ស្រុក Yen Minh ខិតខំប្រឹងប្រែងក្លាយទៅជាចំណុចភ្លឺនៃទេសចរណ៍ខេត្ត Ha Giang
(VOVWORLD) - Ha Giang - ទឹកដីនៃទេសភាពធម្មជាតិដ៏ធំសម្បើម ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិភាគតិច និងម្ហូបប្រចាំតំបន់ដ៏ឆ្ងាញ់ពិសារ។ ក្នុងដំណើរស្វែងរកទឹកដី និងមនុស្សនៅទីនេះ ភ្ញៀវទេសចរណ៍មិនគួររំលងគោលដៅ Yen Minh ដែលជាស្រុកនៅតំបន់ព្រៃភ្នំព្រំដែន ស្ថិតនៅភាគឦសាន ហើយមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីទីក្រុង Ha Giang ។
ព្រៃស្រល់ Yen Minh |
រំលឹកដល់ស្រុក Yen Minh គឺរំលឹកដល់ទួលស្រល់ដ៏ខៀវស្រងាត់ ភូមិស្រុកដ៏សាមញ្ញា សុខសាន្ត និងផ្កា buckwheat ដ៏រ៉ូម៉ែនទិក។ គោលដៅ ដែលភ្ញៀវទេសចរចូលចិត្តបំផុតនៅពេលមកដល់ស្រុក Yen Minh គឺព្រៃស្រល់ Yen Minh។ ព្រៃស្រល់ស្ថិតនៅភូមិសាស្ត្ររបស់ខេត្តចំនួន ៣ គឺ Bach Dich, Lao Va Chai និង Na Khe ដែលមានរហស្សនាមជា Da Lat ខ្នាតតូចនៅខេត្ត Ha Giang។ នៅទីនេះ ភ្ញៀវទេសចរបានសម្របខ្លួនក្នុងបរិយាកាសស្រស់ស្រាយ ត្រជាក់ស្រួល ស្ងប់ស្ងាត់ ជាមួយដើមស្រល់គ្រប់ប្រភេទ។ ក្រឡេកមើលពីព្រៃស្រល់ ពីចម្ងាយគឺជាផ្ទះប្រពៃណីរបស់បងប្អូនជនជាតិ Mong និងជនជាតិ Tay ដែលជួយតុបតែងបន្ថែមនូវផ្ទាំងគំនូរដីស្រស់ស្អាតនៅទីនេះ។ លោក Nguyen Hoang មកពីទីក្រុងហាណូយ បានចែករំលែក៖
“នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានទស្សនាភូមិ Yen Minh នៅខេត្ត Ha Giang។ ខ្ញុំចាប់អារម្មណ៍ជាមួយទេសភាពនៅទីនេះណាស់។ នៅទីនេះ យើងអាចទស្សនាព្រៃស្រល់ ស្រូបខ្យល់អាកាសបរិសុទ្ធ។ យើងខ្ញុំបានបោះជំរំ និងស្នាក់នៅទីនេះមួយយប់យ៉ាងសប្បាយរីករាយ”។
អញ្ជើញមកស្រុក Yen Minh ភ្ញៀវទេសចរអាចទៅទស្សនាភូមិវប្បធម៌ទេសចរណ៍សហគមន៍ភូមិ Buc Ban ជាមួយដំបូលផ្ទះឈើផុតពីដីដ៏បុរមបុរាណរបស់បងប្អូនជនរួមជាតិ Tay និង Giay។ ភ្ញៀវទេសចរអាចទៅទស្សនាល្អាងភ្នំ Na Luong ជញ្ជាំងកំពែង Lung Ho មូលដ្ឋានបដិវត្តន៍ល្អាង Co Cai ។ ភ្ញៀវទេសចរក៏អាចស្វែងយល់ពីជីវភាពរស់នៅខាងវប្បធម៌ និងព្រលឹងវិញ្ញាណរបស់ជនជាតិភាគតិចចំនួន ១៦ នៅស្រុក Yen Minh ដូចជា៖ Mong, Tay, Dao, Nung, Bo Y និង Pu Peo។
ដោយមានសក្តានុពល និងគុណសម្បត្តិជាច្រើន ស្រុក Yen Minh មានការបោះជំហានដំបូងក្នុងការទាក់ទាញភ្ញៀវទេសចរជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍទេសចរណ៍នៅស្រុក Yen Minh នៅតែជួបការលំបាកជាច្រើន។ លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅ ស្រុក Yen Minh បានសុក្រិតមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍រួចរាល់ជាជំហានៗ ប្រជាពលរដ្ឋបានចាប់ផ្តើមចូលរួមសាងសង់ខ្សែទេសចរណ៍ ទីកន្លែងស្នាក់នៅដើម្បីស្វាគមន៍ភ្ញៀវទេសចរ៖
“ខ្ញុំគិតថាស្រុក Yen Minh ចង់អភិវឌ្ឍទេសចរណ៍បន្ថែមទៀត និងកសាងអត្តសញ្ញាណវប្បធម៌ ទេសភាព ប្រភពធនធានមនុស្ស។ យើងខ្ញុំក៏មានបំណងចង់រៀបចំផែនការភូមិទេសចរណ៍វប្បធម៌សហគមន៍ឡើងវិញផងដែរ។ ក្រៅពីនេះ យើងក៏ត្រូវគិតគូអំពីការដែលភ្ញៀវទេសចរអាចចូលរួម និងផ្លាស់ប្ដូរអត្តសញ្ញាណវប្បធម៌
ម្ហូបអាហារផងដែរ”។
សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍ទេសចរណ៍នៅស្រុក Yen Minh ខេត្ត Ha Giang នាថ្ងៃទី ១៣ ឧសភា។ រូបថត៖ VOV |
ដើម្បីពង្រីករាល់តម្លៃវប្បធម៌ សក្តានុពលប្រៀបខ្លាំងរបស់ស្រុក ធ្វើជាកម្លាំងចលករ និងប្រភពធនធានដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទាក់ទាញភ្ញៀវទេសចរ ស្រុក Yen Minh បានវិនិយោគកែលំអ លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងផ្លូវគមនាគមន៍ ឆ្ពោះទៅគោលដៅទទួល និងបម្រើភ្ញៀវទេសចរឲ្យបានល្អប្រសើរ នារយៈពេលខាងមុខ។ ក្នុងសិក្ខាសាលាពន្លឿនការផ្សព្វផ្សាយទេសចរណ៍ស្រុក Yen Minh ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុននៅភូមិ Du Gia លោក Luong Duy Doanh នាយកក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មទេសចរ ផ្កាយ ៥ - Five Star Travel បានចាត់ទុកថា៖
“យើងចាំបាច់ត្រូវសុក្រិតប្រព័ន្ធផ្លូវគមនាគមន៍ ជាពិសេសគឺខ្សែផ្លូវទី ៤ និងខ្សែផ្លូវទៅកាន់ស្រុក Yen Minh ត្រូវបានវិនិយោគកែលម្អ និងដំឡើងសញ្ញាព្រមានបន្ថែម។ ប្រការពិសេសគឺការរៀបចំផែនការ តុបតែងកែលម្អទីក្រុង និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បរិណាមភ្ញៀវទេសចរទៅទស្សនាស្រុក Yen Minh កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីឆ្នាំមុន បរិមាណភ្ញៀវទេសចរសរុបដែលស្នាក់នៅក្នុងស្រុកសម្រេចបានប្រមាណ ៩ ម៉ឺនលើកនាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ ម៉ឺនលើកនាក់។ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៥ ម៉ឺនលើកនាក់បានទៅទស្សនាស្រុក Yen Minh។ តាមការរំពឹងទុក ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២៣ ស្រុក Yen Minh នឹងទាក់ទាញភ្ញៀវទេសចរចំនួន ១៥ម៉ឺនលើកនាក់ផងដែរ៕