ទេសចរណ៍ខេត្ត Ba Ria - Vung Tau ស្ដារឡើងវិញយ៉ាងខ្លាំងក្លា

(VOVWORLD) - ផ្នែកទេសចរណ៍ខេត្ត Ba Ria - Vung Tau មានការរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២។ តួលេខកំណើនគួរឱ្យចាប់អារម្មណ៍អំពីចំនួនភ្ញៀវទេសចរណ៍ និង ប្រាក់ចំណូលពីទេសចរណ៍បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញរបស់រដ្ឋអំណាចខេត្ត និងសហគមន៍ធុរកិច្ចលើវិស័យទេសចរណ៍។
  
ទេសចរណ៍ខេត្ត Ba Ria - Vung Tau ស្ដារឡើងវិញយ៉ាងខ្លាំងក្លា - ảnh 1ទិដ្ឋភាពនៃទីក្រុង Vung Tau ពីខាងលើ។ រូបថត៖ Nguyen Ngoc Lan/ VNExpress

ខេត្ត Ba Ria - Vung Tau គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះរបស់វៀតណាម។ ខេត្តមានឆ្នេរសមុទ្រប្រវែង ៣០០ គីឡូម៉ែត្រ ក្នុងនោះប្រវែងប្រមាណ ១៥៦ គីឡូម៉ែត្រគឺជាឆ្នេរងុតទឹកដ៏ស្រស់ស្អាត ផ្ទៃរាបស្មើ ទឹកថ្លាខៀវស្រងាត់ ហើយមានកេរ្កិ៍ដំណែល រមណីដ្ឋាននៅក្បែរ ព្រមទាំងមានព្រៃចំណាស់ Binh Chau Phuoc Buu ឧទ្យានជាតិ Con Dao និងជ្រោះទឹកក្ដៅក្នុងព្រៃចំណាស់។ ខេត្តក៏មានកំពូលភ្នំខ្ពស់ៗដូចជា ភ្នំ Dinh និងភ្នំ Minh Dam ផងដែរ។ ទាំងអស់នេះសុទ្ធតែអាចទាញយកបម្រើសកម្មភាពទេសចរណ៍បានផងដែរ។ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្រោយជំងឺរាតត្បាតកូវីដ ១៩ ខេត្តបានរៀបចំព្រឹត្តិការណ៍កម្សាន្តជាច្រើនដូចជាមហោស្រពតន្ត្រីLet's Charm Fest នៅ Charm Resort Ho Tram បើកសម្ពោធតំបន់ពាណិជ្ជកម្ម និងសេវាកម្ម Hamptons Plaza និងរាត្រីតន្ត្រីនៅ Hamptons Ho Tram។ ទីភ្នាក់ងារទេសចរណ៍ក៏បានរៀបចំកម្មវិធីបញ្ចុះតម្លៃ និងធ្វើម្ហូបអាហារ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ។ អ្នកស្រី Nguyen Thu Huong ភ្ញៀវទេសចរម្នាក់មកពីខេត្ត Binh Phuoc បានចែករំលែកថា៖ “នេះគឺជាលើកទី៥ ហើយ ដែលនាងខ្ញុំបានមកទស្សនាទីនេះ។ ទេសភាពធម្មជាតិនៅទីនេះពិតជាស្រស់បំព្រងណាស់ អាកាសធាតុត្រជាក់ស្រួល ហើយសេវាកម្មល្អផងដែរ”។

នៅចុងខែតុលា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្ត Ba Ria-Vung Tau ក៏បានសម្រេចរួចរាល់ការសិក្សាលើគោលដៅថ្មី សិប្បកម្មភូមិរបរ និងពាណិជ្ជកម្មប្រមាណ ៦០ កន្លែង ដើម្បីដាក់បញ្ជូលចូលទៅក្នុងវិស័យទេសចរណ៍។ ផ្អែកលើមូលដ្ឋាននោះ ផ្នែកទេសចរណ៍បានកែសម្រួល និងបំពេញទួរទេសចរណ៍នៅលើមូលដ្ឋាននោះ ឧស្សាហកម្មកែសម្រួល និងបំពេញទួរដំណើរទេសចរណ៍ ទៅក្នុងមូលដ្ឋានទិន្នន័យទេសចរណ៍។ លោក Trinh Hang ប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវលើធនធានទាំងអស់ ក៏ដូចជាស្ថានភាព ទេសចរណ៍បច្ចុប្បន្នរបស់ខេត្ត។ តាមរយៈការសិក្សាស្រវជ្រាវបានឲ្យដឹងថា ទេសចរណ៍របស់ខេត្តទើបអភិវឌ្ឍន៍មួយផ្នែកដ៏តិចតូចប៉ុណ្ណោះ បើប្រៀបធៀបនឹងធនធានទេសចរណ៍ ដែលមានស្រាប់។ យើងខ្ញុំនឹងសហការណ៍ជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ដើម្បីត្រៀមរៀបចំកម្មវិធី និងផែនការអភិវឌ្ឍនានាឲ្យបានល្អប្រសើរផងដែរ”។

ទេសចរណ៍ខេត្ត Ba Ria - Vung Tau ស្ដារឡើងវិញយ៉ាងខ្លាំងក្លា - ảnh 2រូបសំណាករបស់ព្រះគ្រិស្ត គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលមិនគួររំលងនៅពេលដែលទៅទស្សនា និងស្វែងយល់ពីទីក្រុងឆ្នេរសមុទ្រ Vung Tau ។ រូបថត៖ taucaotoc.vn

ក្រោយពីការខិតខំប្រឹងប្រែងជាច្រើន ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ខេត្ត Ba Ria - Vung Tau បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ១១ លើកលាននាក់ សម្រេចបានជិត ៣៥០% នៃផែនការប្រចាំឆ្នាំ កើនប្រមាណ ២៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណូលពីវិស័យទេសចរណ៍សម្រេចបានប្រមាណ ៤៥២ លានដុល្លារអាមេរិក កើនប្រមាណ ៩៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ពីជោគជ័យអំពីការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ខេត្ត Ba Ria - Vung Tau កំពុងខិតខំប្រឹងប្រែងស្ដារទីផ្សារភ្ញៀវទេសចរអន្តរជាតិ។ ក្នុងនោះមានការចូលរួមពិព័រណ៍ផ្សព្វផ្សាយ ទទួលស្វាគមន៍ក្រុម famtrip មកសិក្សាស្រាវជ្រាវសេវាកម្ម និងផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍បរទេស។ លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ផ្នែកទេសចរណ៍ខេត្តកំពុងជួយឧបត្ថម្ភដល់សហគ្រាសខ្នាតតូច ដាក់បញ្ជូលផលិតផលទៅក្នុងផ្សារពាណិជ្ជកម្មអេឡិចត្រូនិក និងផ្សព្វផ្សាយកញ្ចប់ជំរុញតម្រូវការទេសចរណ៍ជាដើម៖ “យើងខ្ញុំបានជំរុញខ្លាំងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។ នេះគឺជាប្រការស្លាប់រស់របស់វិស័យទេសចរណ៍។ យើងគ្មានជម្រើសអ្វីក្រៅពីការទាញយកលំហរអ៊ីនធឺណិតឡើយ។ ប្រសិនបើយើងមិនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទោះបីជាយើងបានធ្វើអ្វីៗគ្រប់បែងយ៉ាងក៏ដោយ យើងត្រឹមតែអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រខេត្តតែប៉ុណ្ណោះ ពោលគឺមិនអាចធ្វើការផ្សព្វផ្សាយ និងពន្លឿននៅខាងក្រៅបានឡើយ”។

ទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ច ដែលដើរតួនាទីយ៉ាងសំខាន់ពិសេសក្នុងរចនាសម្ព័ន្ធអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត Ba Ria - Vung Tau ។ ពង្រាងសេចក្តីសម្រេចចិត្តស្តីពីទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ ឆ្នាំ២០២៣ របស់ខេត្តបានកំណត់ទិសដៅថា នៅឆ្នាំ២០២៣ ចំណូលពីសេវាកម្មស្នាក់នៅនឹងកើន ១១,៩%; ប្រាក់ចំណូលពីសេវាកម្មទេសចរណ៍កើន ១២,៥% បើប្រៀបធៀបនឹងឆ្នាំ ២០២២។ ជាមួយនឹងសក្តានុពលដែលមានស្រាប់ ជាមួយនឹងការផ្លាស់ប្ដូរថ្មីលើវិស័យទេសចរណ៍នោះ ផ្នែកឧស្សាហកម្មគ្មានផ្សែងរបស់ខេត្ត Ba Ria - Vung Tau នឹងបន្តស្ដារស្ដារឡើងវិញយ៉ាងខ្លាំងក្លា ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តក្នុងរយៈពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ