ថែរក្សាវប្បធម៌ជនជាតិ Dao ពីសកម្មភាពអក្សរសាស្ត្រសិល្បៈនៅក្នុងភូមិ

(VOVWORLD) - ពីក្រុមសិល្បៈមួយដែលត្រឹមតែសម្ដែងដើម្បីបម្រើប្រជាជនតាមភូមិ ឃុំ ក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះ រហូតមកដល់ពេលនេះ ក្រុមសិល្បDao នៅភូមិ Pieng Sang ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La ត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាក្រុមសិល្បៈជំនាញក្នុងការសម្តែងឈុតដ៏វិសេសវិសាលនានារបស់ជនជាតិខ្លួន។ អាស្រ័យហេតុនេះ រួមចំណែកថែរក្សា ពង្រីក និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

ថែរក្សាវប្បធម៌ជនជាតិ Dao ពីសកម្មភាពអក្សរសាស្ត្រសិល្បៈនៅក្នុងភូមិ - ảnh 1ក្រុមសិល្បៈភូមិ Pieng Sang ចូលរួមទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសឆ្នាំ ២០២២ នៅខេត្ត Thai Nguyen។ (រូបថត៖ VOV)

ចង្វាក់ភ្លេង "pao dung" ដ៏ទន់ភ្លន់មួយ របស់ជនជាតិ Dao ដែលមានចំណងជើងថា "ប្រជាជន Dao ដឹងគុណបក្ស ដឹងគុណលោកអ៊ុំហូ" ដែលសម្ដែងដោយក្រុមសិល្បៈភូមិ Pieng Sang ឃុំ Phieng Luong ស្រុក Moc Chau ខេត្ត Son La បានឈ្នះរង្វាន់ B ក្នុងកម្មវិធីសិល្បៈ “ទិវាបុណ្យវប្បធម៌ជាតិ Dao ទូទាំងប្រទេសលើកទី ២ ឆ្នាំ ២០២២ នៅខេត្ត Thai Nguyen” នាពេលកន្លងទៅ។ លោក Ban Van Thuan សមាជិកក្រុមសិល្បៈភូមិ Pieng Sang ដែលបានចូលរួមទិវាបុណ្យវប្បធម៌នៅខេត្ត Thai Nguyen បានឲ្យដឹងថា៖

“នាពេលកន្លងទៅ ក្រុមសិល្បៈភូមិ Pieng Sang របស់យើងខ្ញុំ មានកិត្តិយសដែលត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី ២ ដែលប្រារព្ធឡើងនៅខេត្ត Thai Nguyen។ យើងខ្ញុំបានមានឱកាសសម្ដែងរបាំ និងចម្រៀងរបស់ជនជាតិខ្លួនទៅកាន់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ហើយបានជួបប្រាស្រ័យនិងស្វែងយល់អំពីវប្បធម៌របស់ក្រុម

ជនជាតិ Dao ផ្សេងៗទៀតនៅក្នុងប្រទេស។ យើងខ្ញុំមានគោលបំណងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីបន្តថែរក្សានិងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌ដ៏ល្អប្រសើររបស់បងប្អូនជនជាតិ Dao”។

កាលពីដំបូងក្រុមសិល្បៈភូមិ Pieng Sang មានសមាជិកតែ១០នាក់ប៉ុណ្ណោះ ដែលហ្វឹកហាត់និងសម្តែងរបាំជួងដ៏សាមញ្ញក្នុងភូមិ។ សំលៀកបំពាក់ ឧបករណ៍សម្តែង ភាគច្រើនត្រូវបានសមាជិកក្រុមធ្វើ ប៉ាក់ កាត់ដេរដោយខ្លួនឯង។ ដើម្បីជំរុញចលនាវប្បធម៌សិល្បៈនៅមូលដ្ឋាន និងបម្រើភ្ញៀវទេសចរដែលមកទស្សនា ក្រុមសិល្បៈទទួលបានការជួយឧបត្ថម្ភរបស់ភូមិក្នុងការហ្វឹកហាត់ កែលម្អសកម្មភាព។ ឆ្លងកាត់រយៈពេល ២២ឆ្នាំ មកទល់នឹងពេលនេះ ក្រុមសិល្បៈមានសមាជិកចន្លោះពី ២០ដល់៣០នាក់ ដែលមានអាយុពី ២០ ទៅ ៤០ឆ្នាំ ដែលចូលរួមហាត់សមជាប្រចាំ។ ពេលថ្ងៃ ធ្វើស្រែចម្ការ បង្កបង្កើនផល ចំណែកឯនៅពេលយប់ សមាជិកទាំងអស់តែងតែប្រមូលផ្តុំគ្នាហាត់ច្រៀងបទចម្រៀង រាំរបាំដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ Dao ដូចជា របាំជួង របាំអំណររដូវថ្មី និងការច្រៀង pao dung ជាដើម។ អ្នកស្រី Trieu Thi Huong ប្រធានក្រុមសិល្បៈភូមិ Pieng Sang បានឲ្យដឹងថា៖

“អាស្រ័យលើកម្មវិធីនីមួយៗ យើងខ្ញុំជ្រើសរើសនិងសម្តែងរបាំជួងដ៏ពិសេសដោយឡែករបស់ជនជាតិ Dao ដូចជា៖ ច្រៀង pao dung រួមផ្សំនឹងការបង្កើតឡើងវិញនូវពិធីធំៗដូចជា ពិធីអំណររដូវប្រមូលផល ដោយមានគោលបំណងចង់បង្កើតឡើងវិញនូវតម្លៃវប្បធម៌ ជំនឿ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ជនជាតិ Dao ឲ្យបានរស់រវើក និងពិតប្រាកដបំផុតជូនទស្សនិកជន។ សមាជិកទាំងអស់ចូលរួមក្រុមសិល្បៈដោយស្មារតីសោមនស្សរីករាយ ស្ម័គ្រចិត្ដ ជាមួយនឹងគោលបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនឲ្យមិនត្រូវរលាបសាបសូន្យទៅ”។ 

ថែរក្សាវប្បធម៌ជនជាតិ Dao ពីសកម្មភាពអក្សរសាស្ត្រសិល្បៈនៅក្នុងភូមិ - ảnh 2របាំជួងរបស់ក្រុមសិល្បៈ។ (រូបថត៖ VOV)

ឈុតសម្ដែងរបស់ក្រុមសិល្បៈភូមិ Pieng Sang ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ Dao បានបង្កើតឡើងសញ្ញាសម្គាល់ដោយឡែក។ ដូច្នេះហើយ ក្នុងសកម្មភាពដូចជាបុណ្យតេត កម្មវិធីធំៗទាំងក្នុងនិងក្រៅខេត្ត ក្រុមសិល្បៈភូមិច្រើនតែត្រូវបានស្រុក ខេត្តជ្រើសរើសដើម្បីទៅសម្ដែង។ ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ នៅពេលដែលផ្លូវដើរថ្មើជើងនៅស្រុក Moc Chau បើកដំណើរការទទួលភ្ញៀវ នៅយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ ក្រុមសិល្បៈបានបែងចែកជា២ក្រុម ឆ្លាស់គ្នាសម្តែងបទចម្រៀង របាំរបស់ជនជាតិ Dao ដើម្បីឧទ្ទេសនាមនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលរួមនិងទទួលបទពិសោធន៍។ លោក Ban Van Loi លេខាគណៈកម្មាធិការបក្សឃុំ Phieng Luong បានឲ្យដឹងថា៖

“នាពេលកន្លងមក អាជ្ញាធរមូលដ្ឋានបានឃោសនាយ៉ាងសកម្ម ដើម្បីឲ្យប្រជាជនថែរក្សា ពង្រីកតម្លៃវប្បធម៌របស់ជនជាតិ Dao ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន តាមរយៈក្រុមសិល្បៈភូមិ ឃុំ។ នាពេលខាងមុខ ឃុំនឹងផ្តោតលើការលើកកំពស់គុណភាព ការកសាង និងការអភិវឌ្ឍក្រុមសិល្បៈមហាជន ដោយបញ្ជូនកម្មាភិបាលទៅកាន់ភូមិយ៉ាងទៀងទាត់ ដើម្បីលើកទឹកចិត្ត ណែនាំការរៀបចំឈុតសម្ដែងដ៏វិសេវិសាល ដើម្បីចូលរួមក្នុងការប្រកួត មហោស្រពសិល្បៈ ព្រមទាំងលើកទឹកចិត្ត កៀងគរអង្គការនិងបុគ្គលឲ្យចូលរួមការងារធ្វើសង្គមភាវូបនីយកម្មនូវសកម្មភាពវប្បធម៌សិល្បៈផងដែរ”។ 

មកដល់ខ្ពង់រាប Moc Chau ឈុតសម្លៀកបំពាក់ដ៏ស្អាតឆើតឆាយ លាយឡំជាមួយនឹងរបាំនិងទំនុកច្រៀងដ៏វិសេសវិសាលរបស់ជនជាតិ Dao បានធ្វើឲ្យអត្តសញ្ញាណជនជាតិភាគតិចនៅទីនេះកាន់តែស្រស់ស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ