Bach Dang - រឿងនិទានស្ដីពីទន្លេប្រវត្តិសាស្ត្រ
(VOVWORLD) - Bach Dang ជាទន្លេដែលបានធ្វើកសិណសាក្សីនៃជ័យជំនះល្បីល្បាញចំនួន៣លើកក្នុងប្រវត្តិសាស្ត្រតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ប្រជាជាតិវៀតណាម។ នាឆ្នាំ៩៣៨ ស្ដេច Ngo Quyen បានវាយឈ្នះលើកងទ័ពរាជ្យវង្ស Nanhan។ នាឆ្នាំ៩៨១ ព្រះមហាក្សត្រ Le Dai Hanh បានវាយបរាជ័យកងទ័ពរាជ្យវង្ស Song ឈ្លានពានរាប់សែននាក់ ហើយដល់ឆ្នាំ១២៨៨ នាយឧត្តមសេនីយ៍ Hung Dao Vuong Tran Quoc Tuan បានបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់មួយទៀតលើសត្រូវឈ្លានពាននៃរាជ្យវង្ស Yuan នៅលើទន្លេប្រវត្តិសាស្ត្រនេះដែរ។
ពិធីបុណ្យប្រពៃណី Bach Dang (រូបថត៖ quangninh.gov.vn) |
នៅតាមបណ្ដោយទន្លេ Bach Dang យើងអាចឃើញស្លាកស្នាមនៃការប្រយុទ្ធយ៉ាងកាចសាហាវនៅលើផ្ទៃទឹកមុននេះរាប់ពាន់ឆ្នាំដូចជា វាលបង្គោល កំពង់ផែ ជាដើម។ នោះគឺជាសក្ខីភាពដ៏រស់រវើកនៃសិល្បៈយោធាដ៏ឈ្លាសវៃរបស់ជីដូនជីតា ដែលរំលឹកឡើងវិញនូវប្រពៃណីតស៊ូប្រឆាំងសត្រូវឈ្លានពានយ៉ាងអង់អាចក្លាហានរបស់ប្រជាជាតិវៀតណាម។ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានលើកតម្កើងមណ្ឌលកេរ្តិ៍ដំណែលទន្លេ Bach Dang ជាមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស។ លោក Bui Van Chuy ភ្ញៀវទេសចរមួយនាក់មកពីទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម បានឲ្យដឹងថា៖
“ទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ គឺក្រុមខ្ញុំក៏ខំប្រឹងប្រែងរៀបចំពេលវេលាដើម្បីមកទស្សនាទន្លេ Bach Dang ព្រោះថាកន្លែងនេះជាសក្ខីភាពនៃជ័យជំនះប្រវត្តិសាស្ត្ររបស់ជីដូនជីតា។ ទីនេះមានទេសភាពស្រស់បំព្រង ហើយអាកាសធាតុត្រជាក់ស្រួលណាស់។ មនុស្សគ្រប់រូបគួរតែមកទីនេះ ដើម្បីទស្សនារាល់ស្លាកស្នាមរបស់ជីដូនជីតាក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ”។
ច្រកទ្វាទន្លេ Bach Dang នៅទីរួមស្រុក Quang Yen ខេត្ត Quang Ninh ជាកន្លែងដែលធ្លាប់ប្រព្រឹត្តទៅការប្រយុទ្ធគ្នាលើផ្ទៃទឹក ប៉ុន្តែនាបច្ចុប្បន្នបានក្លាយទៅជាទីលក់ដូរទំនិញដ៏អ៊ូអរ។ រួមជាមួយកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ គឺបេតិកភណ្ឌវប្បធម៌អរូបីយ៍ផ្សេងៗទៀតដូចជាពិធីបុណ្យប្រពៃណី នៅតែបានអភិរក្ស ដើម្បីជួយ Quang Yen អភិវឌ្ឍន៍វិស័យទេសចរណ៍ ពិសេសគឺតម្រូវការទេសចរណ៍ខាងវិញ្ញាណរបស់ប្រជាជន។ មណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រ វប្បធម៌ទាំងនេះ បានទទួលភ្ញៀវទេសចរជាង២សែននាក់នាឆ្នាំ២០១៧ ហើយរំពឹងថាកើនឡើងថែមទៀតក្នុងឆ្នាំទេសចរណ៍ជាតិ Quang Ninh ២០១៨នេះ។
ទីរួមស្រុក Quang Yen (រូបថត៖enternews.vn) |
ការអភិវឌ្ឍទេសចរណ៍ដោយឈរលើបេតិកភណ្ឌវប្បធម៌ពិសេស គឺជាទិសដៅដែលបានទីរួមស្រុក Quang Yen លាតត្រដាងអនុវត្តន៍ ព្រោះថា នេះមិនត្រឹមតែជារបៀបធ្វើមានមួយប៉ុណ្ណោះទេ ថែមទាំងជាវិធីដើម្បីដំណាលរឿងវប្បធម៌ប្រវត្តិសាស្ត្រជូនចំពោះភ្ញៀវទេសចរនិងមិត្តភក្តិអន្តរជាតិទៀតផង។ លោក Ngo Dinh Dung អនុប្រធានការិយាល័យវប្បធម៌ទីរួមស្រុក Quang Yen ខេត្ត Quang Ninh បានឲ្យដឹងថា៖
“យើងខ្ញុំមានគោលបំណងចង់ឲ្យកេរ្តិ៍ដំណែលក៏ដូចជាកន្លែងទេសចរណ៍ក្នុងតំបន់កាន់តែទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែត្រូវធ្វើតាមជំហានៗ ហើយមានដំណើរការជាក់ស្ដែង ដើម្បីផលិតផលទេសចរណ៍នឹងធ្វើឲ្យភ្ញៀវពេញចិត្ត ហើយចង់វិលត្រឡប់មកទស្សនាម្ដងទៀត។”
ពិធីសែនខួបការប្រយុទ្ធលើទន្លេ Bach Dang ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗនៃឆ្នាំទេសចរណ៍ជាតិ Quang Ninh ២០១៨ សំដៅរំលឹកគុណូបការៈរបស់ជីដូនជីតា។ ពិធីសែននេះបានរៀបចំឡើងចាប់ពីថ្ងៃទី៧ដល់ទី៩ ខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ លោក Vu Van Tinh នៅទីរួមស្រុក Quang Yen បានចែករំលែកថា៖
“នេះជាពិធីបុណ្យដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំសំដៅរំលឹកខួបជ័យជំនះ Bach Dang នាឆ្នាំ១២៨៨។ មានភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីក៏មកចូលរួមដែរ។ នេះជាប្រពៃណីរំលឹកគុណូបការៈរបស់ជីដូនជីតា ដែលបានបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់ ដោយវាយបរាជ័យសត្រូវឈ្លានពានចេញពីប្រទេសវៀតណាម”។
ដោយគោលនយោបាយថ្មីៗ ទីរួមស្រុក Quang Yen នឹងមានការផ្លាស់ប្ដូរដ៏ខ្លាំងក្លាក្នុងវិស័យទេសចរណ៍ខាងវិញ្ញាណ សំដៅអភិរក្សនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដែលភ្ជាប់នឹងទន្លេ Bach Dang ប្រវត្តិសាស្ត្រ៕