អញ្ជើញទស្សនាវត្តផ្នោដូង វិសេសវិសាលនៅខេត្តត្រាវិញ

(VOVWORLD) - វត្តផ្នោដូង គឺជាវត្តដ៏ធំទូលាយ និងស្អាតបំផុតមួយក្នុងប្រព័ន្ធវត្តអារាមទាំង ១៤៣ នៅខេត្តត្រាវិញ។ វត្តនេះមានបរិវេណធំទូលាយ ស្ថាបត្យកម្មដ៏វិសេសវិសាល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រមទាំងជាគោលដៅដែលមិនអាចរំលងបាន នៅពេលភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្តត្រាវិញផងដែរ។
អញ្ជើញទស្សនាវត្តផ្នោដូង វិសេសវិសាលនៅខេត្តត្រាវិញ - ảnh 1វត្តផ្នោដូង វិសេសវិសាលនៅខេត្តត្រាវិញ

វត្តផ្នោដូង (មានឈ្មោះហៅផ្សេងទៀតថា វត្ត Giong Lon ឬ វត្ត Co) ស្ថិតនៅឃុំ Dai An ស្រុក Tra Cu ដោយមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងត្រាវិញ។ វត្តនេះត្រូវបានសាងសង់ឡើងនាឆ្នាំ ១៦៧៧ នៅលើដីមានជីជាតិជាប់នឹង ព្រែក ធំនៅឃុំ Dai An ដូច្នេះហើយវត្តនេះមានឈ្មោះហៅផ្សេងទៀតថា Giong Lon ដែរ។ ជនរួមជាតិខ្មែរហៅវត្តនេះថា វត្តផ្នោដូង ព្រោះថានៅជុំវិញបរិវេណវត្តមានដើមដូងជាច្រើន។ លោក Trinh Van Minh ប្រជាពលរដ្ឋម្នាក់នៅឃុំ Dai An បានឲ្យដឹងថា៖ "វត្តនេះមានសត្វកុកជាច្រើន បានជាហៅថាវត្ត Co (កុក)។ ជាធម្មតាសត្វកុកមកវត្តនារដូវស្សា ដើម្បីធ្វើសំបុក និងកើតកូន។ នេះគឺជាវត្តដ៏ល្បីបំផុត ស្រស់ស្អាត និងធំទូលាយបំផុតនៅខេត្តត្រាវិញ។ វត្តទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ ក្នុងឱកាសបុណ្យទាន និងបុណ្យតេតចុងឆ្នាំភ្ញៀវមកទស្សនាច្រើនណាស់ ក្នុងនោះមានទាំងភ្ញៀវទេសចរបរទេសទៀតផង"។ 

វត្តផ្នោដូងមានស្ថាបត្យកម្មប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រចនាបថស្ថាបត្យកម្មដ៏វិសេសវិសាលនេះត្រូវបានបង្ហាញនៅលើសំណង់តូចធំទាំងអស់ចាប់ពីខ្លោងទ្វារ រហូតដល់វិហារធំ។ នៅពេលមកដល់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ចំពោះខ្លោងទ្វារធំរបស់វត្ត។ ខ្លោងទ្វារធំត្រូវបានឆ្លាក់រូបយ៉ាងល្អិតល្អន់ក្នុងនោះមានរូបទេពអប្សរ ៤ អង្គលើកដៃទ្រដំបូលដែលត្រូវបានឆ្លាក់យ៉ាងហ្មត់ចត់។ នៅលើខ្លោងទ្វារក៏ត្រូវបានតុបតែងលម្អដោយរូបចម្លាក់ផ្កាឈូកនៅសងខាងសរសរផងដែរ ហើយខាងក្នុងខ្លោងទ្វារមានរូបចម្លាក់ព្រះ។ លោក Tran Keo ប្រធានគណៈកម្មការគ្រប់គ្រងវត្តផ្នោដូងបានឲ្យដឹងថា៖ “វត្តនេះមានប្រវត្តិជាង ៣៤០ ឆ្នាំហើយ។ វិហារធំគឺជាសំណង់សំខាន់បំផុតរបស់វត្ត។ វិហារធំមានកំពស់ប្រហែល ៥០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ និងបណ្តោយ ១០០ ម៉ែត្រ។ នៅខាងក្រៅវិហារធំមានរូបចម្លាក់យក្យកាន់អាវុធដើម្បីការពាវិហារធំ។ វត្តមានរូបចម្លាក់នារីឈរស្ថាគមន៍។ ខាងក្នុងវត្តមានបង្គោលទង់មានរូបសត្វចាបទាំងសងខាង ដែលព្យួរទង់ព្រះពុទ្ធសាសនា និងទង់ជាតិ។ វត្តនេះគឺជាកេរ្កិ៍ដំណែលថ្នាក់ជាតិ ហើយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាផងដែរ”។

អញ្ជើញទស្សនាវត្តផ្នោដូង វិសេសវិសាលនៅខេត្តត្រាវិញ - ảnh 2វត្តផ្នោដូង វិសេសវិសាលនៅខេត្តត្រាវិញ

តំបន់វិហារធំរបស់វត្តមានសោភ័ណភាពល្អប្រណិត តុបតែងដោយផ្ទាំងគំនូរ និង ព្រះពុទ្ធបដិមា ដែលត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់។ ដំបូលវិហារធំត្រូវបានរចនាដោយក្បូរក្បាច់ស្រស់ស្អាតរាងកន្ទុយនាគ។ នៅពីលើមានកំពូលប្រាង្គស្រួចរាងភ្នំ Xôme និងរូបប្រពៃណីរបស់ជនរួមជាតិខ្មែរដូចជា៖ ព្រះព្រហ្មមុខបួន Mohabrom កេណរ រាហូ និង Mahaknot  បានបង្កើតជាលំហដ៏អស្ចារ្យ។ ព្រះតេជគុណ Truong Van Bien ព្រះចៅអធិការវត្តផ្នោដូងមានពុទ្ធដីការថា៖ “វត្តខ្មែរច្រើនតែមានលំនាំជារូបនាគ រូបពស់ និងរូបយក្យ។ រូបចម្លាក់មុខបួន សំដៅលើព្រះព្រហ្ម មាតាបិតា ស្ដេច និងមនុស្សដែលត្រូវមានគុណធម៌ មេត្តា ករុណា។ ជនរួមជាតិខ្មែរទៅវត្តដើម្បីបំប៉នព្រលឹងខ្លួន។ ជាទូទៅថ្ងៃទី១ ទី៨ ទី១៥ និងទី៣០ កើត ពុទ្ធសាសនិកជនមកវត្តដើម្បីធ្វើសក្ការបូជា ដោយនាំយកបាយ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ។ នៅពេលសាងសង់ ឬជួសជុលកែលម្អវត្ត ប្រជាពលរដ្ឋបានស្ម័គ្ររួមវិភាគទានតាមលទ្ធភាពផងដែរ”។

វត្តខ្មែរនីមួយៗសុទ្ធតែជាសំណង់សិល្បៈ ក្នុងនោះមិនអាចរំលងវត្តផ្នោដូងនៅខេត្តត្រាវិញបានឡើយ។ ក្នុងនាមជាវត្តតែមួយគត់នៅខេត្តត្រាវិញ ដែលមានសត្វកុកមករស់នៅជាច្រើន ដូច្នេះហើយវត្តនេះត្រូវបានប្រៀបប្រដូចជាទីធ្លាសត្វចាបនៅខេត្តត្រាវិញអញ្ចឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ