ទឹកដី Quan Ba និងរឿងព្រេងភ្នំភ្លោះ

(VOVWORLD) - Quan Ba ជាស្រុកព្រៃភ្នំមួយនៅតំបន់ព្រំដែនប៉ែកខាងជើងនៃខេត្ត Ha Giang ដែលជាច្រកទ្វារចូលក្នុងឧទ្យានភូគព្ភសាស្ត្រសកលលោកខ្ពង់រាបថ្ម Dong Van។ ផ្លូវរដិបរដុបក្រវិចក្រវក់ព័ទ្ធជុំវិញព្រៃភ្នំធំជង្រឹងបានបង្កើតឡើងទេសភាពដ៏ស្អាត អស្ចារ្យនៃទឹកដី Quan Ba នោះ។ ពិសេសគឺ ពេលមកដល់ Quan Ba ម្ដងៗ ភ្ញៀវ ទេសចរតែងតែមានអារម្មណ៍ស្រឡាំងកាំងចំពោះរមណីយដ្ឋាន ភ្នំភ្លោះ ដែល បានផ្សាភ្ជាប់នឹងរឿងព្រេងបុរាណគួរឲ្យទាក់ទាញរបស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ។
ទឹកដី Quan Ba និងរឿងព្រេងភ្នំភ្លោះ - ảnh 1 ភ្នំភ្លោះនៅស្រុក Quan Ba

ស្រុក Quan Ba ស្ថិតនៅក្នុងចន្លោះជ្រលង់ភ្នំដ៏ស្អាតពណ៌បៃតង ដែលបានព័ទ្ធ ជុំវិញដោយជួរភ្នំថ្មមានកំពស់ពី១ពាន់ដល់១ពាន់៦រយម៉ែត្រពីនីវូទឹកសមុទ្រ។ រដ្ឋធានីនៃស្រុក Quan Ba ជាទីរួមស្រុក Tam Son ហើយស្រុកនេះជាកន្លែងរស់ នៅរបស់ជនជាតិចំនួន១៦ ក្នុងនោះជនជាតិ Mong ស្រូបយក៦០% ជនជាតិ Dao ស្រូបយក១៤% ជនជាតិ Tay ស្រូបយក១១% ហើយនៅសេសសល់គឺជនជាតិ ផ្សេងៗ។ សហគមន៍ជនជាតិ Mong  Dao Tay នៅ Quan Ba មានខឿនវប្បធម៌ ប្រជាប្រិយដ៏សម្បូរបែប ដែលពោរពេញទៅដោយរឿងព្រេង រឿងនិទាន រឿង កំណាព្យ ចង្វាក់ភ្លេងខែនរបស់ជនជាតិ Mong និងសិល្បៈច្រៀងចម្រៀង then ចាបី tinh របស់ជនជាតិ Tay ទៀតផង។ 

Quan Ba មានរមណីយដ្ឋានដ៏ល្បីល្បាញដូចជា៖ ខ្លោងទ្វារមេឃ Quan Ba ខ្លោងទ្វារកំពែង Can Ty គុហារ Kho My Tung Vai ជាដើម។ ពិសេសគឺ រមណីយ ដ្ឋាន ភ្នំភ្លោះ ដែលស្ថិតនៅតាមផ្លូវជាតិ ៤C ចូលក្នុងទីរួមស្រុក Tam Son នោះ គឺទីមកដល់គួរឲ្យទាក់ទាញជានិច្ច។ នៅកណ្ដាលជួរភ្នំថ្មនិងវាលស្រែកាំជណ្ដើរ មានភ្នំចំនួន២ មានរាងដូចសុដន់របស់យុវនារីមួយរូប ដែលធ្វើឲ្យភ្ញៀវទេសចរ ចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្នំភ្លោះ ផ្សាភ្ជាប់នឹងរឿងព្រេងមួយដែលត្រូវបានជន រួមជាតិបណ្ដាជនជាតិនៅទីនេះបន្សល់ទុកមកពីជំនាន់មួយទៅជំនាន់មួយ។ រឿង នេះឲ្យដឹងថា តាំងពីយូរយាណាស់មកហើយ នៅតំបន់ដីនេះមានយុវបុរសជន ជាតិ H’mong សង្ហាមួយរូបដែលចេះផ្លុំចាបី moi យ៉ាងពូកែ។ សូរសម្លេងចាបី moi របស់បុរសរូបនេះពិរោះរណ្ដំ មានពេលខ្លះដូចជាសូរសម្លេងស្ទឹងហូរ មានពេលខ្លះ ដូចជាសូរសម្លេងបក្សីយំនិងខ្យល់បក់ទៀតផង។ ទេពអប្សរមួយអង្គនៅឋាន លើមានឈ្មោះថា Hoa Dao (ផ្កាម៉ាកខៃ) បាន លឺសូរសម្លេងចាបី moi នេះ ហើយ ចុះឋានកណ្ដាលដើម្បីស្វែងរកអ្នកផ្លុំ។ ក្រោយនោះទេពអប្សរ Hoa Dao បាន ស្រឡាញ់យុវបុរសជនជាតិ H’mong រូបនេះ។ គេបានរៀបការជាប្ដីប្រពន្ធ ហើយ កើតកូនប្រុសមួយ។ ព្រះឥន្ទ្ររកឃើញការដែលទេពអប្សរ Hoa Dao ចុះឋាន កណ្ដាលរៀបការជាមួយបុរសនៅទីនោះ បានខឹងសំបា ហើយបញ្ជាគេទៅចាប់ទេពអប្សរវិលត្រឡប់មកវិញ។ ព្រួយចិត្តកូនខ្លួនគ្មានទឹកដោះ ម្ដាយ បានជាទេពអប្សរ Hoa Dao បានទុកចោលសុដន់របស់ខ្លួននៅឋាន កណ្ដាលឲ្យកូនបំបៅ។ សុដន់នេះ បានក្លាយទៅជាភ្នំភ្លោះនាសព្វថ្ងៃ។ គេក៏ហៅ ភ្នំភ្លោះនេះជាភ្នំទេពអប្សរដែរ។ ប្រជាជននៅទីនេះសុទ្ធតែជឿថា ដោយសារមាន ទឹកដោះរបស់ទេពអប្សរ Hoa Dao បានជាតំបន់ដីនេះមានអាកាសធាតុត្រជាក់ ស្រួលជានិច្ច ហើយផ្លែឈើគ្រប់ប្រភេទមានរស់ជាតិឈ្ងុយឆ្ងាញ់ ដើមឈើនិង ដំណាំរីកលូតលាស់ពេញមួយឆ្នាំដែរ។ នាសព្វថ្ងៃ នាពេលមកដល់ Quan Ba ម្ដងៗ ភ្ញៀវទេសចរសឹងតែទាំងអស់សុទ្ធតែបង្អង់ដំណើរគយគន់ទេសភាព ភ្នំភ្លោះ។ រមណីយដ្ឋាននេះក៏ជាប្រភពគំនិតនិពន្ធសំរាប់កវី តន្ត្រីករ និងសិល្បៈករ ថតរូប នាពេលមកដល់ Quan Ba ផងដែរ។ លោក Nguyen Tuan Khoa សិល្បៈ ករថតរូបនៅរដ្ឋធានីហាណូយ បានសំណេះសំណាលថា៖

        “នាពេលមកដល់ទីនេះម្ដងៗ ភ្ញៀវទេសចរតែងតែបង្អង់ដំណើរដើម្បីគយគន់ “ស្នាដៃសិល្បៈ” ដែលធម្មជាតិប្រទានពរជូនតំបន់ដីនេះ។ ប្លែកៗណាស់ នៅចន្លោះ ជួរភ្នំថ្មនិងវាលស្រែកាំជណ្ដើរ មានភ្នំចំនួន២មានរាងដូចសុដន់នារីក្រមុំ។។ ខ្ញុំបាន មកដល់ទីនេះជាច្រើនលើកក្នុងពេលវេលាខុសគ្នាក្នុងមួយឆ្នាំហើយ ប៉ុន្តែក្នុងរដូវ នីមួយៗ គឺភ្នំភ្លោះមានភាពស្រស់ស្អាតពិសេសផ្សេងៗគ្នាដែរ”។

        ពេលមកដល់ Quan Ba ភ្ញៀវទេសចរក៏មានឱកាសសម្របខ្លួនចូលក្នុង ជីវភាពរស់នៅខាងវប្បធម៌ដ៏សម្បូរបែបរបស់បណ្ដាជនជាតិនៅទីនេះទៀតផង។ ទេសភាពស្រស់ស្អាតរួមជាមួយទំនៀមទំលាប់វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ ជានិច្ចកាលបន្សល់ទុកមកក្នុងដួងចិត្តភ្ញៀវទេសចរម្នាក់ៗ នូវ ការចាប់អារម្មណ៍ពិសេសដែលមិនអាចបំភ្លេចបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ