បងប្អូនជនជាតិ Thai ភាគពាយព្យផ្ដាំផ្ញើរគោលបំណងពីសុខភាពនិងក្ដីសុខសាន្តត្រាណតាមរយៈទម្លាប់ចងអំបោះដៃ

(VOVWORLD) - បងប្អូនជនជាតិ Thai នៅភាគពាយព្យវៀតណាមមានលក្ខណៈវប្បធម៌និងទំនៀមទំលាប់ដ៏វិសេសវិសាលជាច្រើន។ ក្នុងនោះត្រូវនិយាយដល់ទម្លាប់ចងអំបោះកដៃ ដែលជាលក្ខណៈវប្បធម៌មួយក្នុងចំណោមលក្ខណៈវប្បធម៌ខាងវិញ្ញាណដ៏ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដែលត្រូវបានពួកគេថែរក្សាពីជំនាន់មួយទៅជំនាន់មួយ។

បងប្អូនជនជាតិ Thai ភាគពាយព្យផ្ដាំផ្ញើរគោលបំណងពីសុខភាពនិងក្ដីសុខសាន្តត្រាណតាមរយៈទម្លាប់ចងអំបោះដៃ - ảnh 1លោកយាយចងអំបោះកដៃជូនចៅ។

ជនជាតិ Thai មានទស្សនៈទានថា មនុស្សម្នាក់ៗមាន ២ ផ្នែក គឺព្រលឹងនិងរូបកាយ។ ប្រសិនបើរូបរាងកាយបាត់ព្រលឹងឬព្រលឹងបាត់រាងកាយ គឺសុទ្ធតែមិនមានការរស់រានមានជីវិតទៀតឡើយ។ ពីព្រោះថា ពេលព្រលឹងនិងរូបកាយចាកចេញពីគ្នា វានឹងវិលត្រឡប់មកប្រភពដើមវិញ ព្រលឹងហោះឡើងលើមេឃ ចំណែកឯរូបកាយចុះក្រោមដី។ ដូច្នេះ បងប្អូនជនជាតិ Thai មានទម្លាប់ចងអំបោះចូលកដៃ ដើម្បីរក្សាឲ្យព្រលឹងស្ថិតនៅជាប់ជាមួយរូបកាយបានយូរអង្វែង តាមនោះដើម្បីជីវិតរបស់មនុស្សមានអាយុយឺនយូរ។ លោក Ca Van Chung សមាជិកសមាគមន៍អក្សរសាស្ត្រសិល្បៈប្រជាប្រិយវៀតណាមនៅភូមិ Co Puc ឃុំ Chieng Ngan ទីក្រុង Son La ឲ្យដឹងថា៖

“ជនជាតិ Thai ចាត់ទុកថា មនុស្សម្នាក់ៗមាន ៨០ ព្រលឹង ៣០ ព្រលឹងនៅខាងមុខ ៥០ព្រលឹងនៅខាងក្រោយ។ នៅពេលព្រលឹងខ្លះៗហោះចាកចេញពីរូបកាយ មនុស្សនឹងធ្លាក់ខ្លួនឈឺ ប្រសិនបើព្រលឹងទាំងអស់ហោះទៅបាត់ គឺនឹងស្លាប់តែម្ដង ហេតុដូច្នេះ ពួកគេបានយកអំបោះមកចងកដៃដើម្បីរក្សាឲ្យព្រលឹងស្ថិតនៅក្នុងកាយ ដើម្បីមនុស្សមានជីវិតយូរអង្វែង”។

បងប្អូនជនជាតិ Thai ភាគពាយព្យផ្ដាំផ្ញើរគោលបំណងពីសុខភាពនិងក្ដីសុខសាន្តត្រាណតាមរយៈទម្លាប់ចងអំបោះដៃ - ảnh 2កុមារជនជាតិ Thai ទាំងអស់ សុទ្ធតែត្រូវបានចងអំបោះដៃ។ 

ក្នុងអតីតកាល នៅតាមភូមិស្រុកជនជាតិ Thai ជារៀងរាល់ឆ្នាំសុទ្ធតែមានរៀបចំពិធីចងអំបោះ កដៃ។ នាបច្ចុប្បន្ន ពិធីនេះមិនត្រូវបានរៀបចំជាប្រចាំទៀតឡើយ ប៉ុន្តែទម្លាប់ចងអំបោះកដៃនៅតែបានថែរក្សាដដែល។ បើតាមលោក Tong Van Hia ជនចាស់ជរាម្នាក់នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានចាត់ទុកថា ពួកគេច្រើនតែចងអំបោះកដៃក្នុងពិធីកោះហៅវិញ្ញាណ ពិធីសែនចម្រើនជន្មាយុ ចងអំបោះដៃជូនទារកដែលទើបបានចាប់កំណើត ឬនៅពេលដែលគ្រួសារមានអ្នកស្ដាប់។

 “ចងអំបោះដៃ ឬដែលបានហៅថា ចងព្រលឹង ដោយសារនៅពេលមានអ្នកឈឺ គេច្រើនតែមានព្រលឹងអន់ខ្សោយណាស់ ម្លោះហើយត្រូវចងព្រលឹងដើម្បីខ្មោចព្រាយបីសាចមិនអាចធ្វើបាបបានឡើយ។ ឬនៅពេលគ្រួសារមានអ្នកស្លាប់ គេខ្លាចថា ព្រលឹងអ្នករស់នឹងហោះហើរតាមព្រលឹងអ្នកស្លាប់ឡើងទៅលើមេឃ ដូច្នេះ គេចងអំបោះចូលកដៃរបស់គ្នាហើយផ្ដែផ្ដាំគ្នាថា “ចងឲ្យជាប់ ក្ដាប់ឲ្យតឹង ស្នាក់នៅផ្ទះញ៉ាំបាយ មើលថែទាំផ្ទះ”។

ការចងអំបោះកដៃមិនមែនជាអបិយជំនឿនោះទេ មិនចាំបាច់ត្រូវធ្វើពិធីសែន មិនចំណាយទាំងពេលវេលានិងសម្ភារៈទៀតផង ហើយមនុស្សគ្រប់គ្នាអាចចងអំបោះដៃឲ្យគ្នាទៅវិញទៅមក។ ជាធម្មតា ឪពុកម្ដាយចងឲ្យកូន គ្រូសែនចងឲ្យអ្នកធ្វើពិធីសែន ឬកូនចៅចងឲ្យលោកតាលោកយាយ ឪពុកម្ដាយនៅពេលឈឺថ្កាត់ ដោយមានបំណងចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុខភាពមាំមួន សុខសាន្តនិងអាយុយឺនយូរ។ ប៉ុន្តែ អំបោះនិងការបន់ស្រន់ ក្នុងអំឡុងពេលចងអំបោះសម្រាប់ករណីនីមួយៗ កាលៈទេសៈជាក់លាក់នីមួយៗនឹងខុសពីគ្នា។

ឧទាហរណ៍ថា នៅពេលគ្រូសែនធ្វើពិធីសែនខួបបង្កក់ខែជូនទារក គ្រូសែននឹងយកអំបោះក្រហម ឬអំបោះខ្មៅ ឬអំបោះទាំងក្រហមនិងខ្មៅវេញជាខ្សែអំបោះបញ្ចូលគ្នា សម្រាប់ចងចូលកដៃឬចូលករបស់ទារកនោះ ហើយបន់ស្រន់សុំឲ្យកូនមានសុខភាពមាំមួន។ ចំពោះអ្នកដែលមាន ជម្ងឺឈឺថ្កាត់យ៉ាងញឹកញាប់ គ្រូសែនក៏ដូចជាបងប្អូន សាច់ញាតិជិតស្និទ្ធដែលមកចូលរួមពិធីសែន ឬមកសាកសួរសុខទុក្ខ នឹងរួមគ្នាចងអំបោះចូលកដៃជូនអ្នកឈឺ។ ខ្សែអំបោះនីមួយៗ ភ្ជាប់ដោយការបួងសួង នឹងជាការលើកទឹកចិត្ត និងការជួយសម្រាលស្មារតីដ៏ចាំបាច់ចំពោះអ្នកឈឺនៅពេលនោះ។ ចំណែកឯនៅពេលដែលមនុស្សចែកឋានទៅ បងប្អូនសាច់ញាតិ មិត្តភក្តិជិតស្និទ្ធនៅជិតឆ្ងាយ មករំលែកទុក្ខ នឹងយកខ្សែអំបោះពណ៌សក្នុងកន្សែងកាន់ទុក្ខ ដើម្បីចងចូលដៃរបស់ញាតិសន្ដានរបស់ខ្លួន រួមជាមួយថ្លែងសេចក្ដី រំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតជូនក្រុមគ្រួសារផងដែរ។ លោកស្រី Tong Thi Binh គ្រូសែននៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ឲ្យដឹងថែមទៀតថា៖

 “ចងអំបោះដៃឲ្យបានតឹង បួងសួងសុំមានសុខភាពល្អ កុំឲ្យខ្មោចព្រាយបីសាចនាំទៅ ចងព្រលឹងស្នាក់នៅផ្ទះជាមួយកូនចៅ។ ហេតុដូច្នេះ នៅពេលអ្នកណាធ្លាក់ខ្លួនឈឺ មានបងប្អូន សាច់ញាតិចងអំបោះដៃកាន់តែច្រើន គឺអ្នកនោះហាក់ដូចជាទទួលបានកម្លាំងចិត្តកាន់តែខ្លាំងដើម្បីជំនះលើជម្ងឺឈឺថ្កាត់ ឬពេលវេលាកាន់មរណទុក្ខ”

ទម្លាប់ចងអំបោះកដៃបង្កប់អត្ថន័យជាច្រើនដូច្នេះបានជាបងប្អូនជនជាតិ Thai ភាគពាយព្យ ចាប់ពីចាស់ដល់ក្មេង សុទ្ធតែគោរព ចាត់ទុកនេះដូចជាទម្លាប់មួយដែលមិនអាចខ្វះបានក្នុងជីវភាពខាងវិញ្ញាណហើយត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ