សាលាភូមិ Tuong Phieu - កេរដំណែលជាតិពិសេសនៅវៀតណាម
(VOVWORLD) - មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីហាណូយ សាលា ភូមិ Tuong Phieu ឃុំ Tich Giang ស្រុក Phuc Tho ជាកេរដំណែលដ៏ល្បីល្បាញ មួយនៃតំបន់ដី Doai។ នេះជាសាលាភូមិធំបំផុតក្នុងតំបន់ ដោយមានស្ថាបត្យកម្ម ដ៏ពិសេសដោយឡែកនៃរាជ្យកាល Le កាលពីសតវត្សទី១៧និងទី១៨។ សាលា ភូមិ Tuong Phieu ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាកេរដំណែលជាតិពិសេស នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។
សាលាភូមិ Tuong Phieu ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ១៤៣០ (រូបថត៖ VOV5) |
សាលាភូមិ Tuong Phieu ត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ១៤៣០ ហើយ ក្រោយពីបានជួសជុលកែលំអជាច្រើនលើកច្រើនសាមក ទើបសាលាភូមិមានបរិវេណធំទូលាយនិងស្អាតឆើតឆាយដូចសព្វថ្ងៃ។ សាលាភូមិ Tuong Phieu ជាទីសក្ការៈបូជាអ្នកតា ភូមិចំនួន២អង្គគឺព្រះបាទ Tan Vien និងអ្នកតាភូមិ Quan Son ដែលជាកូនប្រសារ ប្រុសរបស់ស្ដេច Dinh Tien Hoang។ ព្រះបាទ Tan Vien ជាអាទិទេពគ្រប់គ្រងភ្នំ Tan Vien (ពោលគឺភ្នំ Ba Vi) ហើយក៏ជាព្រះបាទរាមច្បងក្នុងចំណោមព្រះបាទអមតៈ ទាំង៤អង្គតាមជំនឿប្រជាប្រិយវៀតណាមរួមមានព្រះបាទ Tan Vien ព្រះបាទ Giong ព្រះបាទ Chu Dong Tu និងព្រះម៉ែ Lieu Hanh។
សាលាភូមិ Tuong Phieu ត្រូវបានកសាងឡើងបែរមុខទៅភ្នំ Ba Vi ដែលជាកន្លែងមានវិហារធ្វើសក្ការៈបូជាព្រះបាទ Tan Vien។ តាមរឿងព្រេងបាន ដំណាល់ថា ដោយសារតែការអាណិតអាសូរចំពោះជីវភាពក្រីក្រលំបាក របស់អ្នកភូមិនៅតំបន់នេះ បានជាព្រះបាទ Tan Vien បានមកដល់ទីនេះដើម្បី បង្រៀនអោយអ្នកភូមិចេះដាំស្រូវនិងធ្វើការនេសាទ។ ចាប់តាំងពីនោះមក អ្នក ភូមិទាំងអស់គ្នាសុទ្ធតែមានជីវភាពធូធារដែរ។ លោក Khuat Van Thinh ប្រធានអនុគណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ភូមិ Tuong Phieu បានដំណាល់ថា៖
“តាមរឿងដំណាល់ថា នាឆ្នាំ១៤៣២ ព្រះបាទ Tan Vien បានមកបង្រៀន អោយអ្នកភូមិចេះធ្វើការនេសាទ។ ៣ឆ្នាំក្រោយនោះ ព្រះបាទវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលការងារនេសាទរបស់អ្នកភូមិបានធ្វើយ៉ាងដូចម្ដ៉េច។ ព្រះបាទទៅ នេសាទជាមួយអ្នកភូមិហើយចូលរួមពិធីជប់លៀងផងដែរ។ បន្ទាប់នោះ អ្នកភូមិ បានអុចភ្លើងគប់រៀបចំពិធីបុណ្យជម្រាបលាព្រះបាទវិលទៅភ្នំ Ba Vi វិញ។ មាន ខ្យល់បានបក់បោកអមដោយពពក៥ពណ៌បានជូនព្រះបាទតៅភ្នំវិញ។ អញ្ចឹង អ្នកភូមិបានហៅថា Tuong Phieu ដែលមានន័យថា ខ្យល់សំណាងល្អ”។
វិមានធំនៅក្នុងសាលាភូមិ Tuong Phieu |
សាលាភូមិ Tuong Phieu មានស្ថាបត្យកម្មពិសេសកម្រមាន។ សំណង់នេះ ត្រូវបានកសាងដោយឈើក្រញូង ថ្មបាយក្រៀម និងដីឥដ្ឋ ដែលរួមមានសំណង់ ស្នូលចំនួន២គឺ ក្លោងទ្វារធំនិងវិមានធំ។ ក្លោងទ្វារធំមានសសរទ្រូងចំនួន២ដែល ត្រូវបានឆ្លាក់ពាក្យប្រស្នាជាភាសាចិន ស្ដីពីការលើកតម្កើងគុណូបការៈរបស់ព្រះ បាទ Tan Vien។ ចំណែកឯវិមានធំវិញ គឺមានល្វែងចំនួន៥ ដែលជាទីកន្លែងធ្វើ សក្ការៈបូជាព្រះបាទ Tan Vien ផងនិងកន្លែងសម្រាប់សកម្មភាពសហគមន៍របស់ អ្នកភូមិទៀតផង។ លោក Nguyen Huy Ngoc នៅឃុំ Tich Giang បានថ្លែងថា៖
“តម្លៃខាងស្ថាបត្យកម្មសិល្បៈនៃសាលាភូមិភាគច្រើនស្ថិតនៅក្នុងវិមានធំ។ វិមានធំនេះដូចជាផ្ទះឈើមួយដែលត្រូវកសាងឡើងយ៉ាងល្អប្រណិត។ នៅលើ ដំបូលវិមាន ត្រូវបានឆ្លាក់រូបសត្វនាគបែមុខឡើងផ្ទៃមេឃចំនួន២ក្បាល។ ក្រៅ ពីនោះ នៅក្នុងសាលាភូមិក៏មានរូបចម្លាក់ដ៏ល្អប្រណិតផ្សេងៗជាច្រើនទៀតផង។ រហូតដល់សព្វថ្ងៃនេះ សាលាភូមិ Tuong Phieu នៅតែថែរក្សាវត្ថុថ្លៃថ្លាជាច្រើន”។
ពិធីបុណ្យសាលាភូមិ Tuong Phieu ត្រូវបានរៀបចំឡើង៤លើកក្នុងមួយឆ្នាំ ប៉ុន្តែពិធីបុណ្យអំណរថ្ងៃពេញបូរមីខែមិកសិរ ពោលគឺថ្ងៃកំណើតរបស់ព្រះបាទ Tan Vien នោះគឺជាពិធីបុណ្យដោយមានទ្រង់ទ្រាយធំបំផុត ដែលអូសបន្លាយ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមិកសិ។ លោក Nguyen Duy Tuc អ្នកភូមិ Tuong Phieu ម្នាក់បានអោយដឹងថា៖
“ឆ្នាំណាក៏មានពិធីបុណ្យដែរ ប៉ុន្តែពិធីបុណ្យដោយមានទ្រង់ទ្រាយធំត្រឹមតែ បានរៀបចំឡើងក្នុងរយៈពេល២ឆ្នាំម្ដងប៉ុណ្ណោះ។ ចំពោះផ្នែកពិធីការគឺមាន ពិធីសែនព្រះបាទនៅសាលាភូមិ។ ហើយចំពោះផ្នែកបុណ្យវិញ គឺមានកម្មវិធី ច្រៀងរាំ ការប្រឡងចម្អិនម្ហូប និងការលេងកីឡា ជាដើម។ ប្រជាជនមកពីភូមិជុំវិញ និងទីរួមស្រុក Son Tay មកអំណរពិធីបុណ្យយ៉ាងច្រើនកុះករណាស់”។
ជាមួយរាល់តម្លៃខាងវប្បធម៌ ប្រវត្តិសាស្ត្រនិងវិចិត្រសិល្បៈទាំងអស់នេះ សាលាភូមិ Tuong Phieu ពិតជាសំណង់ស្ថាបត្យកម្មនិមិត្តរូបនៃតំបន់ដី Doai ក៏ដូចជាសក្តិសមក្លាយទៅជាកេរដំណែលជាតិពិសេស ផងដែរ៕