ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Kho Mu នៅភូមិ Tham Phe

(VOVWORLD) - ជនជាតិ Kho Mu គឺជាជនជាតិមួយក្នុងចំណោមជនជាតិចំណាស់ជាងគេដែលបានរួមរស់ជាមួយជនជាតិបងប្អូនជាង២០ផ្សេងទៀតនៅខេត្ត Lai Chau។ ថ្វីត្បិតតែចំនួនប្រជាជនមិនសូវច្រើន រស់នៅរាយប៉ាយ ហើយទទួលឥទ្ធិពលយ៉ាងច្រើនពីជនជាតិ Thai ក៏ដោយ ក៏ជីវភាពវប្បធម៌របស់ជនជាតិ Kho Mu នៅតែជារតន សម្បត្តិពិសេសមួយដែលត្រូវការថែរក្សានិងពង្រីក។ ក្នុងនោះ ត្រូវនិយាយដល់ចម្រៀងនិងក្បាច់រាំរបាំប្រជាប្រិយនៅក្នុងវប្បធម៌របស់ជនជាតិ Kho Mu នៅភូមិ Tham Phe ឃុំ Muong Kim ស្រុក Than Uyen។

ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Kho Mu នៅភូមិ Tham Phe - ảnh 1តាមរយៈក្បាច់រាំរបាំប្រជាប្រិយ ជនជាតិ Kho Mu ចង់ឲ្យប្រជាជនតែងតែមានសុខភាពល្អបរិបូរ ហើយបួងសួងសុំឲ្យមានរដូវនិងអាកាសធាតុអំណោយផល។ (រូបថត៖ dantocmiennui.vn)

រួមជាមួយលក្ខណៈស្រស់ស្អាតនៃសំលៀកបំពាក់ ចំណុចមួយដែលងាយឃើញបំផុតក្នុងវប្បធម៌របស់ជនជាតិ Kho Mu គឺជាសកម្មភាពវប្បធម៌សហគមន៍ដែលមានចម្រៀងនិងក្បាច់រាំរបាំប្រជាប្រិយ។ តាមរយៈក្បាច់រាំរបាំប្រជាប្រិយ ជនជាតិ Kho Mu ចង់ឲ្យប្រជាជនតែងតែមានសុខភាពល្អបរិបូរ ហើយបួងសួងសុំឲ្យមានរដូវនិងអាកាសធាតុអំណោយផល។ ទន្ទឹមនឹងនោះ វាក៏បង្ហាញពីទំនាក់ទំនងរវាងមនុស្សជាមួយមនុស្ស និងមនុស្សជាមួយធម្មជាតិផងដែរ។

របាំរបស់ជនជាតិ Kho Mu តែងតែផ្សាភ្ជាប់ជាមួយនឹងជំនឿអំណររដូវថ្មី សេចក្ដីស្រឡាញ់របស់គូស្នេហ៍ ការងារខិតខំប្រឹងប្រែងរបស់ប្រជាជននៅពេលជំនះលើការលំបាកដើម្បីអភិវឌ្ឍន៍រួមគ្នាជាមួយសហគមន៍។ អ្នកស្រី Hoang Thi Thu នៅភូមិ Tham Phe ឃុំ Muong Kim ស្រុក Than Uyen ខេត្ត Lai Chau បានឲ្យដឹងថា៖

“ដើម្បីស្តារអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Kho Mu ឡើងវិញ ភូមិ Tham Phe ត្រូវបានរដ្ឋយកចិត្តទុកដាក់ ជួយបង្កើតក្រុមសិល្បៈដែលមានសមាជិក១៤នាក់ ក្រុមបានធ្វើការហាត់២ថ្ងៃជារៀងរាល់សប្តាហ៍ ចំណែកឯថ្ងៃនៅសេសសល់ សមាជិកហាត់ជាមួយគ្នាដោយខ្លួនឯង។ នៅក្នុងភូមិក៏មានលោកតាលោកយាយដែល បង្រៀនរបាំនិងឧបករណ៍ភ្លេងជូនកូនចៅផងដែរ”។

ដូចនឹងជនជាតិភាគតិចដទៃទៀតដែរ ជនជាតិ Kho Mu មានប្រព័ន្ធឧបករណ៍ភ្លេងដ៏សម្បូរបែប ដែលក្នុងនោះ ៩០% ត្រូវបានធ្វើពីវត្ថុធាតុដើមដែលមានស្រាប់ពីព្រៃឈើដូចជា ឫស្សីនិងឫស្សីថ្ង។

ផ្ដើមពីឧបករណ៍កសិកម្មមួយ ដោយឆ្លងកាត់ពេលវេលានិងចំណង់ចំណូលចិត្តនៃការច្រៀង បងប្អូនជនជាតិ Kho Mu បានប្រែក្លាយឧបករណ៍កសិកម្មដែលបានធ្វើពីដើមឫស្សីថ្ងតូចៗ ទៅជាឧបករណ៍ភ្លេងដ៏ស្និទ្ធស្នាល នោះគឺជា dao dao (ដាវ ដាវ)។ dao dao ត្រូវបានធ្វើឡើងពីបំពង់ឫស្សីថ្ង ដែលជាវត្ថុធាតុដើមពីធម្មជាតិដ៏ជិតស្និទ្ធជាមួយនឹងជនជាតិ Kho Mu ។

ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Kho Mu នៅភូមិ Tham Phe - ảnh 2ស្ត្រីជនជាតិ Kho Mu សម្ដែងឧបករណ៍ភ្លេង dao dao។ (រូបថត៖ dantocmiennui.vn)

dao dao មានអង្កត់ផ្ចិតជាមធ្យមពី៣ដល់៤សង់ទីម៉ែត្រ ប្រវែងប្រហែល ៤០-៥០សង់ទីម៉ែត្រ។ ការធ្វើdao dao ហាក់សាមញ្ញណាស់ ប៉ុន្តែដើម្បីមាន dao dao ដ៏ល្អមួយ សិប្បករត្រូវតែចំណាយពេលនិងប្រាជ្ញាជាច្រើនក្នុងការជ្រើសរើសវត្ថុធាតុដើមនិងធ្វើតេស្តសម្លេង។ របាំប្រពៃណីដ៏ពិសេសដោយឡែករបស់ជនជាតិ Kho Mu ត្រូវបានបង្កើតឡើងពីចង្វាក់នៃឧបករណ៍ភ្លេង គួបផ្សំជាមួយនឹងចលនាដៃនិងរាងកាយទាំងមូល។ របាំនិងការសម្តែង dao dao តែងតែត្រូវបានអមដោយ គងឃ្មោះនិងស្គរ។ លោក Hoang Van Tien នៅភូមិ Tham Phe ឃុំ Muong Kim ស្រុក Than Uyen បានឲ្យដឹងថា៖

“ជនជាតិ Kho Mu តាំងពីបុរាណកាលមិនមានឧបករណ៍ភ្លេងចាបី tinh នោះទេ ត្រឹមតែប្រើឧបករណ៍ភ្លេងដែលធ្វើពីឫស្សីថ្ង ធ្វើជាឧបករណ៍ភ្លេងប្រពៃណីប៉ុណ្ណោះ។ កំលោះនឹងផ្លុំឧបករណ៍ភ្លេង dao dao ខណៈពេលដែលក្រមុំកំពុងលង់លក់នៅពេលយប់ ប្រសិនបើក្រមុំលឺសម្លេង dao dao ហើយមានអារម្មណ៍ពេញចិត្ត នាងនឹងភ្ញាក់ពីដំណេកមកទទួលស្វាគមន៍កំលោះ”។

ដោយមានការយល់ដឹងពីតម្លៃវប្បធម៌នៃប្រភពដើម ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ពីប្រជាជនម្នាក់ៗរហូតដល់អាជ្ញាធរខេត្ត Lai Chau តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារអភិរក្សវប្បធម៌ប្រជាប្រិយរបស់សហគមន៍ជនជាតិ Kho Mu ក្នុងនោះត្រូវនិយាយដល់ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានកិត្យានុភាពក្នុងសហគមន៍ផងដែរ។ លោក Vu Van Hung ប្រធានការិយាល័យវប្បធម៌ ព័ត៌មានស្រុក Than Uyen ខេត្ត Lai Chau មានប្រសាសន៍ថា៖

“យើងខ្ញុំផ្តោតលើការជួយអ្នកភូមិ Tham Phe ជួសជុលកែល្អផ្ទះសម្បែង ផ្លាស់ទីជម្រកទៅកាន់មណ្ឌលចិញ្ចឹមសត្វ ណែនាំប្រជាជនដាំផ្កាដើម្បីបង្កើតទេសភាពហើយណែនាំក្រុមសិល្បៈហាត់សម ក្នុងគោលបំណងបម្រើភ្ញៀវទេសចរ”។

ជាមួយនឹងអ្វីៗដែលនៅតែបានថែរក្សាក្នុងវប្បធម៌របស់ជនជាតិ Kho Mu រួមជាមួយនឹងលក្ខណៈវប្បធម៌ដ៏សម្បូរបែបនោះ ភូមិ Tham Phe ឃុំ Muong Kim ស្រុក Than Uyen បាននិងកំពុងក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្ត Lai Chau តាមនោះ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សានិងអភិរក្សសម្រស់វប្បធម៌ប្រពៃណីរបស់មហាគ្រួសារជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ