ការថែរក្សាចម្រៀង Cỏ lẩu របស់ជនជាតិ Nùng Phàn Slình

(VOVWORLD) - ការច្រៀង Cỏ lẩu គឺជាទម្រង់ចម្រៀងប្រជាប្រិយរបស់ជនជាតិ Nung Phan Slinh ក្នុងខេត្ត Lang Son។ ទំនុកច្រៀងនេះ រៀបរាប់ពីដំណើរអាពាហ៍ពិពាហ៍របស់ជនជាតិ Nung ដោយចាប់ផ្តើមពីពិធីភ្ជាប់ពាក្យ ការពិនិត្យជោគវាសនាពីអាយុ ការប្រកាសភាពត្រូវគ្នានៃជោគវាសនា រហូតដល់ពិធីប្រកាសអាពាហ៍ពិពាហ៍ និងពិធីរៀបមង្គលការ។

ការថែរក្សាចម្រៀង Cỏ lẩu របស់ជនជាតិ Nùng Phàn Slình - ảnh 1ជនជាតិ Nung ប្រមូលផ្ដុំគ្នាច្រៀង co lau នៅដើមនិទាឃរដូវថ្មី។ (រូបថត៖ VOV)

កាលពីអតីតកាល ការច្រៀង cỏ lẩu ដើរទន្ទឹមនឹងពិធីមង្គលការ ព្រោះនេះជាពិធីដ៏សំខាន់ ហើយក៏រួមចំណែកបង្កើតបរិយាកាសសប្បាយរីករាយក្នុងពិធីមង្គលការផងដែរ។ បទចម្រៀង co lau ត្រូវបានច្រៀងតាំងពីពេលទៅទទួលកូនក្រមុំ រហូតដល់កូនក្រមុំមកដល់ផ្ទះប្ដីវិញ សូម្បីតែដល់ថ្ងៃបន្ទាប់ពិធីមង្គលការទៀតផង។ កិច្ចការទាំងអស់នឹងត្រូវបានពិភាក្សា និងសម្រេចតាមរយៈការច្រៀង cỏ lẩu ដូចជា៖ គ្រួសារកូនកំលោះច្រៀងដើម្បីសុំទទួលកូនក្រមុំ ច្រៀងដើម្បីសាកសួរសុខទុក្ខក្រុមគ្រួសារញាតិសន្ដានទាំងសង្ខាង  និងច្រៀងសុំធ្វើបែបបទក្នុងពិធីមង្គលការ ជាដើម។

ការច្រៀង co lau ត្រូវបានចែកជាពីរប្រភេទ៖ គឺច្រៀងពេលថ្ងៃ និងច្រៀងពេលយប់។ ការច្រៀងពេលថ្ងៃមានលក្ខណៈពិធីការ ភាគច្រើនត្រូវបានសម្ដែងដោយលោកតាលោកយាយ មេអណ្ដើក និងត្រីកំដរ។ ចំណែកការច្រៀងពេលយប់ ជាទម្រង់ច្រៀងសាសងគ្នា សម្រាប់មនុស្សទាំងអស់ ជាពិសេសយុវជន យុវនារីជាមិត្តភក្តិរបស់កូនកំលោះនិងកូនក្រមុំ។ បទចម្រៀងជារឿយៗផ្តោតលើប្រធានបទដ៏ពេញនិយមបំផុតគឺសេចក្ដីស្រឡាញ់។ លើសពីនេះ ចម្រៀង co lau ក៏ត្រូវបានចាត់ទុកថាជាប្រព័ន្ធចម្រៀងដែលមានលក្ខណៈណែនាំខ្ពស់។ ទំនុកច្រៀងបង្រៀនមនុស្សឱ្យរស់នៅបានល្អប្រសើរ មានគុណធម៌ ហើយបង្រៀនកូនប្រសាស្រីនិងកូនប្រសាប្រុសឱ្យស្គាល់ពីរបៀបប្រព្រឹត្តក្នុងគ្រួសារថ្មី។ អ្នកស្រី Lang Thi Bay នៅភូមិ Nà Me ឃុំ Quang Lac ទីក្រុង Lang Son ជាអ្នកច្រៀង co lau ក្នុងពិធីមង្គលការរបស់ជនជាតិ Nung Phan Slình បាននិយាយថា៖

“ខ្ញុំនៅចាំថា កាលនៅក្មេង ពេលទៅធ្វើជាអ្នកកំដរកូនក្រមុំ យុវជនងយើងច្រៀងឆ្លើយសាសងគ្នាពេញមួយយប់។ ម្ខាងនេះច្រៀងហើយ ម្ខាងនោះច្រៀងឆ្លើយតប។ មានតែអ្នកដែលចេះច្រៀងចម្រៀង co lau នេះ ហើយពូកែខាងវោហា និងឆ្លើយតបយ៉ាងរហ័សនឹង ទើបត្រូវបានអញ្ជើញទៅច្រៀង”។

បទចម្រៀង co lau ភាគច្រើនត្រូវបានសរសេរក្នុងទម្រង់កំណាព្យពី ៥ ទៅ ៧ ពាក្យ។ នៅក្នុងប្រព័ន្ធទំនុកច្រៀង នៅតែមានឃ្លាគំរូមួយចំនួនដែលបង្កប់អត្ថន័យច្រើន ដូច្នេះហើយ យុវជនជនជាតិ Nung ភាគច្រើនតែងតែរៀនទន្ទេញចាំពាក្យ។ ទោះជាយ៉ាងនេះក្ដី co lau គឺជារបៀបច្រៀងឆ្លើយឆ្លងគ្នា ដូច្នេះហើយ ជួនកាលវាត្រូវបាននិពន្ធដោយសេរី ដើម្បីបង្ហាញពីសមត្ថភាពឆ្លើយតប និងភាពបត់បែនរបស់អ្នកច្រៀង ក៏ដូចជារបៀបប្រៀបធៀបដ៏ពោរពេញទៅដោយតម្លៃសិល្បៈនៅក្នុងអត្តសញ្ញាណវប្បធម៌ជនជាតិ Nung។ សិប្បករ Hoang Choong នៅទីក្រុង Lang Son ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះនិងការជក់ចិត្តក្នុងការស្រាវជ្រាវវប្បធម៌ប្រជាប្រិយ Tay - Nung បានចែករំលែកថា៖

“ក្នុងចំណោមចម្រៀងប្រជាប្រិយ ជនជាតិ Nung មានចម្រៀង co lau ដ៏ពិសេសណាស់។ នេះជារបៀបច្រៀង ដែលសម្តែងដោយពាក្យសំដី មិនត្រូវការភ្លេងនោះទេ ក្នុងទម្រង់ជាកំណាព្យ៥ពាក្យ ។ ថ្ងៃធម្មតាគ្មានអ្នកណាច្រៀងបែបនេះទេ គេច្រៀងតែថ្ងៃសប្បាយរបស់អ្នកភូមិ ជាពិសេសក្នុងពិធីមង្គលការ”។

នាបច្ចុប្បន្ន ខេត្ត Lang Son កំពុងជំរុញខ្លាំងការងារប្រម៉ែប្រមូល កត់ត្រា និងរៀបចំជាឯកសារនូវខ្លឹមសារបទចម្រៀង co lau; អភិរក្សបទចម្រៀង co lau ទាំងខាងឯកសារ និង ការសម្ដែង; មានយន្តការ គោលនយោបាយ និងការវិនិយោគហិរញ្ញវត្ថុ ដើម្បីបង្កើត និងថែរក្សាក្លឹបវប្បធម៌សិល្បៈជនជាតិនៅតាមភូមិឃុំនានា; អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវចលនាសិល្បៈមហាជន រៀបចំការប្រកួតប្រជែង និងការសម្តែងចម្រៀងប្រជាប្រិយ; រៀបចំថ្នាក់បង្រៀនដល់យុវជនជំនាន់ក្រោយ និងអ្នកស្រឡាញ់តន្ត្រីប្រជាប្រិយ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិភាគតិច។ សិល្បៈការិនីប្រជាជន Trieu Thuy Tien អនុប្រធានសមាគមអភិរក្សចម្រៀងប្រជាប្រិយខេត្ត Lang Son បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន នៅឃុំ Quang Lac ជិតកណ្តាលទីក្រុង Lang Son នៅតែរក្សាការច្រៀង co lau ក្នុងពិធីមង្គលការរបស់ជនជាតិ Nung Phan Slình។ ខ្ញុំសង្ឃឹមថា រដ្ឋនឹងចាត់វិធានការជួយឧបត្ថម្ភដល់ការថែរក្សា និងស្តារឡើងវិញនូវបទចម្រៀងប្រប្រជាប្រិយដ៏ពិសេសនេះរបស់ជនជាតិ Nung ដើម្បីបង្រៀនដល់យុវជនជំនាន់ក្រោយ រួមចំណែកថែរក្សាតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការច្រៀង Co Lau កំពុងវិលត្រឡប់មកព្រឹត្តិការណ៍នានារបស់ជនជាតិ Nung នៅខេត្ត Lang Son ជាបណ្តើរៗ។ ដោយមានការរួមដៃពីអាជ្ញាធរមូលដ្ឋាន និងប្រជាជន ទម្រង់វប្បធម៌ប្រជាប្រិយដ៏វិសេសវិសាលនេះ បាននិងកំពុងត្រូវបានអភិរក្ស ស្ដារឡើងវិញ និងពង្រីក ដើម្បីរក្សាទុកជូនជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ