ពេលប្រជុំផ្សារ Hang - លក្ខណៈ វប្បធម៌ដ៏​វិសេសវិសាល​ក្នុង​ជីវភាព​រស់​នៅទំនើប

(VOVWORLD) - នៅកណ្ដាលទីក្រុងមានសភាពអ៊ូអរ ជាមួយនឹងហាងទំនិញ និងផ្សារទំនើបៗនោះ  នៅតែមានវត្តមានពេលប្រជុំផ្សារដ៏វិសេសវិសាលនៅតំបន់ជនបទ Bac Bo។ នោះ គឺផ្សារ Hang នៅទីក្រុងហាយហ្វុង។ ផ្សារនេះបានដាក់លក់របស់របរគ្រប់ប្រភេទ ចាប់ពីគ្រាប់ពូជឈើ សត្វពូជ រហូតដល់គ្រឿងប្រើប្រាស់ និងគ្រឿងអេឡិចត្រូនិកថ្លៃ ៗជាច្រើន ។ សម្រាប់មនុស្សជាច្រើន ផ្សារ Hang គឺជាចំណង់ចំណូលចិត្ត ជាជាងការដើរទិញឥវ៉ាន់។
 
 
ពេលប្រជុំផ្សារ Hang - លក្ខណៈ វប្បធម៌ដ៏​វិសេសវិសាល​ក្នុង​ជីវភាព​រស់​នៅទំនើប - ảnh 1សកម្មភាពទិញលក់ផ្កានៅផ្សារ Hang  (រូបថត៖laodong.vn)

ដំបូងឡើយ ផ្សារ Hang គឺជាផ្សាររបស់ភូមិ Du Hang។  ភូមិ Du Hang គឺជាភូមិបុរមបុរាណមួយ ដែលមានវត្តមានតាំងពីសត្តវត្តទី ១៧ ដល់ ១៨។ តំបន់ភូមិសាស្ត្រភូមិ Du Hang ពីមុនគឺជាតំបន់ដីកសិកម្ម ហើយជាច្រកធ្វើចរាចរ ដូច្នេះផ្សារ Hang បានក្លាយទៅជាទីកន្លែងជួបជុំ ផ្លាស់ប្តូរ ទិញលក់ដើមឈើ សត្វពូជ និងរបស់របរសកិកម្ម។ ដំណើរការ ធ្វើនគរូបនីយកម្មបានរីកសាយភាយទៅកាន់តំបន់ជិតខាងនានា ដូច្នេះហើយ នាបច្ចុប្បន្ននេះ ផ្សារ Hang បានស្ថិតនៅផ្ទៃក្នុងទីក្រុង ចំណុះសង្កាត់ Du Hang Kenh ខ័ណ្ឌ Le Chan ទីក្រុងហាយហ្វុង។ ប្រការដ៏ពិសេសគឺ បើទោះបីបានឆ្លងផុតពេលវេលាជាច្រើនក៏ដោយ ប៉ុន្តែរាល់ទំនៀមទម្លាប់ដោះដូរទំនិញកសិកម្មរបស់ផ្សារ Hang នៅតែបានថែរក្សាដដែលផងដែរ។

កាលពីមុនផ្សារ Hang បានជួបប្រជុំនាថ្ងៃទី ៥ និងថ្ងៃទី ១៥ កើតជារៀងរាល់ខែតាមប្រតិទិនច័ន្ទគតិ។ នាបច្ចុប្បន្ននេះ ផ្សារ Hang បានជួបប្រជុំត្រឹមតែមួយពេលនៅព្រឹកថ្ងៃអាទិត្យតែប៉ុណ្ណោះ។

តាមប្រពៃណី នៅផ្សារ Hang នៅតែលក់គ្រាប់ពូជឈើ សត្វពូជ និងឧបករណ៍កសិកម្ម។ ប្រជាជនដែលរស់នៅ ទីក្រុងនិងខេត្តក្រុងជិតខាងដែលមកផ្សារ Hang អាចទិញបានហ្វូងកូនមាន់ កូនបន្លែ កញ្ច្រែងដែលបានប៉ាក់ពីឬស្សី និងដែកជើងបីជាដើម។ លោក Kha ពលរដ្ឋម្នាក់មកពីខេត្ត Hai Duong បានសំណេះសំណាលយ៉ាងសប្បាយរីយរាយថា៖ “ផ្សារ Hang បានដាក់លក់របស់របរគ្រប់បែបយ៉ាង។ ខ្ញុំចូលចិត្តពេលប្រជុំផ្សារនេះណាស់ ព្រោះថាផ្សារនេះមានព្រលឹងជាតិ។ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែមានលក្ខណៈដ៏សាមញ្ញនៃស្រុកស្រែវៀតណាមផងដែរ”។

មិនត្រឹមតែទទួលបានការស្រឡាញ់ចូលចិត្តពីអ្នកទីក្រុងហាយហ្វុងប៉ុណ្ណោះទេ ផ្សារ Hang ក៏ទាក់ទាញបានភ្ញៀវទេសចរនៅពេលអញ្ជើញមកដល់ហាយហ្វុងទៀតផង។ ក្រៅពីពាណិជ្ជករអាជីពនោះ ផ្សារ Hang ក៏មានវត្តមានអ្នកលក់ដ៏ពិសេសផងដែរ។ ពោលគឺពួកគេបាននាំយកសត្វចិញ្ចឹម និងផលិតផលរបស់គ្រួសារមកលក់ឬត្រឹមតែផ្លាស់ប្ដូរបទពិសោធន៍ជាមួយមនុស្សដែលមានចំណងចំណូលចិត្តចិញ្ចឹមសត្វ និងដៃដុះដំណាំប៉ុណ្ណោះ។ លោក Doan Huu Gia ពលរដ្ឋម្នាក់នៅខ័ណ្ឌ Le Chan ទីក្រុងហាយហ្វុងបានឲ្យដឹងថា៖ “នេះគឺជាផ្សារប្រជាប្រិយមួយរបស់ហាយហ្វុង។ ប្រជាជននៅហាយហ្វុងមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះថា បងប្អូនជនបទមានទីកន្លែងដើម្បីបញ្ចេញលក់ផលិតផល។ ខ្ញុំបានទៅផ្សារនេះជារៀងរាល់ថ្ងៃអាទិត្យផងដែរ”។

ពេលប្រជុំផ្សារ Hang - លក្ខណៈ វប្បធម៌ដ៏​វិសេសវិសាល​ក្នុង​ជីវភាព​រស់​នៅទំនើប - ảnh 2កូនឆ្កែត្រូវបានដាក់លក់នៅផ្សារ Hang  (រូបថត៖laodong.vn)

ជាផ្សារប្រជាប្រិយ ប៉ុន្តែនៅផ្សារ Hang មានកន្លែងលក់ទំនិញច្រើន ជាមួយទំនិញគ្រប់បែបយ៉ាង ដូចត្រីលំអ ផ្កា ដើមឈើលំអ សត្វពូជ។ ទេសភាពនៅផ្សារ Hang ពិតជាអ៊ូអរ សប្បាយរីករាយណាស់ ពោរពេញទៅដោយសំណើចរបស់ភ្ញៀវ។ លោក Nguyen Quang Tien ពលរដ្ឋម្នាក់មកពីទីក្រុងហាណូយបានសំណេះសំណាលថា៖ “នៅផ្សារ Hang បានដាក់លក់ទំនិញនានា ដែលផ្សារដទៃទៀតមិនមានឡើយ។ ពេលខ្លះ ខ្ញុំបានទៅផ្សារនេះ ដើម្បីទិញមាន់យកមកចិញ្ចឹម ដូចជាប្រភេទមាន់ Dong tao និងមាន់ស្រុកដើម្បីចិញ្ចឹមយកស៊ុត”។

រាល់គុណតម្លៃវប្បធម៌នៃផ្សារប្រពៃណីក្នុងយុគសម័យទីផ្សារអភិវឌ្ឍន៍ ជាមួយប្រព័ន្ធហាងទំនិញ និងផ្សារទំនើបៗ នោះ នៅកណ្ដាលទីក្រុងដ៏អ៊ូអរ និងរស់រវើក នៅតែរក្សាបានពេលប្រជុំផ្សារ ដូចជាផ្សារ Hang ដដែល។ នៅទីនោះ ផ្សារមិនត្រឹមតែជាទីកន្លែងទិញលក់ ផ្លាស់ប្ដូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាខ្សែតភ្ជាប់រវាងបច្ចុប្បន្នកាល និងអតីតកាលទៀតផង។ ដូច្នេះហើយ ផ្សារ Hang កាន់តែទាក់ទាញមនុស្សម្នាពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាស្វែងរកទីតាំងវប្បធម៌សហគមន៍នៅក្នុងជីវភាពរស់នៅទំនើបបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ