អញ្ជើញទស្សនាភូមិបុរមបុរាណ Duong Lam ទីក្រុងហាណូយ

(VOVWORLD) - ភូមិបុរមបុរាណ Duong Lam ស្ថិតនៅទីរួមខេត្ត Son Tay មានចំងាយជាង ៤០ គីឡូម៉ែត្រតាមភាគខាងលិចពីរដ្ឋធានីហាណូយ។ Duong Lam គឺជាភូមិបុរាណដើមដំបូង នៅវៀតណាម ដែលត្រូវបានរដ្ឋទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិឆ្នាំ ២០០៥។ នេះគឺជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញរបស់ទីក្រុងហាណូយ ដោយសារតម្លៃដ៏វិសេសវិសាលអំពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងវប្បធម៌។
អញ្ជើញទស្សនាភូមិបុរមបុរាណ Duong Lam ទីក្រុងហាណូយ - ảnh 1ច្រកទ្វារភូមិភូមិបុរមបុរាណ Duong Lam (រូបថត៖ Thanh Ha/VNA)

នាបច្ចុប្បន្ន កេរ្កិ៍ដំណែលភូមិបុរមបុរាណ Duong Lam កំពុងអភិរក្សរាល់តម្លៃវប្បធម៌រូបី និងអរូបីដ៏សម្បូរបែប វិសេសវិសាលជាមួយនឹងកេរ្កិ៍ដំណែលជាង ៦០ ដូចជាសាលាភូមិ វត្តអារាម អាស្រម ឯកសារ ព្រះវិហារ រាប់រយ និងផ្ទះបុរមបុរាណរាប់រយខ្នងដែលមានអាយុកាលពី ១០០ ទៅ ៤០០ ឆ្នាំ។ ផ្ទះបុរមបុរាណនៅភូមិ Duong Lam ត្រូវបានសាងសង់ពីថ្មបាយក្រៀម ដែលជាសម្ភារៈដ៏វិសេសវិសាលនៅទីរួមខេត្ត Son Tay ដោយមានអាយុកាលរាប់រយឆ្នាំ។ ផ្ទះទាំងនេះមានលក្ខណៈត្រជាក់ក្នុងរដូវក្តៅ និងកក់ក្តៅក្នុងរដូវរងា។ លោក Ha Huu The ម្ចាស់ផ្ទះបុរមបុរាណមួយខ្នងនៅភូមិ Duong Lam បានឲ្យដឹងថា៖ “ជីតារបស់ខ្ញុំបានសាងសង់ផ្ទះនេះកាលពីសម័យរាជវង្ស Hau Le នាសតវត្សរ៍ទី ១៦ ។ ផ្ទះនេះមានស្ថាបត្យកម្ម ៧ ល្វែង ហើយជាផ្ទះបុរមបុរាណធំបំផុត និងចំណាស់បំផុតក្នុងតំបន់តាមស្ថាបត្យកម្មខ្លែង - ដំបូលអង្រឹង។ មនុស្សចំនួន ១៤ ជំនាន់បានរស់នៅក្នុងផ្ទះនេះ។ រដ្ឋបានរៀបចំណាត់ថ្នាក់ផ្ទះនេះហើយ ដូច្នេះ ខ្ញុំបានខិតខំប្រឹងប្រែងថែរក្សាដើម្បីធ្វើជាគោលដៅបម្រើភ្ញៀវទេសចរផងដែរ”។

ភូមិ Duong Lam មានភាពទាក់ទាញពិសេសសម្រាប់ក្រុមភ្ញៀវអញ្ជើញមកទស្សនា ឆ្លងពិសោធន៍ជាមួយសេវាកម្មដូចជាធាក់កង់គយគន់ស្រុកជនបទ ធ្វើវត្ថុអនុស្សាវរីយ៍ ចូលរួមសកម្មភាពផលិតកម្មកសិកម្មជាមួយប្រជាជន។ ក្នុងផ្ទះបុរមបុរាណនានា ក្រុមភ្ញៀវបានទស្សនា និងឆ្លងពិសោធន៍របរធ្វើទឹកស៊ីអ៊ីវ និងធ្វើនំ។ មុខម្ហូបប្រកបដោយព្រលឹងជនបទ រួមទាំងទេសភាពដ៏សុខសាន្ត និងប្រជាជនភូម Duong Lam ដ៏រួសរាយរាក់ទាក់ ស្រឡាញ់ភ្ញៀវ បានធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍អាឡោះអាល័យ៖ “ខ្ញុំមានមោទនភាពណាស់ ព្រោះថាវៀតណាមបានរក្សាភូមិប្រពៃណីរាប់រយឆ្នាំនៅទីនេះ។ យើងទាំងអស់គ្នាមានបំណងចង់រក្សាឲ្យកាន់តែយូរគឺកាន់តែល្អ សម្រាប់កូនចៅជំនាន់ក្រោយយល់ដឹងអំពីជីវភាពរស់នៅរបស់ដូនតាយើង។ បរិយាកាសនៅទីនេះពិតជាសុខសាន្ត ខ្យល់អាកាសបរិសុទ្ធ ប្រជាជនស្លូតបូតណាស់”។ “ខ្ញុំមានអារម្មណ៍ថាទេសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់។ រាល់តម្លៃប្រពៃណីខាងវប្បធម៌ និងស្ថាបត្យកម្មរបស់ជនជាតិវៀតណាមត្រូវបានរក្សាដដែល។ ភូមិជនបទប្រៀបប្រដូចជាផ្ទាំងគំនូរបុរមបុរាណ និងសុខសន្តអញ្ចឹង”។

អញ្ជើញទស្សនាភូមិបុរមបុរាណ Duong Lam ទីក្រុងហាណូយ - ảnh 2ភ្ញៀវទេសចរទៅទស្សនាភូមិបុរមបុរាណ Duong Lam ទីក្រុងហាណូយ

ភូមិ Duong Lam ក៏ជាកន្លែងដែលមានពិធីបុណ្យទាន ឯកសារបុរាណ របរសិប្បកម្មជាច្រើន ព្រមទាំងបានរក្សាល្បែងប្រជាប្រិយ និងទេសភាពសម្រាប់ពិធីបុណ្យជាច្រើន វត្ថុបុរាណ សិប្បកម្ម ល្បែងប្រជាប្រិយ ដ៏ស្រស់ស្អាតដែលពោរពេញទៅដោយព្រលឹងវៀតណាម។ គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌នៅភូមិបុរមបុរាណ Duong Lam ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លើកតម្កើង និងប្រគល់ពាន់រង្វាន់កិត្តិយសជាផ្លូវការនាឆ្នាំ ២០១៤ តំបន់អាស៊ី ប៉ាស៊ីហ្វិក។ ភូមិបុរមបុរាណ Duong Lam បានអភិរក្សប្រកបដោយជោគជ័យនូវបណ្ដាសំណង់ដែលមានតម្លៃអំពីស្ថាបត្យកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ រួមមា៖ ខ្លោងទ្វារភូមិ Mong Phu វត្ត On ព្រះវិហារ Giang Van Minh និងផ្ទះបុរមបុរាណរបស់លោក Nguyen Van Hung។ ក្នុងឆ្នាំ ២០១៩ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញសេចក្តីសម្រេចចិត្តដោយទទួលស្គាល់ភូមិ Duong Lam ជាគោលដៅទេសចរណ៍។ គ្រួសារជាច្រើននៅភូមិបុរមបុរាណ Duong Lam បានយកចិត្តទុកដាក់ជាងក្នុងការអភិវឌ្ឍសេវាកម្មនានា ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរ។ លោក Nguyen Van Hung ម្ចាស់ផ្ទះបុរមបុរាណនៅភូមិ Sui ភូមិ Mong Phu ឃុំ Duong Lam បានចែករំលែកថា៖ “គ្រួសារខ្ញុំបានបើកសេវាកម្មជួលកង់ និងបម្រើម្ហូបអាហារជូនភ្ញៀវទេសចរ។ ភ្ញៀវអាចជិះកង់លេង ហើយមកទទួលទានអាហារនៅទីនេះ។ មានថ្ងៃខ្លះ យើងខ្ញុំបានទទួលបម្រើភ្ញៀវបរទេសចំនួន ១០ ក្រុម។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានរៀបចំសកម្មភាពឆ្លងពិសោធន៍នៅរាលស្រែ ទៅជីកដំឡូង បេះពោតជូនភ្ញៀវទេសចរទៀតផង”។

ដោយបានឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំនៃការកកើត និងអភិវឌ្ឍន៍មក ភូមិ Duong Lam នៅតែរក្សាបានលក្ខណៈដ៏វិសេសវិសាលនៃភូមិបុរមបុរាណប្រពៃណី ជាមួយ ខ្លោងទ្វារភូមិ ដើមជ្រៃ អណ្ដូងទឹក ទីធ្លាសាលាភូមិ វត្តអារាម និងរាលស្រែ។ អាជ្ញាធរ ទីរួមស្រុក Son Tay ទីក្រុងហាណូយបានដាក់ចេញគោលដៅនាំ ភូមិបុរមបុរាណ Duong Lam ឲ្យក្លាយទៅជាកេរ្កិ៍ដំណែលជាតិពិសេស ក៏ដូចជាគោលដៅទេសចរណ៍ដ៏ល្បីៗរបស់ទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ