“ចេញពីវាំងននអ័ព្ទ” - រឿងរ៉ាវស្ដីពីស្ត្រីជនជាតិ Mong ជំនះលើទំនៀមទំលាប់ "ចាប់ប្រពន្ធ"
(VOVWORLD) - ទំនៀមទំលាប់ “ទាញប្រពន្ធ” ជាទំនៀមទំលាប់ប្រជាប្រិយរបស់ជនជាតិ Mong និងជនជាតិមួយចំនួនទៀតនៅតំបន់ភាគពាយ័ព្យប្រទេសវៀតណាម។ ការ "ទាញប្រពន្ធ" ច្រើនតែប្រព្រឹត្តទៅនៅពេលប្រជុំផ្សារ ឬពិធីបុណ្យ នៅពេលដែលគូស្នេហ៍បានស្រឡាញ់គ្នាតាំងពីមុន ហើយគេត្រឹមតែ "ទាញប្រពន្ធ" នៅពេលហៀបនឹងរៀបការប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំ ទំនៀមទម្លាប់ពិសេសនេះត្រូវបានបកស្រាយខុស ដោយក្លាយជាទម្រង់នៃការ "ចាប់ប្រពន្ធ" "ប្លន់ប្រពន្ធ"។ ប្រឈមមុខនឹងស្ថានភាពនោះ កញ្ញា Ma Thi Di កញ្ញាជនជាតិ Mong រស់នៅទីរួមស្រុក Sapa ខេត្ត Lao Cai បានតវ៉ាប្រឆាំងយ៉ាងក្លាហាន មិនអនុញ្ញាតឱ្យអ្នកដទៃបង្ខិតបង្ខំលើអាពាហ៍ពិពាហ៍របស់ខ្លួនឡើយ។ កញ្ញា Ma Thi Di បានធ្វើជាម្ចាស់ជីវិតខ្លួនឯង ហើយរកឃើញសុភមង្គល។
កញ្ញា Ma Thi Di (ឆ្វេង) និងម្ដាយ Chau Thi Say (កណ្ដាល) ចូលរួមកិច្ចសន្ទនា
"ចេញពីវាំងននអ័ព្ទ" នៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV) |
នៅពេលនាងទើបមានអាយុ ១៤ ឆ្នាំ កញ្ញា Ma Thi Di ត្រូវបានគ្រួសារ Vang - កំលោះជនជាតិ Mong ដែលទើបតែស្គាល់គ្នានៅផ្សារកាលពីដើម ឆ្នាំ ២០១៧ មកចាប់នាងធ្វើជាប្រពន្ធ។ ខុសពីនារីជនជាតិ Mong ផ្សេងទៀត ដែលយល់ព្រមរៀបការ បន្ទាប់ពីត្រូវ “ចាប់” ប៉ុន្តែ កញ្ញា Ma Thi Di បានតវ៉ាប្រឆាំងយ៉ាងប្ដូរផ្ដាច់ ហើយមិនទទួលយកការរៀបការដោយចាប់បង្ខំនោះទេ។ កញ្ញា Ma Thi Di ដែលឥឡូវនេះមានអាយុ២០ឆ្នាំ បានរំលឹករឿងពេលនោះឡើងវិញថា៖
“នៅពេលត្រូវគេទាញចេញ ខ្ញុំក៏ភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំមានគំនិតតែមួយគត់ថា ខ្ញុំត្រូវទៅរៀនដើម្បីមានចំណេះដឹងច្រើនជាង។ ដូច្នេះ ខ្ញុំបានតាំងចិត្តមិនអើពើដល់ការទិតៀនរបស់អ្នកជិតខាង ហើយត្រូវរួចផុតពីទំនៀមទំលាប់ប្លន់ប្រពន្ធបែបនេះ។ ខ្ញុំសម្រេចចិត្តមិនរៀបការនៅពេលក្មេងពេកទេ ហើយត្រូវតែប្រឆាំងជំទាស់នឹងរឿងនេះ”។
ដោយការសម្រេចចិត្តនោះ កញ្ញា Ma Thi Di បានបន្តទៅសាលារៀន ខណៈដែលមិត្តភក្តិជាច្រើននៅពេលនោះបានរៀបការហើយ។ នៅពេលធំដឹងក្ដី Di ក៏ស្វែងយល់ដោយខ្លួនឯង ហើយរៀបការជាមួយអ្នកដែលនាងស្រឡាញ់ពិតប្រាកដ ជំនួសឲ្យការរៀបការតាមទំនៀមទំលាប់ចាស់។ បច្ចុប្បន្ននេះ Di ស្វ័យសម្រេចលើជីវិតរបស់ខ្លួន ដោយបើកហាងអនឡាញមួយ ដើម្បីផ្សព្វផ្សាយ និងលក់សំលៀកបំពាក់របស់ជនជាតិ Mong។ កញ្ញា Ma Thi Di បានចែករំលែកថា៖
“ខ្ញុំចង់ផ្ញើសារទៅកាន់កុមារនៅតំបន់ព្រៃភ្នំថា សូមជឿទុកចិត្តជានិច្ចដើម្បីបំពេញក្តីសុបិនរបស់អ្នក ហើយធ្វើអ្វីៗដែលអ្នកចង់បាន។ សូមដឹងថា នៅខាងក្រៅនៅតែមានរឿងជាច្រើនដែលអ្នកមិនទាន់បានរៀន និងមិនទាន់បានស្គាល់”។
ចំណែកម្តាយរបស់ Di ក៏ដូចស្ត្រីជនជាតិជនជាតិ Mong ដទៃទៀតដែរ អ្នកស្រី Chau Thi Say បានយល់ព្រមរៀបការតាមប្រពៃណីរបស់ជនជាតិខ្លួន។ ប៉ុន្តែក្នុងនាមជាអ្នកម្តាយម្នាក់ ដើម្បីការពារអនាគត និងសុភមង្គលរបស់កូនស្រី កាលពី៦ឆ្នាំមុន អ្នកស្រី Say បានឆ្លងកាត់ការតស៊ូផ្លូវចិត្តរវាងការទទួលយកទំនៀមទម្លាប់តាំងពីមុនមករបស់ជនជាតិ ឬគោរពការសម្រេចចិត្ត និងសុភមង្គលរបស់កូនស្រី។ អ្នកស្រី Chau Thi Say បាននិយាយថា៖
“ខ្ញុំពិតជាចង់ឲ្យកូនខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យ រៀនឲ្យបានចប់ចុងចប់ដើមដូចអ្នកដទៃដែរ។ ប៉ុន្តែដោយសារវាជាទំនៀមទំលាប់ហើយ ខ្ញុំក៏មិនអាចធ្វើអ្វីបានទេ។ ពេលដែលកូនស្រីខ្ញុំមិនយល់ស្រប ខ្ញុំបាននិយាយជាមួយឪពុកម្តាយរបស់គេ។ ពេលដែល Di មានសុភមង្គលដូចបច្ចុប្បន្ននេះ ខ្ញុំសប្បាយរីករាយខ្លាំងណាស់។ សង្ឃឹមថា Di នឹងបន្តអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត”។
កញ្ញា Ma Thi Di ក្នុងភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ"។ (រូបថត៖ VOV) |
"ការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" គឺជាគម្រោងមួយក្នុងចំណោមគម្រោងចំនួន ១០ នៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះមានសមាគមនារីគ្រប់លំដាប់ថ្នាក់ បានអនុវត្តន៍គម្រោងយ៉ាងសកម្ម ហើយទទួលបានលទ្ធផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់បងប្អូនជនជាតិភាគតិច។ លោកស្រី Ton Ngoc Hanh អនុប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានឲ្យដឹងថា៖
“យើងខ្ញុំបានចេញផ្សាយឯកសារណែនាំចំនួន ១២ ផ្សេងៗគ្នា; កសាងគំរូនៅក្នុងខេត្តចំនួន ៨ ដែលតំណាងឱ្យតំបន់នានា ដើម្បីអនុវត្តន៍ខ្លឹមសារសំខាន់ៗ។ ឯកសារស្ដីពីផលិតផលសារព័ត៌មាន គឺជាឯកសារក្រដាស និងឯកសារអេឡិចត្រូនិក រួមជាមួយនឹងវីដេអូឃ្លីប រឿងកំប្លែងដែលត្រូវបានបកប្រែជាភាសាផ្សេងៗសម្រាប់ការឃោសនានៅតាមតំបន់ជនជាតិភាគតិច ដើម្បីជួយមុខសញ្ញាឱ្យទទួលបានយ៉ាងងាយស្រួលជាង។ យើងខ្ញុំក៏ជួយឧបត្ថម្ភខាងជំនាញដើម្បីឲ្យបងប្អូននារីអាចលក់ផលិតផលដែលគេធ្វើផ្ទាល់ខ្លួន ចូលរួមទីផ្សារ លក់បានតម្លៃល្អ មានការងារធ្វើដោយស្ថិរភាព មានចំណូលស្ថិរភាព ថែទាំគ្រួសារ ចិញ្ចឹមកូនៗឱ្យកាន់តែប្រសើរ មានការយល់ដឹង
ជឿនលឿនជាងដើម្បីជំនះពុះពារលើស្ថានការណ៍អាពាហ៍ពិពាហ៍កុមារ និងអាពាហ៍ពិពាហ៍រវាងញាតិលាហិត”។
រឿងស្ដីពី កញ្ញា Ma Thi Di ជាមួយការ “ប្លន់ប្រពន្ធ” “ចាប់ប្រពន្ធ” នៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ត្រូវបានអ្នកដឹកនាំរឿង Ha Le Diem ថតឡើងវិញក្នុងភាពយន្តឯកសារ “កុមារក្នុងអ័ព្ទ” - ខ្សែភាពយន្តដែលឈ្នះពានរង្វាន់ភាពយន្តអន្តរជាតិឆ្នើម នៅមហោស្រពភាពយន្ត Docaviv និងពានរង្វាន់អ្នកដឹកនាំរឿងឆ្នើម នៅមហោស្រពភាពយន្តឯកសារ Amsterdam ឆ្នាំ ២០២១; ទន្ទឹមនឹងនោះ ស្ថិតនៅក្នុងបញ្ជីសម្រាំងនៃការជ្រើសតាំងចំនួន ១៥ សម្រាប់ភាពយន្តឯកសារឆ្នើមបំផុតនៅពានរង្វាន់ Oscar ឆ្នាំ២០២៣។ កញ្ញា Ma Thi Di ជាមួយនឹងសកម្មភាពតវ៉ាប្រឆាំងនឹងអាពាហ៍ពិពាហ៍ដោយចាប់បង្ខំបានចេញពីវាំងននអ័ព្ទ យកឈ្នះលើទំនៀមទម្លាប់ "ចាប់ប្រពន្ធ"។ រឿងស្ដីពី Di បានពិពណ៌នាពីតួរអង្គជាក់លាក់មួយ ព្រមទាំងផ្តល់នូវទិដ្ឋភាពស៊ីជម្រៅអំពីបណ្ដាជនជាតិភាគតិចនៅប្រទេសវៀតណាមផងដែរ តាមនោះរួមចំណែកជាសំឡេង ដើម្បីនាំមកនូវសមភាពដល់កុមារ ជាពិសេសកុមារីជនជាតិភាគតិច៕