ពិធីសែនសូមឲ្យមានសុខភាពល្អរបស់ប្រជាជន Ede
(VOVWORLD) - ពិធីសែនសូមឲ្យមានសុខភាពល្អគឺជាពិធីបុណ្យប្រពៃណី និងមានសារៈសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Ede។ ពិធីនេះបង្ហាញពីការគោរព និងកត្តាញ្ញូធម៌របស់កូនចៅជូនចំពោះជីដូនជីតា និងឪពុកម្តាយ។ ទន្ទឹមនឹងនោះ សូមបួងសួងដល់ពពួកទេវតា និងបុព្វការីជន ជួយការពារ និងប្រោសប្រទានពរជ័យដល់កូនចៅ ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។
តាមទំនៀមទំលាប់របស់ជនជាតិ Ede នៅពេលដែលចាស់ទុំក្នុងគ្រួសារមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ កូនចៅនឹងធ្វើពិធីមួយដើម្បីជូនពរដល់អ្នកចាស់ទុំឲ្យមានសុខភាពល្អ និងសម្តែងនូវការដឹកគុណចំពោះឪពុកម្តាយដែលបានចិញ្ចឹមបីបាច់ពួកគេឲ្យធំដឹងក្តី។ តាំងពីព្រលឹមមក ផ្ទះរបស់លោកស្រី H Thinh Kbuor និងលោក Y Le Nie នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu Mgar ខេត្ត Dak Lak មានសភាពអ៊ូអរ ដោយមានមនុស្សចេញចូលច្រើន។ មនុស្សម្នាជួយកាត់ស្លឹក រៀបចំស្រាពាង ហើយអ្នកខ្លះចូលរួមធ្វើម្ហូប អ្នកខ្លះទៀតជួយកាប់មាន់ និងជ្រូក ដើម្បីត្រៀមរៀបចំស្ពុកសែន។ លោក Y Le Nie ម្ចាស់ផ្ទះបានឲ្យដឹងថា គ្រួសាររបស់លោកកំពុងរៀបចំពិធីបុណ្យសែនសូមសុខភាពល្អជូនលោក Y Hai Kbuor អ៊ំរបស់លោកស្រី H'Thinh៖ “រៀបចំពិធីសែនសុខភាពជូនលោកអ៊ំ ចំថ្ងៃខួបកំណើតលោកអ៊ំ ដូច្នេះយើងបានរៀបចំពិធីសែនសូមមានសុខភាព ដើម្បីបួងសួងឲ្យលោកអ៊ំមានសុខភាពល្អបរិបូណ៍។ មុនថ្ងៃធ្វើពិធីនេះ យើងបានត្រៀមជ្រូក មាន់ ស្រាពាង គង់ឃ្មោះ និងរបស់របរមួយចំនួនទៀត។ យើងបានជម្រាបជូនសាច់ញាតិពីភូមិឆ្ងាយ និងភូមិជិត មកធ្វើបុណ្យជាមួយក្រុមគ្រួសារ និងជូនពរលោកអ៊ំផងដែរ”។
ពិធីសែនសូមឲ្យមានសុខភាពល្អគឺជាពិធីបុណ្យប្រពៃណី និងមានសារៈសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Ede។ រូបថត៖ Hong Trang |
ស្ពុកគ្រឿងសែនត្រូវបានរៀបចំ ដោយមានទៀនព្រះវស្សាមួយដាក់លើផ្តិលលង្ហិន ធ្យូងដុតមួយក្តាប់តូច ចានសំរឹទ្ធមួយដែលមានស្រា ស្លាម្លូ អង្ករ និងមាន់ដុតមួយក្បាល។ ស្រា ៨ ពាង ត្រូវចងនៅកណ្តាលផ្ទះសម្រាប់ធ្វើពិធីក្នុងនោះ ពាងមួយសម្រាប់ថ្វាយដូនតា ពាង ៥ទៀតសម្រាប់សែនសូមមានសុខភាពជូនលោក Y Hai និងពាងដែលនៅសេសសល់សម្រាប់ទទួលភ្ញៀវ។ សំឡេងគងលង្ហិនបន្លឺឡើង ជាសញ្ញានៃការចាប់ផ្ដើមពិធីសែន។ សំឡេងគងក៏បន្លឺឡើងពេញដំណើរការសែនផងដែរ។ ពិធីសែនសូមឲ្យមានសុខភាពប្រព្រឹត្តទៅតាមរយៈការដង្ហែ៣យ៉ាងរួមមាន ការអញ្ជើញបុព្វការីជនមកចូលរួមក្នុងពិធីបួងសួងសុំសុខភាពអ្នកដែលទទួលបានការសែន និងការថ្លែងអំណរគុណ និងទទួលនូវការជូនពរពីញាតិមិត្ត។ លោក Y Hai Kbuor (Aê H'Rao) អាយុ ៨២ ឆ្នាំ មានភាពរីករាយជាខ្លាំងនៅពេលដែលកូនចៅរបស់លោកធ្វើពិធីសែនសុខភាព។ លោករៀបរាប់ថា នេះជាលើកទី៤ហើយដែលលោកទទួលបានពិធីបែបនេះ។ “ថ្ងៃនេះជាថ្ងៃសីល ជាថ្ងៃល្អ អរគុណកូនៗ ចៅៗ ញាតិមិត្ត រៀបចំពិធីសូមឲ្យមានសុខភាពដល់រូបខ្ញុំ រំលឹកពីប្រពៃណីដូនតាយើងពីអតីតកាល។ ពេលនេះខ្ញុំចាស់ហើយសុខភាពទន់ខ្សោយ ដូច្នេះពិធីសែននេះតំណាងឱ្យពរជ័យដល់កូនៗចៅៗ ដើម្បីឱ្យខ្ញុំមានសុខភាព និងរស់នៅប្រកបដោយសុភមង្គល។ ខ្ញុំមានអារម្មណ៍រំភើបជាខ្លាំង អរគុណក្រុមគ្រួសារ កូនចៅ និងអ្នកភូមិទាំងមូលដែលបានមកចូលរួមក្នុងពិធី”។
ពិធីពាក់ខ្សែដៃស្ពាន់បួងសួងសុំសុខភាព។ រូបថត៖ Hong Trang |
បន្ទាប់ពីពិធីសូត្រមន្តម្តងៗ លោក Y Hai និងលោកអាចារ្យរួមគ្នា ពិសាបាយមួយដុំ ភ្លក់សាច់មួយដុំ និងពិសាស្រាពាង ដើម្បីទទួលនូវគ្រឿងសំណែន ដែលពិធីនោះបាននាំមកជូន។ អាចារ្យបានប្រគេនដំបងស្រាដល់លោក Y Hai និងធ្វើពិធីចែកខ្សែដៃសំរឹទ្ធ ប្រសិទ្ធពរជ័យដល់ម្ចាស់ពិធី និងភ្ញៀវដែលចូលរួមក្នុងពិធី។ បន្ទាប់មកដល់វេនកូនចៅ សមាជិកក្រុមគ្រួសារមកពាក់ខ្សែដៃស្ពាន់ និងជូនអំណោយដល់លោក Y Hai។ យោងតាមទស្សនៈទានរបស់ប្រជាជន Ede ខ្សែដៃស្ពាន់តំណាងឱ្យនិរន្តរភាព ការអភិវឌ្ឍក្នុងជីវិត និងសុខភាព។ អាចារ្យ Y Choch នៅភូមិ Mlang ឃុំ Ea Tar ស្រុក Cu M’gar បានឲ្យដឹងថា៖ “កូនចៅម្នាក់ៗ ញាតិវង្សក្នុងត្រកូលនៃបុគ្គលដែលទទួលបានការសែន ប្រទានពរដល់បុគ្គលនោះ ដោយពាក់ខ្សែដៃស្ពាន់ ខ្សែក និងអំណោយដល់បុគ្គលដែលទទួលបានពីការសែន។ វាមិនត្រឹមតែជាការប្រារព្ធពិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីស្គាល់ញាតិសន្តាន និងកូនចៅក្នុងក្រុមគ្រួសារ និងត្រកូលបន្តទៀត ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធក្នុងគ្រួសារ ពេលមានអ្វីមួយក្នុងគ្រួសារ យើងគាំទ្រ និងជួយគ្នា។ ការពាក់ខ្សែដៃស្ពាន់ក៏តំណាងឱ្យការបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនោះ”។
ពិធីជូនពរសុខភាពរបស់ប្រជាជន Ede នឹងធ្វើឡើងនៅពេលគម្រប់អាយុ១០ឆ្នាំដូចជាអាយុ៥០ឆ្នាំ ៦០ឆ្នាំ ឬ៧០ឆ្នាំ…។ អាស្រ័យតាមអាយុ រាល់ពេលជូនពរឱ្យមានសុខភាពល្អ ឬថ្លែងអំណរគុណដល់ឪពុកម្តាយក៏មានការបូជា ការផ្តល់ជូនផ្សេងគ្នា។ សម្រាប់បុគ្គលម្នាក់ៗ ការដែលអាច ជូនពរសុខភាពគឺជាក្តីសប្បាយដ៏ធំធេងមួយ ព្រោះជាធម្មតាមានតែគ្រួសារដែលមានលក្ខខណ្ឌប៉ុណ្ណោះដែលអាចធ្វើវាបាន។ លោក Y Wem H Wing អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cu Mgar បានឲ្យដឹងថា៖ “ការសែនសូមសុខភាពថ្ងៃនេះ ជាការស្ដារឡើងវិញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Ede ក្នុងការសែនសូមឲ្យមានសុខភាពជូនដល់ញាតិសន្ដាន អប់រំយុវជនជំនាន់ក្រោយឱ្យយល់អំពីអត្ថន័យនៃពិធីសែនសូមឲ្យមានសុខភាព ដើម្បីអាចចម្លងទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ លើកតម្កើងរូបភាពវប្បធម៌ដ៏ល្អរបស់ប្រជាជន តាមនោះក៏រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅស្រុក Cu Mgar ផងដែរ”។
សម្រាប់ប្រជាជន Ede ពិធីសែនសូមឲ្យមានសុខភាពគឺជាពិធីដ៏សំខាន់មួយដែលសម្គាល់ព្រឹត្តិការណ៍សំខាន់ឬសមិទ្ធិផលក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗជាពិសេសសម្រាប់បុរស។ នៅក្នុងទីសក្ការៈបូជាសូមឲ្យមានសុខភាពរបស់ប្រជាជន Ede ប្រជាជន និងភ្ញៀវទេសចរបានឃើញផ្ទាល់ភ្នែកនូវលក្ខណៈវប្បធម៌ពិសេសដែលបានសម្តែងឡើង។ នោះជាលំហនៃវប្បធម៌គងឃ្មោះ វប្បធម៌ស្រាពាង ហើយទន្ទឹមនឹងនេះក៏បង្ហាញពីសាមគ្គីភាពរវាងគ្រួសារ និងសមាជិកត្រកូលផងដែរ៕