ទៅទស្សនាតំបន់រមណីយដ្ឋានភាគខាងកើតខេត្ត Cao Bang
(VOVWORLD) - នៅក្នុងបរិវេណឧទ្យានភូគម្ភសាស្ត្រសកល ទឹកដីកាវបាំង (Non nuoc Cao Bang) ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់មានទួរ ទេសចរណ៍នៅតាមស្រុកនានាភាគខាងកើតខេត្ត Cao Bang ដោយមានឈ្មោះ ថា ទួរទេសចរណ៍ស្វែងយល់វប្បធម៌នៅឋានសួគ៍។
សកម្មភាពចែវទូក kayzak នៅលើទន្លេ Quay Son (រូបថត៖ baocaobang.vn) |
នៅលើខ្សែផ្លូវតែមួយគត់ចាប់ពីស្រុក Trung Khanh ទៅដល់តំបន់ ទេសចរណ៍ល្បាក់ទឹក Ban Gioc នោះ ភ្ញៀវទេសចរនឹងឆ្លងកាត់ទីកន្លែងមួយ ដែលមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងអស្ចារ្យ។ នោះគឺផ្ទះឈើផុតពី ដីតាមបែបបុរាណ ដែលស្ថិតនៅលើទីធ្លាធំល្វឹងល្វើយ ដោយបែរមុខទៅទន្លេ Quay Son ដ៏ខៀវស្រងាត់ដែលមានទូក Kayzak ចម្រុះពណ៌អណ្ដែតលើផ្ទៃទឹក ដូចទៅនឹងផ្ទាំងគំនូរជនបទគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរ។
នាពេលមកដល់ទីនេះ ភ្ញៀវទេសចរមានឱកាសស្វែងយល់និងចូលរួម សកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញរបស់ប្រជាជននៅទីនេះ ដើម្បីអាចស្រូបយក អារម្មណ៍សុខសាន្តស្រស់ស្រាយគួរអោយធូរស្បើយចិត្តនៃតំបន់ជនបទ។ ដើរឡើងកាំជណ្ដើរ៩ កាំនៃផ្ទះឈើប្រពៃណីរបស់ជនជាតិ Tay នោះ ភ្ញៀវទេសចរអាចគយគន់ដោយ ផ្ទាល់ភ្នែកនូវទេសភាពដ៏ស្រស់ត្រកាលដូចទៅនឹងឋានសួគ៍ ដោយមានពណ៌បៃតងនៃ ដើមឈើនិងទន្លេ ដែលធ្វើអោយយើងបំភ្លេចបានរាល់ភាពហត់នឿយទាំងអស់ក្នុងជីវិត។
ភ្ញៀវទេសចរអាចស្វែងយល់អំពីវប្បធម៌និងទំនៀមទំលាប់របស់ប្រជាជននៅក្នុងតំបន់តាមរយៈឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ លោក Hoang Van Chung ម្ចាស់ ហូមស្ទេ Quay Son ដែលជាអ្នកឈានមុខគេក្នុងចលនាអភិវឌ្ឍទេសចរណ៍ សហគមន៍នៅភូមិ Keo Na បានអោយដឹងថា៖
“ទោះបីទើបតែបានបង្កើតឡើងក្ដី ប៉ុន្តែហូមស្ទេ Quay Son ទទួលបាន ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជាច្រើន។ គេបានវាយតម្លៃថា ទេសភាពធម្ម ជាតិនិងគំរូផ្ទះឈើផុតពីដីនេះ គឺសមស្របនឹងទំនៀមទំលាប់របស់ប្រជាជនក្នុង តំបន់។ ហើយម្នាក់ៗសុទ្ធតែសប្បាយយ៉ាងក្រៃលែងនាពេលមកដល់ទីនេះផងដែរ”។
លោក Hoang Van Chung បានបន្ថែមទៀតថា ភ្ញៀវទេសចរត្រូវបានបម្រើ ការហុបចុក ការដុតភ្លើងបោះជំរុំ ហើយបានចូលរួមសេវាផ្សេងៗទៀត ដូចជាជិះ កង់ ចែវទូក kayzak ដាំបន្លែ ធ្វើស្រែ និងបេះបន្លែហើយកែច្នៃ សម្រាប់ពេលអាហាររបស់ ខ្លួន។ ជាពិសេសគឺ សេវាចែកទូក Kayzak ទទួលបានការពេញចិត្តពីសំណាក់ភ្ញៀវ ទេសចរយ៉ាងច្រើនកុះករ។ លោក Chung បានអោយដឹងថែមទៀតថា៖
“ក្រៅពីសេវាហូមស្ទេនោះ គឺយើងខ្ញុំមានសេវាផ្សេងៗទៀតដូចជា ចែវទូក kayzak ជិះកង់ទៅទស្សនាទេសភាព នាំភ្ញៀវទេសចរឡើងភ្នំ ក៏ដូចជាទៅទស្សនាបណ្ដា ភូមិរបរ ជាដើម។ តាមនោះជួយអោយពួកគេយល់ដឹងបន្ថែមអំពីទំនៀមទំលាប់ របស់បណ្ដាជនជាតិភាគឦសានខេត្ត Cao Bang”។
អ្នកស្រី Luu Thi Nga ភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានីហាណូយ មានការ ពេញចិត្តយ៉ាងខ្លាំង ដោយបានមកកាន់ខេត្ត Cao Bang ជាលើកដំបូង ហើយស្វែងយល់និងចូលរួមក្នុងជីវភាពប្រចាំថ្ងៃជាមួយប្រជាជននៅទីនេះ។ អ្នកស្រីបានចែករំលែកថា៖
“អស្ចារ្យណាស់។ នេះជាលើកដំបូងដែលខ្ញុំបានចែវទូក kayzak ហើយ គយគន់ទេសភាពដ៏ស្រស់បំព្រងនៅទន្លេទាំងសង្ខាងយ៉ាងដូច្នេះ។ វាពិតជាធ្វើអោយខ្ញុំចាប់ អារម្មណ៍ខ្លាំងមែនទែន”។
វត្ត Phat tich Truc Lam នៅស្រុក Trung Khanh ជាវត្តដើមដំបូងដែលត្រូវបានកសាងឡើងនៅតំបន់ព្រំដែនភាគខាងជើងប្រទេសវៀតណាម (រូបថត៖ dantocmiennui.vn) |
មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលមកដល់ស្រុក Trung Khanh ម្ដងៗ ភ្ញៀវ ទេសចរថែមទាំងមានឱកាសទៅទស្សនាបឹង Ban Viet តំបន់អភិរក្សសត្វទោច Cao Vit ល្បាក់ទឹក Thoong Cot ល្បាក់ទឹក Thoong Tac ហើយជាពិសេសគឺបណ្ដុំ រមណីយដ្ឋានល្បាក់ទឹក Ban Gioc - រូងភ្នំ Nguom Ngao និងវត្ត Truc Lam Ban Gioc ទៀតផង។ គោលដៅទេសចរណ៍ទាំងអស់នៅភាគខាងកើតខេត្ត Cao Bang នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែករបស់ជនជាតិ Tay និងជនជាតិ Nung ដូចជាស្ថាបត្យកម្មផ្ទះផុតពីដីប្រពៃណី ម្ហូបអាហារនៃតំបន់ ព្រៃភ្នំ និងវប្បធម៌ប្រជាប្រិយ ជាដើម។ នាពេលខាងមុខ ស្រុក Trung Khanh នឹងបន្តកសាងកម្មវិធី ផែនការជាច្រើនថែមទៀត ដើម្បីអំពាវនាវការបណ្ដាក់ ទុនអភិវឌ្ឍផលិតផលទេសចរណ៍ក្នុងតំបន់។ លោក Dam Van Vu អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក Trung Khanh បានអោយដឹងថា៖
“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យើងខ្ញុំបានផ្ដោតសំខាន់ទៅលើការកសាងនិង អនុវត្តគម្រោងអភិវឌ្ឍស្រុក Trung Khanh។ ក្នុងដំណាក់កាលដំបូង យើងខ្ញុំ ផ្ដល់អាទិភាពដល់ការអភិវឌ្ឍ ពង្រីកសកម្មភាពទេសចរណ៍សហគមន៍។ ហើយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រមូលផ្ដុំប្រភពធនធានទាំងអស់ដើម្បីបណ្ដុះបណ្ដាល ដល់ប្រជាជនអំពីបញ្ហានានាដែលទាក់ទិនដល់សេវាទេសចរណ៍ដូចជា ការចម្អិនម្ហូប ជំនាញទេសចរណ៍ និងសេវាកម្មទេសចរណ៍សហគមន៍នៅក្នុងតំបន់”។
ដោយមានលក្ខណៈធម្មជាតិអំណោយផលនោះ ស្រុក Trung Khanh មាន ឱកាសដ៏ធំធេងដើម្បីអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍ផ្សងព្រេង។ ទីនេះនឹងក្លាយទៅជាអាស័យដ្ឋានកាន់តែគួរអោយទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកទស្សនានិងស្វែងយល់អំពី ទំនៀមទំលាប់ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕