អញ្ជើញទៅទស្សនាភូមិ Lung Van - ទឹកដីនៃពពក

(VOVWORLD) - មានទិតាំងស្ថិតនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ ភូមិ Lung Van ត្រូវបានប្រៀបប្រដូចទៅនឹងដំបូលនៃទឹកដី Muong Bi អញ្ចឹង ព្រោះថាវាស្ថិតនៅលើជួរភ្នំខ្ពស់ជាប់ៗគ្នាជាបន្តបន្ទាប់ក្នុងពពក ហើយក៏ជាប្រភពវប្បធម៌ដ៏ធំធេង និងបុរមបុរាណបំផុតនៅតំបន់ Muong នៃខេត្ត Hoa Binh ។ 

 

អញ្ជើញទៅទស្សនាភូមិ Lung Van - ទឹកដីនៃពពក - ảnh 1ភូមិ Lung Van - ទឹកដីនៃពពក

ត្រូវហ៊ុំព័ទ្ធដោយភ្នំ Trau ភ្នំ Po ភ្នំ Tien នោះ ភូមិ Lung Van មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ ទេសភាពធម្មជាតិដ៏ធំមហិមា និងរហោស្ថាន ព្រមទាំងមានលក្ខណៈជីវភាពរស់នៅខាងវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong។ ដូច្នេះហើយ ភូមិ Lung Van បានក្លាយទៅជាគោលដៅដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍គ្រប់រូប។

មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុង Hoa Binh ប្រមាណ ៤០ គីឡូម៉ែត្រ ឃុំ Lung Van ស្រុក Tan Lac (ហៅម្យ៉ាងទៀតថា Muong Chum) គឺជាប្រភពវប្បធម៌មួយក្នុងចំណោមប្រភពវប្បធម៌ដ៏ធំ និងបុរមបុរាណបំផុតទាំង ៤ នៅតំបន់ Muong Hoa Binh ។ ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង និងធំមហិមា ព្រមទាំងមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនោះ ឃុំ Lung Van គឺជាគោលដៅមកដល់របស់ភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរយ៉ាងច្រើនកុះករ។

ភូមិ Lung Van ស្ថិតនៅកំពស់ ១ ២០០ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ហើយត្រូបានគ្របដណ្តប់ដោយពពកពេញមួយឆ្នាំ ដូច្នេះហើយ ត្រូវបានគេប្រសិទ្ធនាមថា  Thung May។ ទីកន្លែងនេះត្រូវបានចាត់ទុកថាជា “ដំបូលតំបន់ Muong Bi” ព្រោះថាកន្លែង នេះគឺជាតំបន់រស់នៅខ្ពស់បំផុតរបស់ជនរួមជាតិ Muong ព្រមទាំងជាកន្លែងដែលបង្កប់នូវរឿងព្រេងនិទានជាច្រើនផងដែរ។ អ្នកទេសចរមួយចំនួនបានឲ្យដឹងថា៖ “ខ្ញុំចាប់អារម្មណ៍បំផុតចំពោះទេសភាពរហោស្ថាននៅទីនេះ ព្រោះថាទេសភាពធម្មជាតិនៅទីនេះនៅតែមានលក្ខណៈដ៏វិសេសវិសាលខុសប្លែងកពីកន្លែងផ្សេងទៀត”។ “តាមរយៈការណែនាំរបស់មិត្តភក្តិ ខ្ញុំបានទៅទស្សនា Lung Van។ នៅលើកម្ពស់ ១ ២០០ មែត្រនោះ ខ្យល់អាកាស និងទេសភាពពិតជាអស្ចារ្យណាស់ ពោលគឺខ្យល់អាកាសធម្មជាតិពិតជាបរិសុទ្ធណាស់”។ “វាលស្រែជម្រាលភ្នំពិតជាស្រស់ស្អាតណាស់ ដោយបានបង្កើតឡើងបរិយាកាសដ៏សុខសាន្តណាស់”។

ដើម្បីធ្វើដំណើរទៅកាន់ Lung Van ភ្ញៀវទេសចរត្រូវឆ្លង់កាត់ខ្នងភ្នំខ្វាត់ខ្វែង ក្រោយមកត្រូវធ្វើដំណើរឆ្លងកាត់ចង្កេះភ្នំចំណោតទៀតផង។ នៅលើកំពូលភ្នំ ដែលគ្របដណ្ដប់ដោយពពក គឺជាតំបូលនៃតំបន់ Muong Bi។ នោះគឺជាភូមិ Lung Van ដែលជាភូមិខ្ពស់បំផុតនៃតំបន់ Muong នៃខេត្ត Hoa Binh ទាំងមូល។ នៅខាងក្រោម ភូមិ Lung Van បានលេចចេញនៅចំពោះមុខភ្ញៀវទេសចរជាមួយផ្ទះឈើផុតពីដី ហាក់ដូចជាបានព្យួរនៅលើចង្កេះភ្នំអញ្ចឹង។ នៅទីនេះ ផ្ទះឈើផុតពីដីត្រូវបានអភិរក្សយ៉ាងស្រស់ស្អាតដដែល។

បើធៀបនឹងកន្លែងផ្សេងទៀត វប្បធម៌ Muong ប្រពៃណីនៅភូមិ Lung Van ត្រូវបានអភិរក្សយ៉ាងគង់វង្សក្នុងជីវភាពរស់នៅសហគមន៍ ដូចជាពិធីបុណ្យ Na Mu ពីធីបុណ្យបង្កាត់ភ្នក់ភ្លើង ពិធីបុណ្យច្រត់នង្គ័ល ពិធីបុណ្យលាងស្លឹកស្រូវ និងលក្ខណៈវប្បធម៌ជាច្រើនទៀតផង។ អ្នកស្រី Dinh Thi Ngoan សមាជិកានៃក្រុមសម្ដែងសិល្បៈ Lung Van បានឲ្យដឹងថា៖ “យើងខ្ញុំបានថែរក្សារាល់តម្លៃវប្បធម៌ និងទំនៀមទំលាប់របស់ប្រជាជាតិ។ នៅពេលអញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរបានទៅទស្សនាជុំវិញភូមិ ដោយឃើញបងប្អូននារីត្បាញ់ចរបាប់ និងគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់បំព្រង”។

អញ្ជើញទៅទស្សនាភូមិ Lung Van - ទឹកដីនៃពពក - ảnh 2ភូមិ Lung Van - ទឹកដីនៃពពក

ក្នុងអាកាសធាតុដ៏ត្រជាក់នៅតំបន់ព្រៃភ្នំនោះ ស្នូរសម្លេងគងឃ្មោះនៅក្រោមដំបូលផ្ទះហាក់ដូចជាបានបន្លឺសម្លេងពាសពេញព្រៃភ្នំអញ្ជើញ។ ភាពសុខសាន្ត និងក្ដីស្រឡាញ់ភ្ញៀវរបស់អ្នកភូមិ Lung Van ដ៏សុភាពរាបសារ និង រាក់ទាក់រួសរាយបានធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្ដៅ ដោយទុកក្ដីកង្វាល់នៅមួយអន្លើ ដើម្បីសម្របខ្លួនទៅក្នុងទំនៀមទំលាប់វប្បធម៌របស់ភូមិ Muong Bi។ លោកស្រី Nguyen Thi Lam នៅភូមិ Lung Van ម្នាក់បានចែករំលែកថា៖ “នៅពេលដែលទារកប្រសូត្រមក ឬមានពិធីរៀបអាពាហ៍ពិពាហ៍នោះ ក្រុមគ្រួសារអ្នកភូមិតែងតែអញ្ជើញក្រុមអ្នកវាយគងឃ្មោះមកសម្ដែង ដើម្បីលើកទឹកចិត្ត  និងចែករំលែកក្ដីសប្បាយរីករាយ។ នៅពេលដែលមាននរណាម្នាក់ក្នុងភូមិបានលាចាកលោកទៅ ជាពិសេសគឺចាស់ភូមិដែលមានអាយុពី ៨០ ឆ្នាំ ឡើងទៅ យើងខ្ញុំតែងតែវាយគងឃ្មោះ ដើម្បីជូនវិញ្ញាណក្ខន្ធគេទៅកាន់សុគតិភព។ ដូច្នេះហើយ ស្នូរសម្លេងគងឃ្មោះនេះបានផ្សារភ្ជាប់ជាមួយយើងខ្ញុំ ពីបុរាណរហូតដល់បច្ចុប្បន្ននេះ”។

ភូមិ Lung Van មិនត្រឹមតែត្រូវបានធម្មជាតិប្រទានឲ្យមានទេសភាពដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងត្រូវបានគ្របដណ្ដប់ដោយជួរភ្នំ Trau ភ្នំ Po និងភ្នំTien ទៀតផង ដូច្នេះហើយ អាកាសធាតុនៅទីនេះត្រជាក់ស្រួលពេញមួយឆ្នាំ។ ទន្ទឹមនឹងនេះ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ធំមហិមា និងរហោស្ថាន រួមទាំងលក្ខណៈជីវភាពរស់នៅខាងវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិ Muong នោះ ភូមិ Lung Van បានក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងជំនះលើភ្នំពពកពេញមួយឆ្នាំដូច្នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ