ភូមិស្រុក Dak Lak សប្បាយរីករាយជាមួយមហោស្រពកាហ្វេ
(VOVWORLD) - មហោស្រពកាហ្វេ Buon Ma Thuot លើកទី៨ ក្រោមប្រធានបទ "Buon Ma Thuot – គោលដៅនៃកាហ្វេពិភពលោក" បានប្រព្រឹត្តទៅនៅទីក្រុង Dak Lak ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មីនា។ នៅតាមភូមិស្រុកនានា បងប្អូនជនរួមជាតិនៅខេត្ត Dak Lak បានរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន សមស្របនឹងបរិយាកាសមហោស្រព។
ភូមិស្រុក Dak Lak សប្បាយរីករាយជាមួយមហោស្រពកាហ្វេ |
ក្នុងផ្ទះវែងប្រពៃណីរបស់បងប្អូនជនរួមជាតិ Tay Nguyen របស់លោក Y Won Knul (ama Nhien) ពលរដ្ឋម្នាក់ នៅភូមិ Ako Dhong ទីក្រុង Buon Ma Thuot ខេត្ត Dak Lak យុវជននៅភូមិ Ako Dhong កំពុងជក់ចិត្តសម្ដែងឧបករណ៍ភ្លេងប្រពៃណី។ អ្នកវាយគងឬស្សី អ្នកវាយគងស្ពាន់ លាយឡំជាមួយស្នូរសំឡេងចាប៉ី T’rưng រួមជាមួយស្នូរសម្លេងផ្លុំ tieu និងច្រៀងរឿងវីរកថា។ លោក Y Won Knul បាននិយាយថា ភ្ញៀវទេសចរកាន់តែច្រើនបានអញ្ជើញមក Buon Ma Thuot ដោយមានគោលបំណងចង់ស្ដាប់តន្ត្រី ស្វែងយល់វប្បធម៌ប្រពៃណីរបស់ជនជាតិ Ede ។ ក្នុងឱកាសមហោស្រពកាហ្វេ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានកក់ការសម្តែងនៅផ្ទះវែងពេញអស់ហើយ៖
“មុនមហោស្រពកាហ្វេ បងប្អូនអ្នកភូមិបានឆ្លៀតពេលវេលា ដើម្បីរួមគ្នាហាត់សមលេងគងឃ្មោះ ចាប៉ី T’rưng ចាប៉ី “đinh buốt, đinh năm”, និងច្រៀងបទចម្រៀង K’kưt khan ឲ្យកាន់តែល្អប្រសើរឡើង។ មហោស្រពកាហ្វេ គឺជាឱកាសសម្រាប់យើងខ្ញុំឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់ជនជាតិខ្លួនដល់ភ្ញៀវទេសចរផងដែរ”។
ក្នុងនាមជាអាសយដ្ឋានទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលនៅទីក្រុង Buon Ma Thuot ភូមិ Ako Dhong ត្រូវបានជួសជុល តុបតែងកែលម្អ ដើម្បីបម្រើដល់ភ្ញៀវទេសចរក្នុងឱកាសទិវាបុណ្យ។ ក្រុមគ្រួសារធ្វើអាជីវកម្ម homestay បានតុបតែងផ្ទះវែង ខ្លោងរបង ផ្លាកសញ្ញា ហើយត្រៀមរៀបចំម្ហូបអាហារប្រពៃណីរបស់ជនជាតិខ្លួន ដើម្បីបម្រើភ្ញៀវទេសចរក្នុងពិធីបុណ្យនេះ។ អ្នកស្រី Hitt Alio បាននិយាយថា គ្រួសាររបស់អ្នកស្រីបានចំណាយទឹកប្រាក់ជិត ៤០០លាន ដុង ដើម្បីជួសជុលផ្ទះវែងរបស់គ្រួសារ ដើម្បីទទួលភ្ញៀវអញ្ជើញមកទស្សនា សម្រាកលំហែកាយ៖ “រដូវមហោស្រពនេះមិនត្រឹមតែទាក់ទងនឹងកាហ្វេប៉ុណ្ណោះទេ ថែមទាំងវប្បធម៌របស់ជនជាតិ Ede នៅ Buon Ma Thuot ទៀតផង ដូច្នេះហើយ អ្នកភូមិស្រុកសប្បាយរីករាយយ៉ាងក្រៃលែង។ ខ្ញុំបានឃើញថាភូមិស្រុកមានភាពអ៊ូអរណាស់។ ភូមិស្រុកបានរៀបចំសកម្មភាពនានាដូចជា សម្ដែងគងឃ្មោះ និងឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីម្ហូបអាហារប្រពៃណី ហើយជូនកាហ្វេឥតគិតថ្លៃជូនភ្ញៀវទេសចរ”។
ភូមិស្រុក Dak Lak សប្បាយរីករាយជាមួយមហោស្រពកាហ្វេ |
នាបច្ចុប្បន្ន ក្នុងភូមិស្រុករបស់ខេត្ត Dak Lak ប្រជាជនបានរៀបចំកម្មវិធីសិល្បៈជាច្រើន រួមចំណែកធ្វើឲ្យបរិយាកាសវប្បធម៌នៃមហោស្រពកាហ្វេ កាន់តែសម្បូរបែបដូចជា៖ រៀបចំទិវាបុណ្យវប្បធម៌ -កីឡាជនជាតិ រៀបចំពិធីសែនប្រពៃណីដូចជា៖ សែនគង្គារ សែនសុខភាព ពិធីបុណ្យដំរី សែនសុខភាពដល់ដំរី។ យោងតាមលោក Y Thien Adrong ម្ចាស់អង្គភាពទេសចរណ៍ នៅទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ “ផ្អែកលើកម្មវិធីនៃមហោស្រពកាហ្វេ និងសកម្មភាពនៅ Buon Ma Thuot សកម្មភាពនៅស្រុក Lak និងសកម្មភាពនៅស្រុក Buon Don ខ្ញុំបានកសាងដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរ។ តំបន់នីមួយៗនឹងមានលក្ខណៈដ៏វិសេសវិសាលដាច់ដោយឡែក ហើយឆ្លងកាត់ដំណើរនីមួយៗ ភ្ញៀវទេសចរបានជួបប្រាស្រ័យទាក់ទងគ្នា ហើយយល់ដឹងអំពីចរិយាមាយាទរបស់មនុស្ស ប្រការដ៏ល្អប្រសើរនៅតាមតំបន់ជនជាតិនីមួយៗ និងភូមិស្រុកនីមួយៗ។ ខ្ញុំនឹងភ្ជាប់ភ្ញៀវទេសចរ ជាមួយប្រជាជន ដើម្បីចែករំលែករឿងរ៉ាវអំពីជីវភាពរស់នៅ និងវប្បធម៌ផងដែរ”។
តាមរយៈការរៀបចំមហោស្រពកាហ្វេ Buon Ma Thuot ប្រជាជនបានចូលរួមកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងសកម្មភាពនៃមហោស្រព។ ចាប់ពីភូមិស្រុកឆ្ងាយដាច់ស្រយាល រហូតដល់មជ្ឈមណ្ឌលទីក្រុង Buon Ma Thuot ប្រជាជន ភ្ញៀវទេសចរបានសម្របខ្លួនជាមួយស្នូរសម្លេងស្គរ គងឃ្មោះ ចាប៉ី T’rưng រួមជាមួយក្លិនក្រអូបផ្កាកាហ្វេ និងរសជាតិដ៏ឆ្ងាញ់ពិសាររបស់ពែងកាហ្វេ ហើយរួមគ្នាបង្កើតមហោស្រពពោរពេញទៅដោយសញ្ញាសម្គាល់ និងវប្បធម៌ Tay Nguyen ចម្រុះពណ៌ផងដែរ៕