Cat Ba - ទឹកដីនៃល្អាងភ្នំដ៏មនោរម្យបំផុត

(VOVWORLD) - ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ទើបតែត្រូវបានសហភាពវិទ្យាសាស្ត្រភូគព្ភសាស្ត្រអន្តរជាតិ (IUGS) ទទួលស្គាល់ជាបេតិកភណ្ឌភូគព្ភសាស្ត្រអន្តរជាតិ។ ដោយមានកោះថ្មប៉ប្រ៉ះទឹកជាច្រើន ប្រជុំកោះ Cat Ba ទីក្រុង Hai Phong មានប្រព័ន្ធល្អាងភ្នំដ៏អាថ៌កំបាំងដែលកម្រប្រទះឃើញនៅកន្លែងណាផ្សេងទៀតឡើយ។ លក្ខណៈខុសប្លែក នៃល្អាងភ្នំ Cat Ba គឺជាល្អាងភ្នំដែលលាតសន្ធឹងពាសពេញកោះ។

Cat Ba - ទឹកដីនៃល្អាងភ្នំដ៏មនោរម្យបំផុត - ảnh 1ល្អាងភ្នំ Quan Y មានលំហខាងក្នុងដ៏ធំទូលាយ។ (រូបថត៖ VNA)

យោងតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ បច្ចុប្បន្ននេះមានល្អាងភ្នំប្រហែល ១៥០ ដែលស្ថិតរាយប៉ាយពាសពេញប្រជុំកោះ Cat Ba។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសណ្ឋានដីច្រាំងថ្មចោទ របស់កោះថ្មនៅឯនាយសមុទ្រ ដូច្នេះបានជារហូតមកដល់បច្ចុប្បន្នមានតែល្អាងភ្នំជិត ៧០ កន្លែងប៉ុណ្ណោះដែលត្រូវបានទទួលស្គាល់ ធ្វើការអង្កេត និងដាក់ឈ្មោះ។ លោក Dinh Van Tung នៅមជ្ឈមណ្ឌលអប់រំ និងសេវាកម្មបរិស្ថាននៃឧទ្យានជាតិ Cat Ba បានឲ្យដឹងថា៖

“នេះគឺជាតំបន់ដែលងាយរងប៉ះពាល់បំផុតនៃប្រព័ន្ធភ្នំថ្មកំបោរ។ រងផលប៉ះពាល់ចំនួនពីរប្រភេទដើម្បីបង្កើតជាល្អាងភ្នំ។ ទីមួយគឺដោយសារតែផលប៉ះពាល់ដោយការស្រុតចុះនិងសំណឹក។ ទីពីរគឺដោយសារផលប៉ះពាល់គីមី ពីប្រតិកម្មនៅក្នុងខ្យល់អាកាសដែលធ្វើឲ្យភ្នំថ្មច្រោះសឹក។ ចំពោះថ្មកំបោរ ថ្មប្រភេទនេះងាយច្រោះសឹក ដូច្នេះនៅពេលដែលទឹកភ្លៀងជ្រាបពីលើកំពូលភ្នំចុះ វាបានច្រោះសឹកថ្មកំបោរ”។

ដោយសាររស់នៅលើកោះដែលមានពន្លឺថ្ងៃនិងខ្យល់បោកបក់ខ្លាំង សត្វប្រចៀវជាប្រភេទសត្វភាគច្រើន ដែលរស់នៅក្នុងល្អាងភ្នំ Cat Ba រួមជាមួយនឹងសត្វពិសេសប្រចាំតំបន់មួយចំនួនទៀត... ទោះជាយ៉ាងណាក៏ដោយ សូម្បីតែសត្វប្រចៀវដែលរស់នៅក្នុងល្អាងភ្នំ Cat Ba ក៏ជាប្រភេទប្រចៀវកម្រ ដែលមានតែនៅក្នុងតំបន់សមុទ្រនេះប៉ុណ្ណោះ។ លោក Nguyen Van Thiu នាយកឧទ្យានជាតិ Cat Ba មានប្រសាសន៍ថា៖

“មានប្រភេទសត្វមួយចំនួនដែលរស់នៅក្នុងល្អាងភ្នំ។ ល្អាងភ្នំ Trung Trang មាន ប្រចៀវ និងសត្វមួចំនួនទៀត ដូចជាល្មូន និងកង្កែបជាដើម។ នៅហ្នឹងតំបន់នេះមានសត្វពីរប្រភេទរស់នៅនោះគឺ ប្រចៀវ និងតុកកែ Cat Ba”។

Cat Ba - ទឹកដីនៃល្អាងភ្នំដ៏មនោរម្យបំផុត - ảnh 2ល្អាងភ្នំ Hoa Cuong។ (រូបថត៖ haiphong.gov.vn)

ល្អាងភ្នំ Cat Ba ចែកចេញជាពីរក្រុមស្នូលនោះគឺ ក្រុមល្អាងភ្នំមានច្រកមួយ និងក្រុមល្អាងភ្នំមានច្រកពី ២ ទៅ ៣។ ក្រុមល្អាងភ្នំមានច្រកមួយដ៏ធំទូលាយ រចនាសម្ព័នចម្រុះ និងប្រព័ន្ធស្តាឡាក់ទីតថ្មដ៏ប្លែកៗ ដូចជា៖ ល្អាងភ្នំ Hoa Cuong នៅឃុំ Gia Luan ល្អាងភ្នំ Thien Long នៅឃុំ Phu Long។ លោក Dinh Van Tung នៅមជ្ឈមណ្ឌលអប់រំនិងសេវាកម្មបរិស្ថាន ឧទ្យានជាតិ Cat Ba បានឲ្យដឹងថា៖

“ប្រការនេះគឺដោយសារតែរចនាសម្ព័ន្ធភូគព្ភសាស្ត្រនៃផ្ទាំងថ្មបាក់ដាច់។ វាបាក់ដាច់តាមរាងធ្នូរនៃចង្កេះភ្នំនិងតាមរចនាសម្ព័ន្ធភូមិសាស្ត្រ។ ពេលចេញទៅខាងក្រៅ យើងនឹងឃើញច្រកល្អាងធំណាស់”។

ក្រុមល្អាងភ្នំមានក្លោងទ្វារពី ២ ទៅ ៣ ដូចជា៖ ល្អាង Trung Trang ល្អាង Tien Duc និងល្អាង Hung Son... ដែលឆ្លងកាត់ភ្នំ និងមានប្រវែងពី ២០០ ម៉ែត្រ - ៤០០ ម៉ែត្រ ជាមួយនឹងប្រព័ន្ធស្តាឡាក់ទីតដែលមានរាងស្អាត ហើយដុះចេញជាចង្កោមធំៗ នៅខាងក្នុងល្អាង។ លោក Dinh Van Tung បានឲ្យដឹងថា៖

“ការផ្លាស់ប្តូរពណ៌អាស្រ័យលើការជ្រាបទឹកភ្លៀង។ តំបន់ណាដែលជ្រាបទឹកច្រើន  នឹងកាន់តែភ្លឺរលោង ដោយមានពណ៌ស្រស់ស្អាតជាច្រើន។ លើសពីនេះ ថ្មកំបោរ មានរចនាសម្ព័ន្ធខុសគ្នា និងមានការផ្លាស់ប្តូរតាមស្រទាប់ភូគម្ភសាស្ត្រនីមួយៗ។ ដូច្នេះហើយនៅពេលដែលត្រូវច្រោះសឹក មានសារធាតុរ៉ែខុសៗគ្នាជាច្រើននៅក្នុងប្រព័ន្ធភ្នំថ្មកំបោរនេះ។ ពណ៌នៃប្រព័ន្ធស្តាឡាក់ទីត មិនដូចគ្នាទេ”។

ប្រសិនបើល្អាងភ្នំ Trung Trang មានភាពលេចធ្លោដោយសារភាពស្រស់ស្អាតនៃប្រព័ន្ធស្តាឡាក់ទីត ឬប្រវែងល្អាងភ្នំនោះ ហើយល្អាងភ្នំ Quan Y មានភាពលេចធ្លោដោយសារលំហធំទូលាយខាងក្នុងនោះ គឺល្អាងភ្នំ Thien Long និងល្អាងភ្នំ Hoa Cuong មានសញ្ញាសម្គាល់ដោយឡែក ជាមួយនឹងស្លាកស្នាមបុរាណវិទ្យា ដែលបញ្ជាក់ពីវត្តមានរបស់មនុស្សតាំងពីបុរាណកាល។ ប្រព័ន្ធល្អាងភ្នំនៅ Cat Ba ត្រូវបានគេចាត់ទុកថាជាសារមន្ទីរភូមិសាស្ត្រនៃធម្មជាតិ។ ការបង្កើតល្អាងភ្នំគឺជាសក្ខីភាពដ៏ពិសេសនៃដំណើរការប្រែប្រួល និងការអភិវឌ្ឍនៃភូគព្ភសាស្ត្រនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ