត Lao Cai ឬ ទីក្រុង Da Lat នៃខេត្ត Lam Dong ដោយសារអាកាសធាតុត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។ ឥឡូវនេះ អ្នកទេសចរមិនត្រឹមតែមកសម្រាកលំហែកាយនៅ Suoi Giang ប៉ុណ្ណោះទេ ថែមទាំងមករីក រាយនឹងតែពិសេសដែលមានឈ្មោះថា Shan Tuyet ដែលបានផលិតចេញពីដើម តែបុរាណមានអាយុកាលរាប់រយឆ្នាំទៀតផង។
តែ Shan Tuyet រស់នៅតំបន់ព្រៃភ្នំ ហើយដើមតែខ្លះមានអាយុកាលជាង ១០០ ឆ្នាំ |
តំបន់តែ Shan Tuyet នៅឃុំ Suoi Giang មានផ្ទៃដីជាង ៣៩០ ហិកតា ដោយមានដើមតែជាង ៤ ម៉ឺនដើម ដែលមានអាយុកាលលើសពី ១០០ ទៅ ៣០០ ឆ្នាំ ក្នុងនោះមានតំបន់ តែមួយដ៏ធំល្វឹងល្វើយ ត្រូវបានរដ្ឋទទួលស្គាល់ថាជា ដើមតែបេតិក ភណ្ឌរបស់វៀតណាម។ ។ លោក Mua A Pao ជនមួយរូបនៅឃុំ Suoi Giang បានចែករំលែកថាៈ ឈ្មោះថា Shan Tuyet ព្រោះថា តែនេះបានដុះតាមធម្មជាតិនៅលើភ្នំខ្ពស់ និងលូតលាស់ដោយកម្លាំងរបស់ផែនដីនិងមេឃ បានជាត្រួយនិងស្លឹកតែធំណាស់ មានពណ៌បៃតងខ្មៅងងឹត ហើយនៅលើស្លឹក ត្រូវបានរុំព័ទ្ធដោយរោមមួយស្រទាប់ស្តើងដែលមានពណ៌សដូចជាព្រិល។ ហេតុដូច្នេះ តែត្រូវបានគេហៅថា Shan Tuyet (មានន័យថា តែត្រូវបានក្របយកព្រិលលើព្រៃភ្នំ)។
“ដើមតែធំស្ថិតនៅខាងក្រៅមានអាយុតិចជាង ១០០ ឆ្នាំ ប៉ុណ្ណោះ ហើយដើមតែចំណាស់មានអាយុកាលរាប់ រយឆ្នាំត្រូវស្ថិតនៅជ្រៅក្នុងព្រៃ។ ប្រសិនបើ អ្នកទេសចរចង់ទៅមើលផ្ទាល់ដើមតែចំណាស់ ត្រូវតែចូលទៅក្នុងព្រៃជ្រៅ អាចនឹងបានគយគន់ដើមតែអាយុកាលរាប់រយឆ្នាំ។ ដើមតែនៅទីនេះត្រូវបានបែងចែកក្នុងចំណោមគ្រួសារនីមួយៗ មានន័យថា គ្រួសារនីមួយៗរ៉ាប់រងដើមតែពី ២០ ដល់ទៅ ៣០ ដើម សម្រាប់ថែទាំនិងប្រមូលផលផង”។ នេះបើយោងតាមប្រសាសន៍របស់លោក Mua A Pao។
មកដល់ Suoi Giang អ្នកទេសចរពិតណាស់ថានឹងមានការភ្ញាក់ផ្អើលជាពុំខាន ដោយឃើញដើមតែ Shan Tuyet ចំណាស់។ ទន្ទឹមនឹងការគយគន់នូវទេសភាពដ៏ស្រស់បំព្រងនៃភ្នំ និងចាប់អារម្មណ៍ពីជីវភាពរស់នៅដ៏សុខសាន្តរបស់ជនជាតិភាគតិចនៅទីនេះ អ្នកទេសចរនឹងរីករាយជាមួយនឹងពែងតែដែលឆុងពីត្រួយតែ បេះពីដើមតែមានអាយុកាលរាប់រយឆ្នាំ។ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ឃុំ Suoi Giang នៅតែរក្សាកំណត់ហេតុរបស់លោក K.M. Djemmukhatze នៃវិទ្យាស្ថានជីវ -គីមី A - Ba – Cu នៃបបណ្ឌិត្យសភា វិទ្យាសាស្ត្រសូវៀត ពេលមកស្រាវជ្រាវនៅឃុំ Suoi Giang កាលពីទសវត្សឆ្នាំ ១៩៦០ នៃសតវត្សរ៍ទី ២០៖ “ខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ១២០ នៅលើពិភពលោក ដែលដាំដើមតែ ប៉ុន្តែខ្ញុំមិនដែលឃើញកន្លែងណាដែលមានដើមតែ មានអាយុច្រើនឆ្នាំដូចជានៅ Suoi Giang នោះឡើយ ទំនងជា កន្លែងនេះជាប្រភពតែមែនទេ? តែនៅទីនេះមានលក្ខណៈវិសេសវិសាលណាស់ នៅក្នុងចានតែ តែមួយ ប៉ុន្តែ មានរស់ជាតិតែឆ្ងាញ់ទាំង ១៨ លើពិភពលោកទៀតផង”។
តែ Shan Tuyet |
ដើមតែ Shan Tuyet គឺធន់នឹងអាកាសធាតុនៅតំបន់ព្រៃភ្នំនេះ ហេតុដូច្នេះដើម តែលូតលាស់ល្អណាស់ ហើយប្រជាជនជន ជាតិ Mong មិនដែលដាក់ជីជាតិឬបាញ់ថ្នាំសំលាប់សត្វល្អិតឡើយ។ លោក Vang A Tung នៅភូមិ Pang Cang បានឲ្យដឹងថា៖ "ការប្រមូលផលនិងកែច្នៃតែនៅ តែពឹងផ្អែកទាំងស្រុងលើវិធីសាស្ត្រប្រពៃណី ធ្វើដោយដៃរបស់ជនជាតិ Mong។ បន្ទាប់ពីបានបះស្លឹកតែរួចមក បើចង់ឲ្យដើមតែ លូតលាស់វិញ យើងត្រូវកាត់ស្លឹកចាស់ៗចេញ ក៏ដូចជា ដកស្មៅព្រៃចេញ។ តែនេះគឺមិនត្រូវប្រើជីជាតិនិងមិនប្រើថ្នាំសម្លាប់សត្វល្អិតទេ ស្រូវយកតែខ្យល់អាកាសបរិសុទ្ធ ដូច្នេះតែស្អាតណាស់”។
ក្នុង១ឆ្នាំ គឺប្រមូលផលតែ Shan Tuyet បានបីរដូវ ហើយរដូវចុងក្រោយគឺនៅខែសីហាដល់ខែកញ្ញាតាមច័ន្ទគតិ។ ចំទៅរដូវប្រមូលផលតែ ភូមិទាំងអស់នៅ Suoi Giang ពាសពេញដោយក្លិនក្រអូបឈ្ងុយឆ្ងាញ់។ តែត្រូវបានបេះ នឹងលីងដោយបទពិសោធន៍និងបាតដៃប៉ិនប្រសពរបស់ប្រជាជនជនជាតិ Mong។ នៅពេលលីង ត្រូវជ្រើសរើសឡើងវិញ ត្រួយតែកុំចាស់ពេក និងមិនត្រូវដង្កូវស៊ី បន្ទាប់មកលីងក្នុងខ្ទះដែកស្មិត។ អុសប្រើសម្រាប់លីងតែត្រូវតែស្ងួតនិងឆេះខ្លាំង។ ភ្លើងលីងតែត្រូវតែរក្សាឱ្យស្មើ ហើយ ពេលលីងត្រូវប្រើ ដៃផង។
ដើម្បីឆុងតែ Shan Tuyet គឺត្រូវប្រើទឹកហូមកពីភ្នំ ទើបតែមានរសជាតិឆ្ងាញ់និងមានពណ៌ស្រស់។ ទឹកពុះខ្លាំង លាងចេញម្តង បន្ទាប់មកចាកទឹកពេញ បិទគំរបចំាពីរបីនាទី ទើបពិសារភ្លក់រស់ជាតិ ដែលបង្កប់ទាំងរស់ជាតិធម្មជាតិព្រៃភ្នំ។
លោក Sung A Nu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Suoi Giang បានឲ្យដឹងថា៖ ឃុំ Suoi Giang បានបង្កើតសហករណ៍ផលិតតែសរីរាង្គ ដោយមាន ១៨ ក្រុម និងមានគ្រួសារដាំតែជាង ៤០០ ដែរ។ ហេតុដូច្នេះ ផលិតផលតែបច្ចុប្បន្នត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ហើយផលិតផលត្រួយតែស្រស់គឺមានគុណភាពខ្ពស់ណាស់។ លោក Sung A Nu បានឲ្យដឹងថែមទៀតថា៖ “ការកសាងបានម៉ាកយីហោតែ Suoi Giang ពិតប្រាកដថា ផលិតផលតែ Suoi Giang នឹងលក់បានតម្លៃខ្ពស់ដែរ ហើយមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងប្រាក់ចំណូលរបស់អ្នកភូមិក៏មានស្ថេរភាពជាងមុន។ តែ Shan Tuyet Suoi Giang ជីគឺជាដើមឈើមុខព្រួញសម្រាប់កាត់បន្ថយភាពក្រីក្រនិងនាំមកនូវផលប្រយោជន៍ផ្ទាល់ជូនប្រជាជន”។
ពីចំការតែ ពីព្រៃព្រឹក្សាដ៏អស្ចារ្យ ជាទីមនោរម្យ ទៅដល់ប្រជាជនកក់ក្តៅរួសរាយរាក់ទាក់ រួមទាំងពែងតែក្រអូបឈ្ងុយឆ្ងាញ់ នឹងធ្វើឱ្យអ្នកស្រលាញ់និងចាប់អារម្មណ៍ពិសេស ហើយចងចាំជានិច្ចទឹកដី Suoi GIang ជាក់ជាពុំខាន៕