(VOVWORLD) - Pu Ta Leng ត្រូវបានគេចាត់ទុកថា ជាកំពូលភ្នំដែល “មិនគួររំលង” សម្រាប់ដំណើរ trekking នៅខេត្ត Lai Chau ជាពិសេសសម្រាប់ trekker អាជីព និងអ្នកស្រឡាញ់ការធ្វើដំណើរផ្សងព្រេង។
គយគន់សមុទ្រពពកពីកំពូលភ្នំ Pu Ta Leng។ (រូបថត៖ VOV) |
កំពូលភ្នំ Pu Ta Leng នៅលើជួរភ្នំ Hoang Lien Son ស្ថិតនៅក្នុងឃុំ Ho Thau ស្រុក Tam Duong ខេត្ត Lai Chau ត្រូវបានគេស្គាល់ថា ជាកំពូលភ្នំមួយក្នុងចំណោមកំពូលភ្នំដ៏ស្រស់ស្អាតបំផុតទាំង ១០ សម្រាប់ដំណើរឡើងភ្នំ (trekking) នៅប្រទេសវៀតណាម។ ដោយមានកម្ពស់ជាង ៣០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ កំពូលភ្នំ Pu Ta Leng បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើន និងក្រុមអ្នកធ្វើដំណើរផ្សងព្រេងផងដែរ។
Pu Ta Leng ស្ថិតក្នុងឃុំ Ta Leng ស្រុក Tam Duong ខេត្ត Lai Chau ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគឦសានទីក្រុង Lai Chau។
Pu Ta Leng ត្រូវបានគេចាត់ទុកថា ជាកំពូលភ្នំដែល “មិនគួររំលង” សម្រាប់ដំណើរ trekking នៅខេត្ត Lai Chau ជាពិសេសសម្រាប់ trekker អាជីព និងអ្នកស្រឡាញ់ការធ្វើដំណើរផ្សងព្រេង។
ទីកន្លែងនេះកាន់តែស្រស់បំព្រងថែមទៀត នៅពេលដែលពណ៌បៃតងនៃព្រៃស្រោងត្រូវបានរំលេចដោយព្រៃផ្ការ៉ូដូដេនដ្រូនដែលកំពុងរីកស្គុះស្គាយ។ ក្នុងខែមីនា ជារៀងរាល់ឆ្នាំ ក្រុមអ្នកទេសចរមកពីគ្រប់ទិសទីលើទូទាំងប្រទេសតែងតែមកដល់ Pu Ta Leng ជាមួយនឹងបំណងប្រាថ្នាចង់រកឃើញការជំនះរបស់ខ្លួនឯងផង ព្រមទាំងបានគយគន់ភាពស្រស់ស្អាតនៃប្រភេទផ្កាដែលត្រូវបានគេប្រសិទ្ធិនាមថា ជា “ផ្កាមហាក្សត្រីនៃព្រៃភ្នំភាគពាយព្យ" ផងដែរ។
ភាពស្រស់ស្អាតនៃប្រភេទផ្កាដែលត្រូវបានគេប្រសិទ្ធិនាមថា ជា “ផ្កាមហាក្សត្រីនៃព្រៃភ្នំភាគពាយព្យ"។ (រូបថត៖ VOV) |
មានផ្ការ៉ូដូដេនដ្រូន ប្រហែល ៣០ ប្រភេទដែលដុះរាយប៉ាយពាសពេញព្រៃនៅភាគពាយព្យ ប៉ុន្តែ Pu Ta Leng មានភាពល្បីល្បាញជាងគេជាមួយនឹងផ្ការ៉ូដូដេនដ្រូនពណ៌ស្វាយលាយនឹងពណ៌ផ្កាឈូក។ ដើមរ៉ូដូដេនដ្រូន អាចមានកំពស់រហូតដល់ទៅ ៧ ម៉ែត្រ ដោយលូតលាស់ឡើងចេញពីព្រៃក្រាស់ ដើម្បីចាប់ខ្យល់ និងពន្លឺថ្ងៃ។ អ្នកស្រី Nguyen Thi Thuy ភ្ញៀវទេសចរមកពីខេត្ត Bac Giang បានឲ្យដឹងថា៖
“ផ្លូវឡើងភ្នំនៅទីនេះពិបាកធ្វើដំណើរបន្តិច ហើយផ្លូវក៏វែងដែរ ប៉ុន្តែខ្ញុំចូលចិត្តអារម្មណ៍ជំនះឲ្យបាន។ រដូវផ្ការ៉ូដូដេនដ្រូន អ្នករាល់គ្នាគួរមកទីនេះ ហើយគយគន់ផ្ការ៉ូដូដេនដ្រូន ពិតជាស្រស់ស្អាតខ្លាំងណាស់”។
ប្រសិនបើចង់ឡើងដល់កំពូលភ្នំ Pu Ta Leng ដើម្បីគយគន់ផ្កា ភ្ញៀវទេសចរត្រូវឆ្លងកាត់ព្រៃស្រោងដោយមានដើមឈើអាយុរាប់រយឆ្នាំ ប្រឈមមុខនឹងការសាកល្បងដែលជាផ្លូវថ្មដ៏រដិបរដុបនៅតាមជម្រាលភ្នំ។ លោក Bui Trung Kien ជាភ្ញៀវទេសចរពីទីក្រុងហាណូយបានចែករំលែកថា៖ ត្រូវចំណាយពេលឡើងភ្នំជិត ១ ថ្ងៃទើបទៅដល់កន្លែងគយគន់ផ្កា។ ព្រៃផ្ការ៉ូដូដេនដ្រូនចម្រុះពណ៌ ហាក់ដូចជានាំអ្នកទស្សនាចូលទៅក្នុងពិភពទេពអប្សរនិងទឹកដីអច្ឆរិយៈមួយ។
“ខ្ញុំបានឡើងដល់កំពូលភ្នំ Pu Ta Leng ដោយជោគជ័យហើយ។ ខ្ញុំចេញពីទិសឃុំ Ta Leng ហើយឡើងនិងចុះតាមទិសភូមិ Si Thau Chai ឃុំ Ho Thau។ ទេសភាពនៅទីនេះស្រស់បំព្រងណាស់។ ព្រៃស្រោងនិងផ្ការ៉ូដូដេនដ្រូនពិតជា អស្ចារ្យបំផុត”។
ព្រៃភ្នំ Pu Ta Leng ជាកន្លែងដែលមានអាកាសធាតុមិនអំណោយផល គ្របដណ្តប់ដោយពពកស្ទើរតែពេញមួយឆ្នាំ ប៉ុន្តែ Pu Ta Leng ទាក់ទាញសំណាក់ trekker ដោយព្រៃផ្ការ៉ូដូដេនដ្រូន កម្រាលរុក្ខជាតិជាមួយនឹងផ្កាព្រៃរាប់រយប្រភេទ និងជ្រោះទឹកដ៏រ៉ូមេនទិកហូរឆ្លងកាត់ព្រៃឈើធំល្វឹងល្វើយ។ លើសពីនេះ ចាប់ពីខែតុលា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ ព្រៃស្រោងនេះ ត្រូវបានគ្របដណ្ដបដោយពណ៌ក្រហមដ៏ត្រចះត្រចង់នៃស្លឹកមេផល (maple) ទៀតផង។ លោក Hoang Quoc Viet នៃក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មនិងទេសចរណ៍ PU Lai Chau ដែលជាប្រតិបត្តិករនៃដំណើរកម្សាន្តឡើងកំពូលភ្នំ Pu Ta Leng បានឲ្យដឹងថា៖
“នៅក្នុងដំណើរទេសចរណ៍ឡើងភ្នំ មានបទពិសោធន៍ជាច្រើនដែលអ្នកទេសចរអាចទទួលបាន ដែលជាបទពិសោធន៍នៃការជំនះលើខ្លួនឯង និងស្វែងយល់ពីអ្វីៗដែលស្ថិតជ្រៅក្នុងចិត្ត។ មានតែការឡើងភ្នំប៉ុណ្ណោះ ទើបយើងម្នាក់ៗអាចដឹងពីសមត្ថភាព និងដែនកំណត់របស់ខ្លួនឯង។ ទីពីរ វាក៏ជួយយើងឱ្យត្រឡប់ទៅធម្មជាតិវិញ ការពារធម្មជាតិ និង "លង់អារម្មណ៍ក្នុងព្រៃ" ដើម្បីសាកពិសោធន៍ការព្យាបាលដោយធម្មជាតិ”។
មកដល់ Pu Ta Leng ហើយគយគន់ព្រៃផ្ការ៉ូដូដេនដុនរីកស្គុះស្គាយ កម្រាលរុក្ខជាតិជាមួយនឹងផ្កាចម្រុះពណ៌រាប់រយប្រភេទនៃព្រៃស្រោង និងខ្សែទឹករ៉ូមែនទិកនោះ អ្នករាល់គ្នានឹងមានអារម្មណ៍សោមនស្សរីករាយនិងរំភើប ហាក់ដូចជាត្រូវបានបំពេញដោយថាមពលវិជ្ជមានក្នុងជីវិតអញ្ចឹង៕