ភាពស្រស់ស្អាតនៃរូងភ្នំ Lung Khuy ខេត្ត Ha Giang
(VOVWORLD) - ស្ថិតនៅលើតំបន់ខ្ពង់រាបថ្ម Dong Van រូងភ្នំ Lung Khuy ជារមណីយដ្ឋានលេចធ្លោមួយក្នុងខ្សែទេសចរណ៍ឧទ្យានភូគព្ភសាស្ត្រសកលលោក Dong Van។ រូងភ្នំ Lung Khuy ត្រូវបានប្រសិទ្ធនាមថា រូងភ្នំស្រស់ស្អាតបំផុតនៅតំបន់ខ្ពង់រាប។ លក្ខណៈពិសេសនៃរូងភ្នំ Lung Khuy គឺជាប្រព័ន្ធថ្មស្តាឡាក់ទីតដែលនៅតែរក្សាបាននូវសភាពដើម និងរឿងព្រេងនិទានស្ដីពីសេចក្ដីស្រឡាញ់របស់គូសង្សាជនជាតិ Mong ដែលផ្សាភ្ជាប់ជាមួយនឹងរូងភ្នំនេះ។
ថ្មស្តាឡាក់ទីតក្នុងរូងភ្នំ Lung Khuy (រូបថត៖ Vnexpress) |
រូងភ្នំ Lung Khuy មានចម្ងាយ៣គ.មពីទីរួមស្រុក Tam Son ស្រុក Quang Ba ខេត្ត Ha Giang ភាគខាងជើងវៀតណាម។ ពីជើងភ្នំ ភ្ញៀវទេសចរត្រឹមតែអាចដើរថ្មើជើងតាមផ្លូវលំឡើងរូងភ្នំប៉ុណ្ណោះ។ ច្រកទ្វារចូលក្នុងរូងភ្នំនេះមានកំពស់ជិត១,៥ម៉ែត្រ និងរយៈទទឹង១ម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើឲ្យរូងភ្នំនេះលាក់កំបាំងពីការចូលទៅដល់របស់មនុស្ស។ ដោយហេតុនេះ ទោះបីឆ្លងកាត់រយៈជាច្រើនសតវត្ស ហើយក្ដី ប៉ុន្តែ រូងភ្នំ Lung Khuy នៅតែរក្សាបាននូវសភាពដើមដដែល។ រូងភ្នំនេះមានវ័យអាយុឡើងដល់ទៅរាប់លានឆ្នាំ ប៉ុន្តែវាទើបនឹងបានស្គាល់ដល់ចាប់ពីប៉ុន្មានឆ្នាំថ្មីនេះ។ លោក Nguyen Ngoc Hai ភ្ញៀវទេសចរមួយនាក់ដែលមកទស្សនារូងភ្នំ Lung Khuy ជាលើកដំបូង បានសំណេះសំណាលថា៖
“មុននេះ ខ្ញុំធ្លាប់ទៅធ្វើការនៅ Quan Ba ក្នុងអំឡុង៥ឆ្នាំ ប៉ុន្តែមិនស្គាល់ដល់រូងភ្នំនេះឡើយ។ រហូតដល់ពេលថ្មីៗនេះ ទើបខ្ញុំដឹងថា នៅទីនេះមានរូងភ្នំស្រស់ស្អាតមួយ ដូច្នេះបានជាខ្ញុំនាំក្រុមគ្រួសារទៅទស្សនា”។
មិនដូចជារូងភ្នំផ្សេងៗទៀត ថ្មស្តាឡាក់ទីតនៅក្នុងរូងភ្នំ Lung Khuy បានដុះនៅពេញពិដានរូងភ្នំនេះ។ ភាពស្រស់ស្អាតនៃថ្មស្ដាឡាក់ទីតមានរូបរាងដ៏សម្បូរបែប ដុះពីខាងលើចុះក្រោម ធ្វើឲ្យភ្ញៀវទេសចរមានការស្រឡាំងកាំងជានិច្ច។ លោក Pham Hung ភ្ញៀវទេសចរមួយនាក់បានរៀបរាប់ថា៖
“ប្រការដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ សភាពដើមនៅតែបានរក្សាដដែលហាក់ដូចជាមិនមានអ្វីៗដែលប៉ះពាល់ពីមនុស្សឡើយ។ ខ្ញុំបានចូលទស្សនារូងភ្នំជាច្រើនកន្លែងហើយ ប៉ុន្តែរូងភ្នំនេះរក្សាបានសភាពដើមយ៉ាងល្អបំផុត ពិសេសគឺចំពោះប្រព័ន្ធស្តាឡាក់ទីត។ មកដល់ទីនេះខ្ញុំឃើញកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់គណៈគ្រប់គ្រងក្នុងការងារអភិរក្សបេតិកភណ្ឌ”។
ថ្មស្តាឡាក់ទីតក្នុងរូងភ្នំ Lung Khuy (រូបថត៖ Vnexpress) |
ភ្ញៀវទេសចរនៅឆ្ងាយៗនាពេលមកទស្សនារូងភ្នំ Lung Khuy ម្ដងៗ សុទ្ធតែបានស្ដាប់រឿងព្រេងនិទានស្ដីពីគូសង្សាជនជាតិ Mong ដែលផ្សាភ្ជាប់នឹងអណ្ដូងទឹកនៅក្នុងរូងភ្នំនេះ។ រឿងនេះដំណាល ថា តាំងពីយូរយាណាស់មកហើយ នៅតំបន់ខ្ពង់រាបថ្មតែងតែរងគ្រោះដោយការរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិ Mong នៅទីនេះជួបការលំបាកលំបិនជាច្រើន។ ជនជាតិ Mong បានឡើងភ្នំបួងសួងសុំឲ្យអស់ពពួកទេវតាបញ្ចប់គ្រោះរាំងស្ងួត។ ពពួកទេវតាបានប្រទានពឲ្យភូមិ Lung Khuy នូវស្ទ្រីមទឹកតូចមួយ ដែលជាព្រះអណ្ដូងនាបច្ចុប្បន្ន ហើយបញ្ជូនឲ្យព្រះជង្គនាគចុះឋានកណ្ដាលដើម្បីគ្រប់គ្រងអណ្ដូងនេះ។ ព្រះជង្គនាគនាពេលចុះឋានកណ្ដាលបានប្រែក្រឡាទៅជាបុរសជនជាតិ Mong មួយរូប ដើម្បីជួយអ្នកភូមិបួងសួងសុំឲ្យមានភ្លៀងធ្លាក់ ជួយដើមឈើនិងដំណាំរីកលូតលាស់ឡើងវិញ។ ព្រះជង្គនាគបានរៀបការណ៍ជាមួយក្រមុំជនជាតិ Mong មួយនាក់ ហើយគូស្វាមីភរិយានេះរស់នៅក្នុងរូងភ្នំ Lung Khuy។ តាមអ្នកតំបន់ឲ្យដឹងថា ឈ្មោះ Lung Khuy តាមភាសា Mong គឺមានន័យថា នាគក្នុងរូងភ្នំ។ លោក Nguyen Ngoc Hai បានឲ្យដឹងថែមទៀតថា៖
“ដើម្បីដំណាលរឿងស្ដីពីរូងភ្នំនេះ ប្រជាជននៅទីនេះតែងតែចាប់ផ្ដើមដោយរឿងព្រេងទិទានស្ដីពីសេចក្ដីស្រឡាញ់រវាងទេវតាជាមួយក្រមុំជនជាតិ Mong។ រូងភ្នំ Lung Khuy ជាលំនៅដ្ឋានរបស់គូស្វាមីភរិយានេះ ហើយគេបានបង្កើតឡើងសេចក្ដីស្រឡាញ់គួរឲ្យរំភើបចិត្តយ៉ាងខ្លាំង”។
ក្នុងបុណ្យចូលឆ្នាំថ្មី ជនជាតិ Mong ក្នុងតំបន់តែងតែយកទឹកក្នុងអណ្ដូង Lung Khuy មកផ្ទះវិញដើម្បីធ្វើពិធីសែនព្រេនជីដូនជីតា បួងសួងសុំឲ្យក្រុមគ្រួសារជួបតែសេចក្ដីសុខ សំណាងល្អ ហើយសុំឲ្យមានរដូវអំណោយផលទៀតផង។ ភាពស្រស់ស្អាតនៃធម្មជាតិគួបផ្សំជាមួយភាពស្រស់ស្អាតក្នុងជីវភាពរស់នៅខាងវប្បធម៌របស់ជនរួមជាតិ Mong នៅទីនេះបានធ្វើឲ្យភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនារូងភ្នំ Lung Khuy កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕