អញ្ជើញទស្សនា Bien Ho នៅទីក្រុង Pleiku

(VOVWORLD) - ដោយស្ថិតនៅក្នុង “មណ្ឌលអេកូទេសចរឧទ្យានព្រៃឈើ Bien Ho (បឹងទន្លេសាប) - Chu Dang Ya” នោះ បឹងទន្លេសាប Pleiku គឺជាគោលដៅទេសចរណ៍វប្បធម៌អេកូឡូស៊ីខាងចិត្តវិញ្ញាណ ដ៏ល្បីឈ្មោះនៅទីក្រុង Pleiku ខេត្ត Gia Lai ។ បឹងទន្លេសាប Pleiku ក៏ជា "ទងសួតបៃតង" "ដុំពេជ្រដ៏មានតម្លៃ" ដែលផ្តល់ទឹកស្អាតសម្រាប់ទីក្រុង Pleiku ។
អញ្ជើញទស្សនា Bien Ho នៅទីក្រុង Pleiku - ảnh 1រូបសំណាកព្រះនាងគង់ស៊ីអ៊ីម (រូបថត៖ VOV)

បឹងទន្លេសាប គឺជាបឹងទឹកសាបធម្មជាតិមួយដែលស្ថិតនៅឃុំ Bien Ho  ដោយមានចម្ងាយ ៧ គីឡូម៉ែត្រតាមទិសពាយព្យពីទីក្រុង Pleiku ខេត្ត Gia Laiដែលមានកម្ពស់ប្រមាណ ៨០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ បឹងទន្លេសាប មានបឹងចំនួន ២ តភ្ជាប់នឹងគ្នា ហើយព័ទ្ធជុំវិញដោយព្រៃស្រល់និងជួរភ្នំខឿវស្រងាត់ ប្រៀបប្រដូចជាផ្ទាំងគំនួរដ៏ស្រស់បំព្រង។ បឹងទន្លេសាបមានចំរៀកដីមួយ ដែលលាតសន្ធឹងចំកណ្ដាលបឹង ជួយដល់ភ្ញៀវទេសចរគយគន់ទេសភាពបឹងទន្លេសាបបានទាំងស្រុង។ កាលពី ៣ ឆ្នាំមុន ខេត្ត Gia Lai បានជួសជុលរូបសំណាក ព្រះនាងគង់ស៊ីអ៊ីមគង់នៅទីនេះ ហើយក្លាយទៅជាកន្លែងថតរូបអនុស្សាវរីយ៍ សម្រាប់ភ្ញៀវទេសចរ។ លោក Nguyen Xuan Anh អ្នកថែទាំមណ្ឌលរូបសំណាកព្រះ នាងគង់ស៊ីអ៊ីមក្នុងបរិវេណបឹងទន្លេសាបបានឲ្យដឹងថា៖ “រូបសំណាកព្រះនាងគង់ស៊ីអ៊ីមមានកំពស់ ១៥,៣ ម៉ែត្រ ដែលបានធ្វើពីផ្ទាំងថ្មរបស់ខេត្ត Ninh Binh។ នៅខាងក្រោយរូបសំណាកនេះគឺជាផ្ទាំងរនាំងហុងស៊ុយ ដែលមានសសរថ្មចំនួន ៥ តំណាងឱ្យកំពូលភ្នំចំនួន ៥ ដោយមានឈ្មោះថា លោហៈ ឈើ ទឹក  ភ្លើង និងផែនដី ឬហៅថា ធាតុទាំង ៥ នៅក្នុងហុងស៊ុយ។ បឹងទន្លេសាបត្រូវបានកកើតឡើងកាលពីរាប់លានឆ្នាំមកហើយ កន្លែងនេះធ្លាប់ជាមាត់ភ្នំភ្លើង។ មានពាក្យចចាមអារ៉ាមថា បឹងទន្លេសាបគ្មានបាតទេ ប៉ុន្តែតាមពិតនៅពេលដែលភ្នំភ្លើងឈប់ដំណើរការនោះ កំអែភ្នំភ្លើងត្រូវបានជាប់នៅបាតបឹង។ បច្ចុប្បន្ននេះបើនិយាយពីជម្រៅនៃបឹងទន្លេសាបនោះ គឺកន្លែងជ្រៅបំផុតមានជម្រៅប្រមាណ ៤០ ម៉ែត្រ ហើយទំហំសរុបគឺ ៣៤០ ហិកតា”។

ចំពោះអ្នកស្រុកវិញ បឹងទន្លេសាបបានផ្សារភ្ជាប់នឹងរឿងព្រេងនិទានរបស់ជនជាតិ Jrai ។ អ្នកស្រុកបានហៅបឹងទន្លេសាបថា Ia Nueng ឬបឹង T’nưng។ ដោយសារទំហំបឹងទន្លេសាបធំ ហើយរដូវវស្សាគឺមានរលកធំៗដូចរលកសមុទ្រនោះដូច្នេះប្រជាជនតែងតែហៅថាបឹងទន្លេសាប។ មានរឿងព្រេងមួយបានដំណាលថា To Nung គឺជាឈ្មោះ ភូមិបុរាណមួយនៅក្នុងរឿងព្រេង ហើយត្រូវបាន កំអែភ្នំភ្លើង កប់ទាំងស្រុង។ មនុស្សដែលរស់រានមានជីវិតបានយំដោយក្ដីអាណិតអាសួ ហើយទឹកភ្នែករបស់អ្នកភូមិបានស្រក់ចុះ ក្លាយទៅជាបឹងទន្លេសាប ឬមានរឿងរ៉ាវបានដំណាលថា បឹងទន្លេសាបបានហូរចូលសមុទ្រខាងកើតឯណោះ។លោកស្រី Nguyen Thi Hong ភ្ញៀវទេសចរម្នាក់មកពីខេត្ត Dak Lak បានសំណេះសំណាលថា៖ “ខ្ញុំបានមកទស្សនាបឹងទន្លេសាបជាលើកទី ២ ហើយ។ ខ្ញុំមានអារម្មណ៍ថាទេសភាពនៅបឹងទន្លេសាបពិតជាស្រស់បំព្រង និងរហោស្ថានណាស់។ បឹងទន្លេសាបគឺជាគោលដៅដ៏ស្រស់ស្អាតបំផុតនៅទីក្រុង Pleiku ។ ខ្ញុំពិតជាពេញចិត្តណាស់ ហើយមានបំណងចង់មកទស្សនាកន្លែងនេះជាច្រើនដងទៀត”។

អញ្ជើញទស្សនា Bien Ho នៅទីក្រុង Pleiku - ảnh 2ថ្ងៃលិចលើបឹង Pleiku (រូបថត៖ VOV) 

ក្នុងរដូវកាលនីមួយៗ បឹងទន្លេសាបមានចំណុចគួរឱ្យចាប់អារម្មណ៍ខុសគ្នា។ នៅ រដូវប្រាំងទឹកស្រកចុះ យើងអាចមើលឃើញស្រទាប់ដី bazan ដ៏សម្បូរជីជាតិ ហើយមានបក្សីកម្រជាច្រើនបានមករស់នៅ។ នៅរដូវស្សាវិញទឹកឡើងដែលបង្កើតជារលកធំ ៗ ប្រៀបប្រដូចជារលកសមុទ្រអញ្ចឹង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាដ៏ល្អបំផុតប្រចាំឆ្នាំដើម្បីគយគន់ទេសភាពបឹងទន្លេសាប។ នៅពេលអាកាសធាតុបានផ្លាស់ប្តូរទៅនិទាឃរដូវដ៏ត្រជាក់ស្រួល ផ្ទៃទឹកថ្លាឆ្វង់ដ៏ត្រជាក់ល្ហឹម ហើយដើមឈើនិងផ្កាបានរីកលូតលាស់ល្អដែលបង្កើតឡើងអារម្មណ៍សុខសាន្តត្រាន។ លោក Nguyen Van Hao ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានសំណេះសំណាលថា៖ “ទេសភាពធម្មជាតិនៅ បឹងទន្លេសាប ត្រូវបានថែរក្សាយ៉ាងល្អប្រសើរ ពោលគឺ បរិស្ថាននៅទីនេះនៅតែមានភាពរហោស្ថានធម្មជាតិដដែល។ ប្រការនេះបានសរឲ្យឃើញថាអាជ្ញាធរមូលដ្ឋានបានផ្ដោតសំខាន់លើការអភិរក្សមណ្ឌលទេសចរណ៍នេះយ៉ាងល្អប្រសើរ។ មណ្ឌលទេសចរណ៍បឹងទន្លេសាប Pleiku គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត គួរឲ្យទាក់ទាញនៅខេត្ត Gia Lai ផងដែរ ” ។

ដោយមានទេសភាពដ៏ស្រស់ត្រកាល អាកាសធាតុបរិសុទ្ធ និងត្រជាក់ស្រួលពេញមួយឆ្នាំនោះ បឹងទន្លេសាប គឺជាបឹងទឹកសាបធម្មជាតិដ៏ស្រស់ស្អាតបំផុតនៅតំបន់ Tay Nguyen។ នេះ គឺជាគោលដៅមួយ ដែលមិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ទីក្រុង Pleiku ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ