ខេត្ត Lao Cai អភិរក្សវប្បធម៌របស់បណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍ទេសចរណ៍

(VOVWORLD) - ខេត្ត Lao Cai បច្ចុប្បន្នមានកេរ្តិ៍ដំណែលវប្បធម៌ជាង ៥០ ដែលជាប់ចំណាត់ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងបេតិកភណ្ឌតំណាងមនុស្សជាតិចចំនួនជិត ៤០។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Lao Cai ក្នុងការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍សហគមន៍ ទទួលបទពិសោធន៍ និងទេសចរណ៍ផ្សងព្រេង។

ខេត្ត Lao Cai អភិរក្សវប្បធម៌របស់បណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍ទេសចរណ៍ - ảnh 1គ្រួសារជនជាតិ La Chi ភាគច្រើននៅ Bac Ha នៅតែរក្សាកីតម្បាញ។ (រូបថត៖ VOV)

ប្រជាជនជាជនជាតិ La Chi នៅឃុំ Nam Khanh ស្រុក Bac Ha រហូតមកដល់ពេលនេះ នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ជាច្រើនរបស់ខ្លួន ក្នុងនោះមានរបរដាំកប្បាស ត្បាញក្រណាត់ផងដែរ។ ដើម្បីអភិរក្ស និងពង្រីកមុខរបរដាំ កប្បាស ត្បាញក្រណាត់របស់ជនជាតិ La Chi ផ្នែកវប្បធម៌និងកីឡាខេត្ត Lao Cai បានធ្វើការស្ទង់មតិ និងស្តារឡើងវិញនូវមុខរបរប្រពៃណីនេះ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ អ្នកស្រី Ly Thi Huong ជនជាតិ La Chi ម្នាក់ នៅឃុំ Nam Khanh ស្រុក Bac Ha នៅពេលទំនេរម្ដងៗ តែងតែរួមជាមួយលោកយាយនិងបងប្អូនស្រីក្នុងភូមិ Ma Pho សិក្សាស្វែងយល់យ៉ាងជក់ចិត្តពីរបរតម្បាញក្រណាត់ប្រពៃណី។ អ្នកស្រី Ly Thi Huong បានឲ្យដឹងថា៖

“ដើម្បីរក្សាបាននូវរបរតម្បាញក្រណាត់នេះ ខ្ញុំគិតថាចាំបាច់ត្រូវកត់ត្រាឯកសារឡើងវិញ។ យើងអាចថតវីដេអូដើម្បីឲ្យយុវជនជំនាន់ក្រោយសិក្សារៀនសូត្រ”។

នៅឆ្នាំ ២០២១ ឃុំ Nghia Do ស្រុក Bao Yen ត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍ថ្នាក់ខេត្តនៅ Lao Cai។ ជនជាតិ Tay នៅឃុំ Nghia Do មានរបៀបធ្វើទេសចរណ៍ផ្ទាល់ខ្លួន។ អ្នកស្រី Kim Thi Mai មកពីភូមិ Na Luong ដោយមានការជក់ចិត្តនឹងចង្វាក់ភ្លេង Then របស់ជនជាតិ Tay ដូច្នេះហើយអ្នកស្រីបានបង្កើតក្រុមសិល្បៈដើម្បីបម្រើភ្ញៀវទេសចរ។ អ្នកស្រី Mai ចែករំលែកថា៖

“ខ្ញុំគិតថា ការអភិរក្សនិងអភិវឌ្ឍការច្រៀងចម្រៀង Then ក៏បានរួមចំណែកក្នុងកម្រិតជាក់ស្ដែងមួយទៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយជួយឱ្យភ្ញៀវទេសចរមកដល់ Nghia Do អាចទទួលបានបទពិសោធន៍ពីបទចម្រៀង Then របស់ប្រជាជន Nghia Do”។

រហូតមកដល់បច្ចុប្បន្ន ភូមិទាំង ១៣ ក្នុងឃុំ Nghia Do សុទ្ធតែមានក្រុមសិល្បៈច្រៀង Then ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ ហើយរៀបចំសកម្មភាពវប្បធម៌ សិល្បៈ ដើម្បីរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍នៅមូលដ្ឋាន។ សមាជិកភាគច្រើននៃក្រុមសិល្បៈ គឺជាយុវជន ប៉ុន្តែតែងតែសង្វាតសិក្សារៀនសូត្រពី ជំនាន់មុនៗអំពីបទចម្រៀង Then។ អ្នកស្រី Luong Thi Kiem នៅភូមិ Na Luong ឃុំ Nghia Do ស្រុក Bao Yen បានឲ្យដឹងថា៖

“ខ្ញុំត្រូវបានម៉ែ ពូមីងបង្រៀនពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងនេះ។ ដូច្នេះហើយ ខ្ញុំក៏មានបំណងចង់ថែរក្សានិងពង្រីកបាននូវអត្តសញ្ញាណនោះផងដែរ”។

ខេត្ត Lao Cai អភិរក្សវប្បធម៌របស់បណ្ដាជនជាតិដើម្បីអភិវឌ្ឍន៍ទេសចរណ៍ - ảnh 2ក្លឹបច្រៀង Then នៅឃុំ Nghia Do (Bao Yen)។ (រូបថត៖ Nguyen The Luong/ dangcongsan.vn)

ខេត្ត Lao Cai មានក្រុមជនជាតិចំនួន ២៥ ជាមួយនឹងរតនៈសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងវិសេសវិសាល។ ដើម្បីអភិរក្ស ថែរក្សា និងពង្រីករតនសម្បត្តិនោះ ខេត្ត Lao Cai បានកសាងនិងដាក់ឱ្យដំណើរការគម្រោង “ការអភិវឌ្ឍវប្បធម៌ ការថែរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅ Lao Cai” តាំងពីឆ្នាំ ២០០១។ ក្នុងការងារអភិរក្សវប្បធម៌ កម្មវិធី “សហគមន៍នីមួយៗ ជនជាតិនីមួយៗ តំបន់នីមួយៗមានផលិតផលពិសេសដោយឡែកក្លាយទៅជាទំនិញ” បានជួយផលិតផលវប្បធម៍ជាច្រើនរបស់ប្រជាជនក្នុងតំបន់ ក្លាយទៅជាម៉ាកយីហោដ៏ទាក់ទាញចំពោះភ្ញៀវទេសចរ ដូចជាថ្នាំត្រាំងូតទឹករបស់ជនជាតិ Dao ក្រហម; ផលិតផលចរបាប់ Ta Phin (Sa Pa) ស្រា San Lung (Bat Xat) ផលិតផលពីឬស្សី ផ្តៅរបស់ជនជាតិ Tay នៅ Nghia Do (Bao Yen)… ដែលបានជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Duong Tuan Nghia ប្រធានការិយាល័យគ្រប់គ្រងបេតិកភណ្ឌ មន្ទីរវប្បធម៌ និងកីឡាខេត្ត Lao Cai បានឲ្យដឹងថា៖

“ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត Lao Cai ក៏កំពុងកំណត់វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត ដូច្នេះការអភិរក្សវប្បធម៌គឺជាភារកិច្ចដ៏សែនសំខាន់ ក្នុងការបង្កើតផលិតផលប្លែកៗ និងវិសេសវិសាល ដើម្បីទាក់ទាញភ្ញៀវទេសចរមកដល់ Lao Cai”។

លើផ្លូវសមាហរណកម្មនិងអភិវឌ្ឍន៍ ការរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីគឺជាកត្តាដ៏សំខាន់ដែលបញ្ជាក់ពីឋានៈនិងតួនាទីរបស់បណ្ដាជនជាតិនៅក្នុងខេត្ត Lao Cai រួមចំណែកកសាងខឿនវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។ ទន្ទឹមនឹងនោះ ការអភិរក្ស ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ និងមុខរបរប្រពៃណីរបស់បណ្ដាជនជាតិនៅខេត្ត Lao Cai បានរួមចំណែកប្រែក្លាយបេតិកភណ្ឌទៅជាទ្រព្យសម្បត្តិ បង្កើតឡើងផលិតផលទេសចរណ៍ដ៏សម្បូរបែប នាំមកនូវបទពិសោធន៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅពេលមកដល់ Lao Cai ម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ