ភូមិ Sin Suoi Ho - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅខេត្ត Lai Chau
(VOVWORLD) - ដោយមានចម្ងាយជិត ៤០ គីឡូម៉ែត្រពីភាគខាងជើងពីទីក្រុង Lai Chau ភូមិ Sin Suoi Ho ឃុំ Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau មានប្រវត្តិកកើតឡើងកាលពីប្រមាណ ៣០០ ឆ្នាំ។ ខេត្ត Lai Chau បានទទួលស្គាល់ភូមិ Sin Suoi Ho ជាភូមិទេសចរណ៍សហគមន៍ក្នុងឆ្នាំ ២០១៥។
ភូមិ Sin Suoi Ho |
នាបច្ចុប្បន្ន ភូមិ Sin Suoi Ho មានគ្រួសារចំនួន ១៤៩ គ្រួ ដេលមានមនុស្សចំនួន ៧៣៦ នាក់ ក្នុងនោះអ្នកភូមិទាំង ១០០% ជាជនជាតិ Mong។ ដោយមានកម្ពស់ជិត១៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដូច្នេះហើយទីនេះមានអាកាសធាតុត្រជាក់ស្រួល និងភ្នំធំសម្បើម។ Sin Suoi Ho ជាភាសា Mong មានន័យថា “ទឹកជ្រោះមានមាស” ក្នុងភូមិមានទឹកជ្រោះ និងល្បាក់ទឹកហូរធ្លាក់ពេញមួយឆ្នាំ។
ចាប់តាំងពីត្រូវបានទទួលស្គាល់ជាភូមិទេសចរណ៍សហគមន៍មក អ្នកភូមិបានរួមដៃគ្នាធ្វើទេសចរណ៍ប្រកបដោយរបៀបរាបរយ និងវិជ្ជាជីវៈ។ មានគ្រួសារខ្លះបានសាងសង់ Homestay និង Bungalow ហើយមានគ្រួសារខ្លះបានបើកហាងកាហ្វេ គ្រួសារខ្លះបើកភោជនីយដ្ឋាន ឬលក់វត្ថុអនុស្សាវរីយ៍ គ្រួសារខ្លះទៀតបាន ចិញ្ចឹមត្រី Beluga ជាដើម។ Homestay ទាំងអស់សុទ្ធតែជាផ្ទះឈើដែលមានគំរូជាផ្ទះប្រពៃណីរបស់ជនជាតិ Mong។ ខ្លោងទ្វារស្វាគមន៍ Homestay ដ៏គួរឱ្យស្រឡាញ់ ដោយមានផ្លាកសញ្ញាផ្តល់ព័ត៌មានពេញលេញអំពីឈ្មោះម្ចាស់ផ្ទះ សេវាកម្ម និងលេខទូរស័ព្ទ។ លោក Vang A Chinh មេភូមិ Sin Suoi Ho បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ ក្នុងភូមិមមានគ្រួសារចំនួន១២ គ្រួ ដែលបានបើកសេវាកម្ម Homestay និង Bungalow ចំនួន ២៦ ហើយសហករណ៍ចំនួន ១ និងក្រុមហ៊ុន ២ ដែលមានជំនាញអំពីទេសចរណ៍។ នៅពេលអញ្ជើញមកដល់ភូមិ ភ្ញៀវទេសចរបានទៅទស្សនាក្រុមគ្រួសារនានា ដែលធ្វើសេវាកម្ម homestay ភោជនីយដ្ឋាន ផ្ទះប្រពៃណីរបស់ជនជាតិ Mong ។ ទន្ទឹមនឹងនេះ នាពេលយប់ ភ្ញៀវទេសចរបានចូលរួមកម្មវិធីសិល្បៈរាំជាមួយអ្នកភូមិ។ ភូមិមានល្បាក់ទឹកចំនួន ៣ គឺ ល្បាក់ទឹក To Ong ល្បាក់ទឹកបេះដូង និងល្បាក់ទឹកស្នេហា។ ការកាត់ដេរសម្លៀកបំពាក់ជនជាតិ Mong ដើម្បីលក់ឲ្យភ្ញៀវទេសចរទទួលបានប្រសិទ្ធភាព នាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចសំខាន់សម្រាប់អ្នកភូមិ។ ភ្ញៀវទេសចរក្នុងស្រុកភាគច្រើនមកពីទីក្រុងហូជីមិញ Da Nang និង Hoi An ហើយភ្ញៀវទេសចរអន្តរជាតិភាគច្រើនមកពី អាមេរិក និងសិង្ហបុរី និងកាណាដាផងដែរ”។
ប្រសិនបើអញ្ជើញមកទស្សនាក្នុងពេលថ្ងៃ លោកអ្នកគួរតែទៅ Sin Suoi Ho រៀងរាល់ព្រឹកថ្ងៃសៅរ៍ ដើម្បីចូលរួមពេលប្រជុំផ្សារ។ នៅពេលអញ្ជើញទៅទស្សនា ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅភូមិ Sin Suoi Ho ភ្ញៀវទេសចរនឹងភ្ញាក់ផ្អើល និងចាប់អារម្មណ៍អំពីទេសភាពធម្មជាតិ និងមនុស្សនៅទីនេះ។ នៅសង្ខាងផ្លូវចូលទៅភូមិបានដាំផ្កាអ័រគីដេ ផ្លែប៉ែស ផ្លែជំពូ ដោយបានបង្កើត ទេសភាពដ៏ស្រស់ស្អាត និងរ៉ូម៉ែនទិក។ លោក Pham Ngoc Quynh ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញមកទស្សនាភូមិ Sin Suoi Ho បានសម្តែងថា៖ “ទោះបីជាខ្ញុំបានទៅខេត្ត Lai Chau ជាច្រើនដងក៏ដោយ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានមកទស្សនាភូមិ Sin Suoi Ho។ ភូមិ Sin Suoi Ho ត្រូវបានសាងសង់យ៉ាងរឹងមាំ ធំទូលាយ និងស្អាតបាត។ ស្ថាបត្យកម្មផ្ទះ ជាពិសេសគឺ ខ្លោងទ្វារពិតជាពិសេសនិងចុះសម្រុងគ្នា ហើយស្ថាបត្យកម្មខ្លោងទ្វារ homestay នីមួយៗគឺខុសប្លែកពីគ្នា គ្មានខ្លោងទ្វារណាមានស្ថាបត្យកម្មដូចគ្នាឡើយ។ រុក្ខជាតិនៅទីនេះស្អាតណាស់។ នេះគឺជាកន្លែងដែលគួរតែមកទស្សនា។ ភាពរួសរាយរាក់ទាក់របស់អ្នកភូមិ និងទេសភាពដ៏ស្រស់បំព្រងនៅទីនេះ បានទាក់ទាញមនុស្សគ្រប់រូបមកទស្សនាម្ដងទៀតផងដែរ”។
ភូមិ Sin Suoi Ho |
Sin Suoi Ho ក៏ជាភូមិមួយក្នុងចំណោមភូមិនានា ដែលត្រូវបានខេត្ត Lai Chau ជ្រើសរើស ដើម្បីអនុវត្តន៍គម្រោង “កសាងជនបទថ្មី ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ជនបទ នៅតាមភូមិមួយចំនួនក្នុងភូមិសាស្ត្រខេត្ត Lai Chau ដំណាក់កាល ២០២០ - ២០២៥”។ លោក Cheo Quai Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sin Suoi Ho បានឲ្យដឹងថា៖ “អនុវត្តន៍កម្មវិធីកសាងជនបទថ្មី ចាប់ពីឆ្នាំ ២០១៥ មក ឃុំបានអភិវឌ្ឍន៍ដើមតែផង និងដាំដើមអ័រគីដេផង។ បច្ចុប្បន្នយើងខ្ញុំមានដើមផ្កាអ័រគីដេប្រមាណ ៣៨ ០០០ ដើមសម្រាប់ផ្គត់ផ្គង់ដល់បណ្ដាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើង។ ជារៀងរាល់ឆ្នាំ ភូមិ Sin Suoi Ho ទទួលបានប្រាក់ចំណូលបានពី ២ ទៅ ៣ ពាន់លានដុងពីការដាំដើមអ័រគីដេ។ ខេត្ត Lai Chau មានភូមិទេសចរណ៍ចំនួន ១១ ក្នុងនោះភូមិ Sin Suoi Ho ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ។ ប្រសិនបើគ្មានជំងឺកូវីដ-១៩ ទេ យើងខ្ញុំទាក់ទាញបានភ្ញៀវទេសចរចំនួន ៣ ម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក”។
ភូមិ Sin Suoi Ho ត្រូវបានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាមលើកតម្កើងជា "ភូមិទេសចរណ៍សហគមន៍ឆ្នើមក្នុងឆ្នាំ ២០១៩"។ ក្នុងឆ្នាំ ២០១៩ ភូមិទេសចរណ៍សហគមន៍ចំនួន ៤ ត្រូវបានលើកតម្ដើង រួមមានភូមិទេសចរណ៍សហគមន៍ Ta Lang (ខេត្ត Quang Nam) ភូមិវប្បធម៌ទេសចរណ៍សហគមន៍ Nam Dam (ខេត្ត Ha Giang) ភូមិទេសចរណ៍សហគមន៍ Anor (ខេត្ត Thua Thien - Hue) និងភូមិទេសចរណ៍សហគមន៍ Sin Suoi Ho (ខេត្ត Lai Chau)។ នាបច្ចុប្បន្ន ភូមិ Sin Suoi Ho ជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះមួយនៅខេត្ត Lai Chau ដែលទទួលបានការនិយមចូលរចិត្តពីសំណាក់ភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ៕