វត្ត Thanh - វត្តបុរាណនៅក្បែរដងទន្លេ Ky Cung
(VOVWORLD) - វត្ត Thanh គឺជាវត្តបុរាណមួយដែលត្រូវបានរៀបចំណាក់ថ្នាក់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិ ហើយជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ល្បីឈ្មោះ ដែលត្រូវបានភ្ញៀវទេសចរជាច្រើនជ្រើសរើសមកទស្សនានៅពេលអញ្ជើញមកដល់ខេត្ត Lang Son ។ ភាពបុរាណនិងរឿងរ៉ាវប្រវត្តិសាស្រ្តអំពីវត្តត្រូវបានថែរក្សាអស់រយៈពេលរាប់រយឆ្នាំ ហើយក្លាយទៅជាគោលដៅទាក់ទាញពិសេសចំពោះ ភ្ញៀវទេសចរមកពីគ្រប់ទិសទី។
វត្ត Thanh - វត្តបុរាណនៅក្បែរដងទន្លេ Ky Cung |
វត្ត Thanh ស្ថិតនៅក្បែរដងទន្លេ Ky Cung ទីក្រុង Lang Son។ វត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី ១៥ ក្រោមរាជ្ជកាលស្រេច Le So ហើយមានឈ្មោះហៅថា Huong Lam Tu ក្រោយមកប្តូរឈ្មោះជា Dien Khanh Tu និង Tuan Khanh Tu ។ នៅឆ្នាំ ១៧៩៦ វត្តនេះត្រូវបានផ្លាស់ប្តូរមកទីតាំងបច្ចុប្បន្ន (មានចម្ងាយ ២០០ ម៉ែត្រពីទីតាំងចាស់) ហើយត្រូវបានដាក់ឈ្មោះថា Dien Khanh Tu វិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៅទីនេះនៅតែស្គាល់ឈ្មោះដ៏សាមញ្ញគឺ "វត្ត Thanh" ព្រោះវត្តស្ថិតនៅក្បែរកំពែងបុរាណ។
វត្ត Thanh មានស្ថាបត្យកម្មដ៏ពេញនិយមបំផុតរបស់វត្តអារ៉ាមវៀតណាម ពោលគឺមានស្ថាបត្យកម្មខាងក្នុងមានរាងជាអក្ស Cong ហើយខាងក្រៅមានរាងអក្សរ Quoc (អក្សរបុរាណ)។ វត្តនេះមានល្វែងធំតូចចំនួន ៨ ហើយត្រូវបានជួសជុលកែលម្អជាប្រចាំ។ ដូច្នេះហើយ វត្តជានិច្ចកាលរក្សាបានលក្ខណៈធំទូលាយ និងស្រស់ស្អាតរហូតមកដល់បច្ចុប្បន្ននេះ។ ដំបូលវត្តត្រូវបានឆ្លាក់យ៉ាងល្អប្រណិតដោយមានរូបសត្វពិសដ្ឋទាំង ៤ គឺ នាគ ភីស៊ីវ អណ្ដើក និងហង្ស។ សសរទាំងអស់ក្នុងវត្តសុទ្ធតែបានធ្វើពីឈើផ្ចឹកធំ មានកម្ពស់ ៩ ម៉ែត្រ ហើយត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់តាមស្ថាបត្យកម្មអាស៊ីខាងកើត។ ទ្វារវត្តត្រូវបានឆ្លាក់ប្រៀបប្រដូចជាផ្ទាំងគំនូរអញ្ចឹង។ ជាពិសេស នាបច្ចុប្បន្ននេះ វត្តនៅតែរក្សាបានជួងមួយ ដែលមានទម្ងន់ ៦០០គីឡូក្រាម ហើយត្រូវបានចាក់តាំងពីឆ្នាំ ១៦៧១ ) ក្រោមរជ្ជកាលស្តេច Lê Huyền Tông និងសិលាចារឹកវត្ត Dien Khanh ដែលបានកសាងឡើងនៅឆ្នាំ ១៧៩៦ ក្រោមរជ្ជកាលស្តេច Canh Thinh ។ អញ្ជើញមកវត្ត Thanh ភ្ញៀវទេសចរក៏បានទស្សនាព្រះពុទ្ធបដិមាយក្ស ដែលទម្ងន់ជាង ៣០ តោន។ លោក Hoang Minh Vu ពលរដ្ឋម្នាក់នៅទីក្រុង Lang Son បានចែករំលែកថា៖ “តាំងពីកុមារភាព ជីដូនជីតា និងឪពុកម្តាយបានជូនខ្ញុំមកវត្តនេះថ្វាយបង្គុំ និងគយគន់ទេសភាព ហើយខ្ញុំនៅតែរក្សាទម្លាប់នេះរហូតដល់ពេលធំដឹងក្ដី។ ចំពោះមនុស្សគ្រប់រូប វត្តនេះមិនត្រឹមតែជាគោលដៅទេសចរណ៍ខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងមានតម្លៃវប្បធម៌ អត្ថន័យខាងស្មារតីដ៏ធំធេងទៀតផង។ នៅពេលគយគន់វត្តបុរាណនៅក្បែរដងទន្លេ Ky Cung នេះ ខ្ញុំកាន់តែមានមោទនភាព និងស្រឡាញ់ទឹកដី Lang Son ថែមទៀតផងដែរ”។
បច្ចុប្បន្ន វត្ត Thanh ជាទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាម ខេត្ត Lang Son។ ជារៀងរាល់ឆ្នាំ ទីនេះក៏ជាកន្លែងរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនាដ៏សំខាន់ៗជាច្រើនដូចជាពិធីបុណ្យ Vu Lan ពិធីបុណ្យវិសាខបូជា។ ព្រះតេជគុណ Thich Quang Truyen ប្រធានក្រុមប្រឹក្សាភិបាលព្រះពុទ្ធសាសនាវៀតណាមខេត្ត Lang Son ព្រះចៅអធិការវត្ត Thanh មានពុទ្ធដីកាថា៖ “យើងខ្ញុំតែងតែខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងវត្តឲ្យបានស្រស់ស្អាត
សម្រាប់ធ្វើសក្ការបូជា និងអនុវត្តន៍ល្អការងារថែទាំ ជួសជុលកែលម្អឡើងវិញ។ បច្ចុប្បន្ន វត្តមានលក្ខណៈពេញលេញអំពីវត្តបុរាណវៀតណាម ពោលគឺស្រស់ស្អាតអំពីស្ថាបត្យកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយសក្តិសិទ្ធិទៀតផង។ យើងខ្ញុំសង្ឃឹមថា នាពេលមកដល់ខេត្ត Lang Son ភ្ញៀវទេសចរនឹងអញ្ជើញមកវត្ត Thanh ម្តង ដើម្បីឮស្នូរសម្លេងជួងបន្លឺឡើងនៅលើដងទន្លេ Ky Cung។ យើងនឹងស្រឡាញ់ទឹកដីវៀតណាមជាង ចេះគោរពរាល់តម្លៃដែលយើងមានសព្វថ្ងៃនេះ ដែលដូនតាយើងបានបន្សល់ទុកមក ដើម្បីឱ្យមនុស្សគ្រប់រូបមានស្មារតីទទួលខុសត្រូវរួមដៃគ្នាថែរក្សាកេរ្កិ៍ដំណែលវប្បធម៌ជាតិផងដែរ”។
នៅឆ្នាំ ២០០៧ វត្តត្រូវបានចុះឈ្មោះក្នុងកំណត់ត្រា Guinness ជាមួមកិត្តិនាម "វត្តដែលមានពុទ្ធបដិមាធ្វើពីស្ពាន់ច្រើនបំផុតនៅវៀតណាម" |
នាបច្ចុប្បន្ន វត្ត Thanh នៅខេត្ត Lang Son មានព្រះពុទ្ធបដិមាធ្វើពីស្ពាន់ចំនួន ៥៣ អង្គ។ នៅឆ្នាំ ២០០៧ វត្តត្រូវបានចុះឈ្មោះក្នុងកំណត់ត្រា Guinness ជាមួមកិត្តិនាម "វត្តដែលមានពុទ្ធបដិមាធ្វើពីស្ពាន់ច្រើនបំផុតនៅវៀតណាម"។ ពុទ្ធបដិមាធ្វើពីស្ពាន់ទាំងអស់ ត្រូវបានឆ្លាក់យ៉ាងប្រណិត និងល្អឥតខ្ចោះ។ វត្ត Thanh ក៏ត្រូវបានចុះឈ្មោះក្នុងសៀវភៅកំណត់ត្រាវៀតណាម VIETKINGS ផងដែរ ពោលគឺជាវត្តដែលបានបង្ហោះគោមបួងសួងសុំសេចក្ដីសុខសន្តត្រាណច្រើនបំផុតនៅវៀតណាម។ ក្នុងពិធីបុណ្យវិសាខបូជា នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០០៨ អ្នកមុខអ្នកការបានរួមគ្នាប្រារព្ធពិធីបុណ្យវិសាខបូជា ដោយមានប្រទីបជ្វាលាចំនួន១០ ០០០។ រូបភាពប្រទីបជ្វាលាដែលបានអណ្តែតលើដងទន្លេ Ky Cung បានបង្កើតរូបភាពដ៏ស្រស់ស្អាតដែលមិនអាចពិពណ៌នាឡើយ។ នេះគឺជាបំណងប្រាថ្នាអំពីសេចក្ដីសុខសាន្តត្រាណសម្រាប់ពិភពលោក។ លោកបណ្ឌិត Hoang Van Pao ប្រធានសមាគមបេតិកភណ្ឌខេត្ត Lang Son បានឲ្យដឹងថា៖ “តម្លៃរបស់វត្តនេះពិតជាកម្រ និងវិសេសវិសាលណាស់។ នេះក៏ជានិមិត្តសញ្ញាវប្បធម៌នៅពេលដែលវាស្ថិតនៅក្នុងមណ្ឌលកេរ្កិ៍ដំណែលវត្តប្រាសាទ Ky Cung ដែលជានិមិត្តរូបរបស់ខេត្ត Lang Son និយាយរួម និងក្នុងចិត្តរបស់ប្រជាជននិយាយដោយឡែក។ វត្តនេះក៏ត្រូវបានចាត់ទុកថាជាសញ្ញាសម្គាល់វប្បធម៌អំពីជំនឿព្រះពុទ្ធសាសនាក្នុងចិត្តរបស់ប្រជាជន។ នេះក៏ជាចំណុចរំលេច ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរចាតិមកទស្សនាឃ្លាំងវប្បធម៌ដ៏ធំសម្បើមរបស់ខេត្ត Lang Son ផងដែរ”។
វត្ត Thành ជាទីកន្លែងក្សេមក្សាន្ត ហើយជាទីកន្លែងដែលអ្នកមុខអ្នកការមកពីគ្រប់ទិសទីតែងតែនិមន្តមក ដើម្បីសម្ដែងទឹកចិត្តគោរពព្រះពុទ្ធ។ វត្តនេះក៏ជាគោលដៅទេសចរណ៍ខាងវិញ្ញាណ ដែលទាក់ទាញភ្ញៀវទេសចរទាំងជិតនិងឆ្ងាយ យ៉ាងច្រើនកុះករមកទស្សនាផងដែរ៕