សារមន្ទីរសិល្បៈប៉ាក់ដំបូងនៅទីក្រុង ហ្វេ
(VOVWORLD) - ស្ថិតនៅលើវិថីដើរថ្មើជើង Nguyen Dinh Chieu តាមបណ្ដោយទន្លេ Huong នៅទីក្រុងហ្វេ សារមន្ទីរសិល្បៈប៉ាក់ XQ ជាទីកន្លែងគួរឲ្យទាក់ទាញចំពោះ ប្រជាជន ភ្ញៀវទេសចរនិងមជ្ឈដ្ឋានអ្នកស្រាវជ្រាវសិល្បៈ។ ទីនេះនាំមកនូវការ ចាប់អារម្មណ៍ដ៏វិសេសវិសាលអំពីមុខរបរប៉ាក់ប្រពៃណីរបស់ជនវៀតណាមតាម រយៈសិល្បៈដំឡើងវត្ថុ។
វណ្ណកម្មដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរសិល្បៈប៉ាក់ XQ (រូបថត៖ cand.com.vn) |
មកដល់សារមន្ទីរសិល្បៈ XQ នាពេលព្រះអាទិត្យរៀបអស្តង្គតហើយ ក្រោមពន្លឺអំពូលភ្លើង ណេអុង រាល់គំនូរប៉ាក់ដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនេះ ហាក់ដូចជាកាន់តែស្អាតឆើតឆាយនិងល្អប្រណិតថែមទៀត។ លោក Truong Vi Luong ភ្ញៀវទេសចរមួយរូបមកពីទីក្រុងហូជីមិញ កំពុងដើរជុំវិញទស្សនាគំនូរប៉ាក់ នៅទីនេះ។ លោកបានសំណេះសំណាលថា៖
“គំនូរប៉ាក់ទាំងនេះមានភាពប្លែកអារម្មណ៍គួរឲ្យទាក់ទាញណាស់ ដែលនាំ ខ្ញុំចូលក្នុងពិភពលោកដោយឡែកនៃសិល្បៈ។ នៅទីនោះគ្មានភាពអ៊ូអរប្រញាប់ ប្រញាល់ដូចនៅខាងក្រៅសង្គមឡើយ។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តកំសាន្តសិល្បៈ”។
នាបច្ចុប្បន្ន សារមន្ទីរសិល្បៈប៉ាក់ XQ កំពុងដាក់តាំងបង្ហាញវណ្ណកម្ម ប្រមាណ៤០០ ដែលក្នុងនោះភាគច្រើនគឺគំនូរប៉ាក់លើផ្ទៃសង្ខាង គំនូរប៉ាក់ទេសភាព គំនូរប៉ាក់ឆាយល័ក្ស និងគំនូរប៉ាក់ផ្កាគ្រប់ប្រភេទជាដើម។ ស្នាដៃទាំងនេះឧទ្ទេស នាមអំពីប្រវតិ្តសាស្ត្រនៃមុខរបរប៉ាក់ សិល្បៈប៉ាក់ និងការអភិរក្ស ពង្រីកមុខរបរ នេះទៀតផង។ លោក Denis ភ្ញៀវទេសចរមកពីប្រទេសសឹង្ហបុរី បានឲ្យដឹងថា៖
“អស្ចារ្យណាស់។ នៅទីនេះមានវណ្ណកម្មជាច្រើនដែលខ្ញុំមិនធ្លាប់ឃើញ តាំងពីមុនមក ហើយធ្វើឲ្យខ្ញុំយល់អំពីរបរប៉ាក់ប្រពៃណីរបស់វៀតណាម។ គំនូរ ប៉ាក់នៅទីនេះខុសប្លែកជាច្រើនបើប្រៀបនឹងគំនូរប៉ាក់នៅប្រទេសចិន។ ស្អាត ណាស់”។
(រូបថត៖ cand.com.vn) |
ក្រៅពីលំហរតាំងបង្ហាញក្នុងផ្ទះ សារមន្ទីរសិល្បៈប៉ាក់ XQ នៅតែមានលំហរ នៅកណ្ដាលវាលដែលត្រូវបានតុបតែងដោយផ្កាគ្រប់ប្រភេទនិងដើមឈើស្រស់ៗទៀតផង។ នៅលំហរតាំងបង្ហាញនេះ គេតែងតែរៀបចំព្រឹត្តិការណ៍ដ៏សម្បូរបែប ដូចជាពិធីបុណ្យ ការជួបប្រាស្រ័យវប្បធម៌និងការសម្ដែងសិល្បៈប្រពៃណីហ្វេ។ នៅក្នុងសារមន្ទីរ ក៏មានតំបន់ឆ្លងកាត់ពិសោធន៍របរប៉ាក់ទៀតផង។ នៅទីនេះ ភ្ញៀវទេសចអាចឃើញដោយផ្ទាល់ភ្នែកនូវភាពប៉ិនប្រសពនិងភាពស្ទាត់ជំនាញ របស់បណ្ដាសិប្បករសិប្បការិនី ដើម្បីបង្កើតឡើងគំនូរប៉ាក់ដ៏ស្អាតអស្ចារ្យ។ លោក Vo Van Quan អគ្គនាយកក្រុមហ៊ុន XQ វៀតណាម ជាអង្គភាពគ្រប់គ្រង សារមន្ទីរសិល្បៈប៉ាក់ XQ បានចែករំលែកថា៖
“សារមន្ទីរនេះជាទីកន្លែងដែលលើកតម្កើងសិល្បៈប៉ាក់ប្រពៃណី ភាពប៉ិន ប្រសព ភាពស្ទាត់ជំនាញនិងសមត្ថភាពខាងសោភ័ណ្ឌរបស់ស្ត្រីវៀតណាម។ សារ មន្ទីរនេះ ក៏សរឲ្យឃើញនូវតំលៃស្ដីពីអ្នកស្រីប្រកបមុខរបរប៉ាក់ ឬការដែលអ្នកស្រី ប្រកបមុខរបរប៉ាក់នោះ ផ្ដែផ្ដាំឲ្យកូនៗថា នាពេលធំដឹងក្ដី បានស្នងការទទួលខុស ត្រូវចំពោះស្រុកកំណើតនិងប្រទេសជាតិ”។
កាលពីដើមទសវត្ស៩០នៃសតវត្សទី២០ មុខរបរប៉ាក់គំនូរលើសូត្ររបស់ វៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទៅដល់កំពូល។ នាគ្រានោះ សិប្បករ Vo Van Quan និងសិប្បការិនី Hoang Le Xuan បានកំណត់ទិសដៅថ្មីសំរាប់មុខរបរ នេះដោយការគួបផ្សំរវាងសិល្បៈវិចិត្រកម្មជាមួយនឹងបច្ចេកទេសប៉ាក់ប្រពៃណី ដែលលោកស្រី Hoang Le Xuan ជាជនដើមកំណើតហ្វេមួយរូប ត្រូវបានមរតក។ នេះជាបុព្វបទនៃការចាប់បដិសន្ធិសារមន្ទីរសិល្បៈប៉ាក់ XQ ហ្វេ នាសព្វថ្ងៃ។ សារមន្ទីរនេះគឺជាចំណុចលេចធ្លោមួយទៀតខាងវប្បធម៌និងទេសចរនៅទីក្រុង ហ្វេ ធ្វើឲ្យហ្វេក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ ក៏ដូចជា រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃខេត្ត Thua Thien Hue ផងដែរ៕