(VOVWORLD) - វត្ត Doi នៅខេត្ត Soc Trang ភូមិភាគខាងត្បូង វៀតណាមតែងតែរៀបចំការប្រគំភ្លេងពិណពាទ្យ។ នេះជាប្រភេទតូរ្យតន្រ្តីដ៏ពីរោះរបស់ជនជាតិខ្មែរដែលទទួលបានននូវការចាប់អារម្មណ៍និងការនិយមចូលចិត្តយ៉ាងខ្លាំងពីប្រជាជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
វត្ត Doi នៅខេត្ត Soc Trang ភូមិភាគខាងត្បូងវៀតណាមតែងតែរៀបចំការប្រគំភ្លេងពិណពាទ្យ។ នេះជាប្រភេទតូរ្យតន្រ្តីដ៏ពីរោះរបស់ជនជាតិខ្មែរដែលទទួលបានននូវការចាប់អារម្មណ៍និងការនិយមចូលចិត្តយ៉ាងខ្លាំងពីប្រជាជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
នេះជាសំលេងតូរ្យតន្រ្តីលាន់លឺក្នុងសាលាវត្តមួយខ្នង។មានលោកនេនមួយចំនួនកំពុងវាយរនាតហើយសំលេងរនាតផ្សំនឹងសំលេងពិណនិងគងនានាក្នុងវង់ភ្លេងបង្កើតឡើងសំលេងដ៏ពីរោះគួរឲ្យទាក់ទាញ។ តាមលោកគ្រូ Lam Minh Cuong ជាអ្នកបង្រៀនឲ្យក្រុមលោកនេនបានឲ្យដឹងថាលោកនេនទាំងនេះមានអាយុពី៧ឆ្នាំដល់១៣ឆ្នាំ។ គេត្រូវបានគ្រួសារបញ្ជូន មក បួសនៅវត្ត Doi ហើយបានរៀនភ្លេងនិងការលេងឧបករណ៍ភ្លេងខ្មែរ។ លោកគ្រូ Lam Minh Cuong បានថ្លែងថា
“នៅទីនេះក្រុមលោកនេនរៀនភ្លេងផងនិងសំដែងឲ្យភ្ញៀវទេសចរទស្សនាផង។ គេរៀនឆាប់ចេះជាងមនុស្សចាស់ដោយក្នុងមួយខែរៀនបានជាង១០បទ។ ខ្ញុំបង្រៀនការលេងឧបករណ៍ភ្លេងខ្មែរឲ្យគេក្នុងគោលបំណងសំខាន់គឺថែរក្សាវប្បធម៌ប្រពៃណីជាតិ”។
វង់ភ្លេងពិណពាទ្យនៅវត្ត Doi
|
លោកគ្រូ Lam Minh Cuong បានឧទ្ទេសនាមពីឧបករណ៍ភ្លេងខ្មែរមួយចំនួនដូចខាងក្រោម៖
“នេះជាវង់ភ្លេងពិណពាទ្យដោយមានគ្រឿងតន្រ្តីជាច្រើនដែលមានតួនាទីខុសពីគ្នា។ រនាតនេះហៅរនាតឯក រីឯរនាតនោះគឺរនាតធុង។ ក្នុងវង់ភ្លេងពិណពាទ្យខ្មែរនៅមានគង វង់តូចវង់ធំដែលធ្វើពីលង្ហិន។ ចំណែកស្គរក្នុងវង់ភ្លេងនេះមានមុខទាំងសង្ខាងត្រូវបានគេ ពាសដោយស្បែកក្របីនិងស្បែកគោ”។
ក្នុងវង់ភ្លេងរបស់លោកគ្រូ Lam Minh Cuong គួរឲ្យចាប់អារម្មណ៍បំផុតគឺគងវង់តូចនិង វង់ធំធ្វើពីលង្ហិន។ ក្នុងវង់គងនីមួយៗមានសម្នៀង១៦ដែលបានចងព្យួរតម្រៀបគ្នាត្រង់ចន្លោះរង្វង់គងតាមលំដាប់ពីតូចទៅធំ។
នៅខាងក្រៅសាលាវត្ត ក្រោមម្លប់ដើមឈើធំៗ វង់ភ្លេងពិណពាទ្យមួយទៀតដែលមានសិល្បករក្នុងវ័យពី៤០ដល់៧០ឆ្នាំក៏កំពុងប្រគំបទភ្លេងប្រជាប្រិយខ្មែរមួយបទដែរ។
បទភ្លេងនេះ តាមលោក Trinh Tien ជាសិល្បករមួយរូបក្នុងវង់ភ្លេងពិណពាទ្យវត្ត Doi គឺតែងបានគេប្រគំក្នុងឱកាសបុណ្យទានធំៗនៃជនជាតិខ្មែរ។លោក Trinh Tien បានថ្លែងថា
“ឧបករណ៍ភ្លេងនេះភាសាខ្មែរហៅឃឹម រីឯភាសាវៀតណាមហៅ Tam thap luc មានន័យ ថាចាប៉ី៣៦ខ្សែ។ ខាងនោះជាទ្រនិងចាប៉ីដងវែង។គ្រឿងភ្លេងផ្លុំមានស្រឡៃ ខ្លុយ និងប៉ី។ វង់ភ្លេងរបស់ខ្ញុំប្រគំនៅទីនេះជារៀងរាល់ថ្ងៃដើម្បីបំរើពិធីបុណ្យសែនព្រេន កំដរអារម្មណ៍ភ្ញៀវទេសចរនិងដើម្បីផ្សព្វផ្សាយនូវវប្បធម៌ខ្មែរទៀតផង”។
ក្រៅពីបទភ្លេងខ្មែរ ក្រុមសិល្បករក្នុងវង់ភ្លេងរបស់លោក Trinh Tien ក៏អាចប្រគំបាននូវបទភ្លេងផ្សេងៗរបស់ជនជាតិ Kinh ជនជាតិHoa និងជនជាតិឡាវទៀត។
សំលេងប្រគំភ្លេងពិណពាទ្យនៅវត្ត Doi បានរួមចំណែករីកសាយភាយវប្បធម៌ប្រពៃណីខ្មែរ ព្រមទាំងពង្រឹងមនោសញ្ចេតនាសាមគ្គីភាពរវាងបណ្ដាជនជាតិជាបងប្អូនរួមរស់ជាមួយគ្នាក្នុងភាពសុខសាសន្តត្រាណនិងសុភមង្គល៕