Na Hang - អច្ឆរិយវត្ថុនៅលើភ្នំ

(VOVWORLD) -  ស្ថិតនៅចម្ងាយ ១១០ គីឡូម៉ែត្រ ពីទីក្រុង Tuyen Quang តំបន់ទេសចរណ៍ធម្មជាតិ Na Hang ដោយមានទេសភាពស្រស់បំព្រង កំពុងជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនរូប។ មិនត្រឹមតែមានទេសភាពធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ Na Hang ថែមទាំងជាកន្លែងរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិចនៅទីនេះទៀតផង។
Na Hang - អច្ឆរិយវត្ថុនៅលើភ្នំ - ảnh 1 លក្ខណៈស្រស់ស្អាតនៃបឹង Na Hang

Na Hang - តាមភាសាជនជាតិភាគតិច Tay មានន័យថា “វាលស្រែចុងក្រោយ”។ Na Hang មានវាលស្រែ ពណ៌បៃតងខៀវស្រងាត់ ព័ទ្ធជុំវិញដោយភ្នំថ្មកំបោរ  ព្រៃភ្នំចាស់ ជាពិសេស បឹងនៅលើភ្នំ ដែលបានបង្កើតទៅជាទេសភាពគួរឲ្យទាក់ទាញ ដូចជារឿងព្រេងនិទានលេចធ្លោនៅចំកណ្ដាលព្រៃពណ៌បៃតងដ៏ស្រស់បំព្រងអញ្ជឹង។

ដោយមានទីតាំងស្ថិតនៅក្នុងចន្លោះស្រុកចំនួនពីរគឺស្រុក Na Hang និង Lam Binh តំបន់ទេសចរណ៍អេកូឡូស៊ី Na Hang មានផ្ទៃដីសរុប ១៥.០០០ ហិកតា ក្នុងនោះមានផ្ទៃទឹក ៨.០០០ ហិកតា។ បឹង Na Hang – Lam Binh គឺជាបឹងវារីអគ្គិសនីធំជាងគេនៅភាគខាងជើង និងត្រូវបានតភ្ជាប់ជាមួយរមណីដ្ឋានជាតិ Ba Be នៃខេត្ត Bac Kan។ តាំងពីយូរណាស់មកហើយ Na Hang ល្បីឈ្មោះដោយសារទេសភាពធម្មជាតិដ៏សម្បូរបែប ជាមួយនឹងអច្ឆរិយវត្ថុនៅលើភ្នំជាច្រើន។ លោក Nguyen Viet មកកពីទីក្រុង Tuyen Quang បានចែករំលែកថា៖ “ក្រុមគ្រួសាររបស់យើងខ្ញុំ ច្រើនតែធ្វើដំណើរទេសចរណ៍ទៅ Na Hang ដើម្បីស្វែងយល់ទេសភាពនិងសម្រាកលំហែកាយនៅចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកម្តងៗ។ មិត្តភក្តិជាច្រើនរបស់គ្រួសារខ្ញុំ នៅទីក្រុងហាណូយ ទីក្រុងហាយផុង ទីក្រុងហូជីមិញនិងទីក្រុង Can Tho ធ្លាប់បានសួរខ្ញុំអំពី Na Hang ហើយខ្ញុំបាននាំពួកគេមកទស្សនាកម្សាន្តតែម្តង។ ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេសភាព ប្រជាជននិងលក្ខណៈវប្បធម៌នៃតំបន់ដីនេះណាស់”។

បើនិយាយដល់ Na Hang គឺមិនអាចមិនរំលឹកអំពីបឹង Na Hang ដែលជាកន្លែងដែលបានគេប្រដូចថា “ឈូងសមុទ្រហាឡុងនៅលើដីគោក” នៃខេត្ត Tuyen Quang ឡើយ។ បឹងអេកូឡូស៊ី Lam Binh – Na Hang គឺជាកន្លែងជួបជុំនៃទន្លេ Gam និងទន្លេ Nang។ នៅលើកណ្តាលបឹង Na Hang លេចឡើងដោយសភាពស្ងប់ស្ងាត់ មើលទៅដូចជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យរវាងភ្នំ ទន្លេនិងពពក។ ផ្ទៃបឹងតែងតែភ្លឺថ្លាដូចកញ្ចក់បញ្ចាំងពីស្រមោលភ្នំ និងព័ទ្ធជុំវិញដោយភ្នំដ៏អស្ចារ្យចំនួន ៩៩ ដែលមានរូបរាងខុសៗគ្នា លើផ្ទៃមេឃពណ៌ ខៀវលាយជាមួយផ្ទៃទឹកពណ៌ខៀវ ទាំងអស់នេះធ្វើឱ្យអ្នកទស្សនាស្រឡាំងកាំងយ៉ាងខ្លាំងចំពោះភាពអស្ចារ្យនៃធម្មជាតិ។

Na Hang - អច្ឆរិយវត្ថុនៅលើភ្នំ - ảnh 2 សត្វ Vooc ច្រមុះឆែបដែលមានឈ្មោះក្នុងសៀវភៅក្រហមពិភពលោក

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុក Na Hang បានបង្កើតទួរទេសចរអេកូឡូស៊ីលើផ្ទៃបឹងដែលមានប្រវែងប្រហែល ៧០ គីឡូម៉ែត្រ។ ទួរទេសចរទាំងនេះ នឹងជូនអ្នកទេសចរឲ្យលង់អារម្មណ៍ក្នុងដំណើរកម្សាន្ត សម្របខ្លួនជាមួយធម្មជាតិ ជាមួយព្រៃភ្នំ។ ដំណើរកម្សាន្តកណ្តាលវាល គយគន់ផ្ទាំងទស្សនីយភាព ទេសភាពធម្មជាតិដ៏រ៉ូមែនទិកតាមរយៈទូក ដែលទាក់ទាញអារម្មណ៍របស់ភ្ញៀវយ៉ាងខ្លាំងពេលមកទស្សនា Na Hang ម្តងៗ។

អ្នកទេសចរពេលមកទស្សនា Na Hang អាចទៅទស្សនាមណ្ឌលអភិរក្សធម្មជាតិ Tat Ke-Ban Bung (ស្ថិតក្នុងមណ្ឌលអភិរក្សធម្មជាតិ Na Hang) ដែលមានទីតាំងចន្លោះឃុំចំនួន ៤ គឺ  Khau Tinh, Con Lon, Son Phu និង Thanh Tuong។  ដោយមានផ្ទៃដីជាង ២១.០០០ ហិកតា មណ្ឌលអភិរក្សធម្មជាតិនេះ មានសត្វកម្រនិងមានតម្លៃជាច្រើន ក្នុងនោះមានសត្វ Vooc ច្រមុះឆែបដែលមានឈ្មោះក្នុងសៀវភៅក្រហមពិភព លោក រួមទាំងរុក្ខជាតិរាប់ពាន់ឆ្នាំដ៏មានតម្លៃជាច្រើន ដែលត្រូវបានអភិរក្សនៅទីនេះផងដែរ។ លោកស្រី Do Thu Hang ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា៖ “គួរឱ្យចាប់អារម្មណ៍ណាស់។ ទិដ្ឋភាពនៅទីនេះពិតជាស្រស់បំព្រងម៉ែនទែន។ ទឹកបឹង Na Hang ពណ៌ខៀវស្រងាត់ ធ្វើឱ្យយើងនឹកស្រមៃថាខ្លួនកំពុងដើរកម្សាន្តតាមបណ្តោយឈូងសមុទ្រអញ្ជឹង។ ខ្ញុំចូលចិត្តលុយទឹកជ្រោះ ហើយបានត្រីតូចម៉ាស្សាបាតជើង។ ខ្ញុំគិតថា មានមនុស្សជាច្រើនមានអារម្មណ៍ចូលចិត្តដូចខ្ញុំអញ្ចឹងដែរ”។

Na Hang មានវប្បធម៌ពិសេសមួយ របស់ជនជាតិទាំង ១២ កំពុងរស់នៅទីនេះ  ហេតុដូច្នេះ ពេលមកដល់ Na Hang ម្តងៗ អ្នកទេសចរមិនត្រឹមតែបានទស្សនាបឹងដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិចនៅទីនេះទៀតផង។ ប្រសិនបើអ្នកមកចំទៅនឹងពិធីបុណ្យទាន អ្នកនឹងបានចូលរួមពិធីបុណ្យប្រពៃណីរបស់ជនជាតិ ដូចជា៖ ពិធីបុណ្យ Long Tong របស់ជនជាតិ Tay, Nung, ពិធីបុណ្យបញ្ជាក់ការពេញវ័យរបស់បុរស និងពិធីបុណ្យដង្ហែកូនក្រមុំរបស់ជនជាតិ Dao ជាដើម ។  ក្រៅពីនោះ អ្នកទេសចរអាចមកលេងផ្សារព្រៃភ្នំ Thuong Lam ដែលតែងតែបើកប្រជុំផ្សារ នៅជារៀងរាល់ថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍។

ប្រភេទទេសចរណ៍តាមផ្ទះ (Homestay) ត្រូវបានប្រជាជននៅទីនេះកសាងបម្រើដល់តម្រូវការកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី។ មកដល់ទីនេះភ្ញៀវទេសចរនឹងបរិភោគ ហើយសម្រាកនៅតាមផ្ទះរបស់ប្រជាជននិងធ្វើការរួមគ្នាជាមួយប្រជាជន។ លោក Trieu Van Doi ម្ចាស់ homestay ក្នុងភូមិ Na Tong ឃុំ Thuong Lam ស្រុក Lam Binh ខេត្ត Tuyen Quang បានឲ្យដឹងថា៖ “ឆ្លៀតយកប្រយោជន៍ពីផ្ទះឈើ ក្នុង រយៈពេល ១ ឆ្នាំកន្លងមកនេះខ្ញុំបានជួសជុលនិងប្រែក្លាយផ្ទះឈើរបស់ខ្លួនទៅជា Homestay បម្រើដល់ភ្ញៀវទេសចរ។ នៅពេលខាងមុខ យើងខ្ញុំសង្ឃឹមថា អ្នកទេសចរនឹងស្គាល់ពី Na Hang កាន់តែច្រើន ដើម្បីឱ្យយើងអាចបម្រើបានកាន់តែល្អប្រសើរជាង”។

កាលពីមុននេះ ធ្វើដំណើរទៅកាន់ Na Hang គឺមានការលំបាកខ្លាំង ដោយសារតែ ផ្លូវថ្នល់មិនទាន់អភិវឌ្ឍ ន៍ មានផ្លូវតែមួយគត់និងគ្រោះថ្នាក់ណាស់។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លូវទៅកាន់ Na Hang ត្រូវបានជួសជុល ហើយការធ្វើដំណើររបស់ប្រជាជននិងអ្នកទេសចរមានភាពងាយស្រួលជាង។  លក្ខណៈនេះធ្វើឱ្យ Na Hang ក្លាយជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរមក ស្វែងរក និងគយគន់ទេសភាពស្រស់ស្អាតរបស់ Na Hang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ