រសជាតិឆ្ងាញ់ពិសារនៃអំបុក Khau Tan Don

(VOVWORLD) - ដោយបានធ្វើវប្បកម្មយឺតជាងពូជស្រូវដំណើបធម្មតា បានជានៅពេលនេះ វាលស្រូវដំណើប Khau Tan Don នៅ ឃុំ Tham Duong ស្រុក Van Ban ខេត្ត Lao Cai ទើបតែចាប់ផ្ដើមទុំពេញស្រែ។ ដោយត្រូវបានប្រជាជនជុំវិញតំបន់លើកតម្កើងជា "អង្ករដំណើបល្អឯក" នោះ ផលិតផលអំបុក ដែលធ្វើពីពូជស្រូវនេះក៏ល្បីឈ្មោះអំពីរសជាតិឆ្ងាញ់ផ្អែមឆ្ងាញ់ ទន់ និងក្រអូបដ៏វិសេសវិសាលផងដែរ។
រសជាតិឆ្ងាញ់ពិសារនៃអំបុក Khau Tan Don - ảnh 1ប្រជាកសិករប្រមូលផលស្រូវដំណើប Khau Tan Don 

Tham Duong ជាឃុំនៃតំបន់ព្រៃភ្នំ ដែលមានចំងាយពីមជ្ឈមណ្ឌលស្រុក Van Ban (ខេត្ត Lao Cai) ប្រមាណ ១៩ គីឡូម៉ែត្រតាមទិសនីរតី។ Tham Duong មានអត្ថន័យដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ស្រុក Van Ban និយាយដោយឡែក និងខេត្ត Lao Cai និយាយរួម ក្នុងនោះមានផលិតផលប្រចាំតំបន់ដែលមិនអាចមិនរំលឹកគឺជាស្រូវដំណើប Khau Tan Don ។

តាមភាសាជនជាតិ Tay ពាក្យ Khau មានន័យថាពូជ ហើយពាក្យ Tan Don មានន័យថា អង្ករដំណើបស។ អង្ករមានក្លិនក្រអូបពិសេស ហើយក្រោយពីចម្អិនរួច គ្រាប់អង្ករដំណើបមានរសជាតិ ផ្អែមឆ្ងាញ់ ហើយមានស្រទាប់ប្រេងជាប់នៅលើផ្ទៃស្លឹក dong ឬស្លឹកចេកពេលរុំបាយដំណើប។

អង្ករដំណើប Khau Tan Don គឺជាប្រភេទអង្ករដែលត្រូវបានដាំតែម្តងគត់ ក្នុងខែ ៤ ហើយបានប្រមូលផលនៅខែ ៩ តាមប្រតិទិនច័ន្ទគតិជារៀងរាល់ឆ្នាំ។ក្នុងឱកាសនេះ អ្នកស្រុកបានទៅច្រូតកាត់ស្រូវជាចង្កោមនីមួយៗហើយយកទៅឆ្អើរលើភ្លើងឲ្យឆ្អិនឈ្ងុយ  ក្រោយមកយកត្បាល់ទៅបុកស្រូវជាច្រើន ឲ្យក្លាយទៅជាអំបុកដ៏ទន់ និងឆ្ងាញ់ពិសារនៅតំបន់ទាំងមូល។ នេះកឺជាផលិតផល ដែលក្រុមគ្រួសារនីមួយៗនៅឃុំ Tham Duong ធ្វើសក្ការបូជាជូនដូនតា ហើយក្លាយទៅជាម្ហូបអាហារដ៏សំខាន់ក្នុងពិធីបុណ្យអំណរស្រូវថ្មីរបស់អ្នកឃុំផងដែរ។

ដោយបានបង្កបង្កើនផលពូជស្រូវដំណើប Khau Tan Don ចំនួន ៤០ គីឡូក្រាម នោះ តាមគម្រោងក្នុងឆ្នាំនេះ គ្រួសារអ្នកស្រី Vi Thi Son នៅភូមិ Ban Ngoang ឃុំ Tham Duong ស្រុក Van Ban ខេត្ត Lao Cai នឹងប្រមូលផលស្រូវបានប្រមាណ ១,៥ តោន។ អ្នកស្រី Vi Thi Son បានសំណេះសំណាលថា៖ “ក្នុងរដូវធ្វើអំបុក ក្រុមគ្រួសារខ្ញុំត្រូវក្រោកពីម៉ោង ៥ ព្រឹកព្រលឹម ដើម្បីទៅ កាត់កួរស្រូវក្នុងស្រែ។ ពេលកាត់ស្រូវរួចហើយ ត្រូវជ្រើសរើសយកកួរស្រូវណា ដែលទុំល្មមៗ ទើបធ្វើបានអំបុកឆ្ងាញ់ ហើយកួរស្រូវណាទុំពេក គឺមិនអាចធ្វើអំបុកបានឡើយ។ ទន្ទឹមនឹងនេះ ក្រោយកាត់ស្រូវរួច ត្រូវធ្វើអំបុកភ្លាមៗ បើទុកយូរពេក គ្រាប់អំបុកលេងឆ្ងាញ់ទៀតហើយ”។

រសជាតិឆ្ងាញ់ពិសារនៃអំបុក Khau Tan Don - ảnh 2សកម្មភាពធ្វើអំបុកពីងង្ករដំណើប Khau Tan Don 

ជនជាតិ Thai នៅឃុំ Tham Duong មានវិធីធ្វើអំបុកច្រើនបែបណាស់។ អាថ៌កំបាំងមួយ ដើម្បីរក្សារសជាតិផ្អែមឆ្ងាញ់ ដែលអ្នកឃុំតែងតែជ្រើសរើសគឺឆ្អើរគ្រាប់ស្រូវដំណើបលើភ្លើងធ្យូង រួចយកគ្រាប់ស្រូវចេញ ហើយដាក់ចូលត្បាល់ថ្ម ដើម្បីបុក។ ក្រៅពីផលិតផលអំបុកប្រពៃណីនោះ ផលិតផលមួយចំនួនទៀតដែលធ្វើពីអង្ករដំណើប Khau Tan Don ក៏ត្រូវបានអភិវឌ្ឍន៍ ដើម្បីដាក់លក់នៅទីផ្សារ។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ លោកស្រី La Thi Phuong ប្រធានសមាគមនារីឃុំ Tham Duong បានចែករំលែកថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំបានបង្កើតក្លឹបនារីចំនួន ៣ ក្រុម នៅឃុំ Tham Duong ហើយក្លិបនីមួយៗមានសមាជិកាពី ១៥ ទៅ ២០ នាក់។ ជារៀងរាល់ឆ្នាំ យើងខ្ញុំបានរៀបចំប្រមូលផលស្រូវ Khau Tan Don ហើយបង្កើតផលិតផលផ្សេងៗគ្នាជាច្រើនដូចជា អំបុក អង្ករ និងនំអន្សមខ្មៅ។ ផលិតផលអំបុកចំរដូវកាលគឺមានតម្លៃសេដ្ឋកិច្ចខ្ពស់ជាង ដោយនាំមកនូវប្រភពប្រាក់ចំណូលជូនបងប្អូននារីផងដែរ”។

នៅឆ្នាំ២០២១ ឃុំ Tham Duong ទាំងមូលមានផ្ទៃដីដាំដំណាំស្រូវ Khau Tan Don ជិត ១០០ ហិកតា។ ផលិតផលអំបុក Khau Tan Don គឺជានិមិត្តសញ្ញាវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Thai នៅមូលដ្ឋាន។ ការថែរក្សា និងធ្វើអាជីវកម្មលើតម្លៃរបស់ស្រូវដំណើប Khau Tan Don កំពុងជាទិសដៅ ដែលត្រូវបានអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់ពិសេស។ ដោយមានគោលដៅអភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយការឆ្លងបទពិសោធន៍នាពេលខាងមុខ ជាពិសេសគឺតាមរយៈមហោស្រពអំបុក ដែលបានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ។ លោក Hoang Giang Nam អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tham Duong បានឲ្យដឹងថា៖ “ថ្នាក់ដឹកនាំឃុំបានរៀបចំមហោស្រពអំបុក សំដៅបង្កើតបុព្វបទ ដើម្បីអភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍នាពេលខាងមុខ។ យើងខ្ញុំបានខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៣ នឹងនាំពាណិជ្ជសញ្ញាអំបុក Khau Tan Don ទៅកាន់ទីផ្សារ ដើម្បីបម្រើទេសចរណ៍សហគមន៍ផងដែរ”។

Khau Tan Don គឺជាផលិតផលអង្ករដំណើបដើបដំបូងនៅទូទាំងប្រទេស ដែលត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្ដល់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅឆ្នាំ ២០១៨។ នៅឆ្នាំ ២០២០ មូលដ្ឋានក៏បានកសាងពាណិជ្ជសញ្ញាផលិតផល OCOP ផ្កាយ ៤ ប្រកបដោយជោគជ័យផងដែរ។ ដោយមានតម្លៃលក់ថេរពី ៣ ទៅ ៤ ម៉ឺនដុង ចំពោះអង្ករដំណើបមួយគីឡូក្រាម; ១០ ទៅ ២០ ម៉ឺនដុងចំពោះអំបុក ១ គីឡូក្រាមនោះ ពាណិជ្ជសញ្ញាអង្ករដំណើបទន់ប្រអូប Khau Tan Don កំពុងនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ ដោយរួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅជូនប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ