ពិធីសម្ដែងកតញ្ញូតាធម៌ជូនចំពោះមាតាបិតារបស់ជនជាតិ Raglai នៅខេត្ត Ninh Thuan

(VOVWORLD) - ជនជាតិ Raglai នៅស្រុក Bai Ai ខេត្ត Ninh Thuan មានពិធីដ៏វិសេសវិសាលមួយ ដែល បង្ហាញពីទស្សនៈទានដ៏ជ្រាលជ្រៅអំពីជីវិត។ នោះគឺពិធីតបស្នងសម្ដែងកតញ្ញូតាធម៌ជូនចំពោះ ឪពុកម្តាយ។ ការសម្ដែងកតញ្ញូតាធម៌ជូនចំពោះមាតាបិតាគឺជាកិច្ចការចាប់បង្ខំនៅ ក្នុងសហគមន៍ ជនជាតិ Raglai ដែលកូនៗត្រូវតែអនុវត្តន៍មុនពេលឪពុកម្តាយ លាចាកលោក។
ពិធីសម្ដែងកតញ្ញូតាធម៌ជូនចំពោះមាតាបិតារបស់ជនជាតិ Raglai នៅខេត្ត Ninh Thuan - ảnh 1គ្រឿងសំណែនសម្រាប់ពិធីសម្ដែងកតញូតាធម៌មាតាបិតារបស់ជនជាតិ Raglai។
(រូបថត៖ TTXVN)
ពិធីសម្ដែងកតញ្ញូឪពុកម្ដាយរបស់ជនជាតិ Raglai ច្រើនតែត្រូវបានធ្វើឡើងនៅពេលដែលកូនៗបានធំដឹងក្ដី ហើយមានគ្រួសាររៀងៗខ្លួន។ យោងតាមទស្សនៈ ទានរបស់ជនជាតិ Raglai  ប្ដីប្រពន្ធវ័យក្មេងបន្ទាប់ពីរៀបការហើយ ត្រូវតែធ្វើពិធី សម្ដែងកតញ្ញូមាតាបិតា ដែលមានគុណថែទាំ ចិញ្ចឹមបីបាច់ពួកគេពីការធំដឹងក្ដី ដល់ការរៀបអាពាហ៍ពិពាហ៍។ ប្រជាជន Raglai ចាត់ទុកពិធីនេះមិនត្រឹមតែជាកិច្ច ការក្នុងគ្រួសារមួយប៉ុណ្ណោះទេ ថែមទាំងជាកិច្ចការរួមរបស់សហគមន៍ទាំងមូលផងដែរ។ ពេល វេលារៀបចំពិធីសម្ដែងកតញ្ញូមាតាបិតា គឺអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់ប្ដី ប្រពន្ធ ជាធម្មតាគឺក្នុងចន្លោះពី ៣ ទៅ ៥ ឆ្នាំក្រោយពីរៀបការរួច។ លោក Ka To Hoa នៅឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹងថា៖
“ឳពុកម្តាយមានគុណបំណាច់ចិញ្ចឹមបីបាច់កូនរហូតដល់ធំដឹងក្ដី រៀបមង្គល ការ សាងសង់ផ្ទះ ដូច្នេះពេលមានទ្រព្យសម្បត្តិគ្រាប់បើហើយ គួរតែធ្វើពិធីសម្ដែងកតញ្ញូឪពុកម្ដាយ។ ពិធីនេះគឺដើម្បីបង្ហាញពីការដឹងគុណចំពោះឪពុកម្ដាយ"។
ជំនូនសម្រាប់ពិធីសម្ដែងកតញ្ញូឪពុកម្ដាយរួមមាន៖ មាន់២ក្បាល ជ្រូក១ក្បាល និងស្រាពាងមួយដែរ។ កូនៗនឹងត្រៀមរៀបចំជូនអ្នកម្ដាយសម្លៀកបំពាក់មួយ ឈុត ខ្សែកមួយ កន្សែងមួយ ចានទឹកមួយ; ត្រៀមរៀបចំជូនលោកឪពុក សម្លៀកបំពាក់ មួយឈុត ចិញ្ចៀនមួយ ដែលបង្ហាញពីគុណបំណាច់របស់ឪពុកម្តាយដែលផ្ដល់កំណើត។
បន្ទាប់ពីត្រៀមរៀបចំស្ពកសែនរួចរាល់ហើយ គ្រូសែនឹងចាប់ផ្ដើមបន់ស្រន់។ ពិធីសម្ដែងកតញ្ញូឪពុកម្ដាយត្រូវបានធ្វើឡើងតាមលំដាប់របស់សមាជិកគ្រួសារនីមួយៗ។ ពោលគឺបើអ្នកណារៀបការមុន គេនឹងធ្វើពិធីសម្ដែងកតញ្ញូឪពុកម្ដាយមុនដែរ។ លោក Pi Nang Chac នៅឃុំ Phuoc Hoa ស្រុក Bac Ai បានឲ្យដឹងថា៖
“ពិធីនេះធ្វើឡើងតែម្តងគត់។ ឧទាហរណ៍ ប្រសិនបើគ្រួសារមានកូន ៤ នាក់ គេ នឹងធ្វើពិធី ៤ លើក។ ពិធីសម្ដែងកតញ្ញូឪពុកម្ដាយនេះមិនដែលបានធ្វើម្តងទៀតទេ ពោលគឺ កូនម្នាក់ធ្វើតែម្តងប៉ុណ្ណោះ។ ពី៣ទៅ៥ឆ្នាំគឺត្រូវធ្វើ បើគ្រួសារក្រីក្រ មិនទាន់ធ្វើបានទេ អាចចាំដល់៦ទៅ៧ឆ្នាំ។ យកល្អគួរធ្វើពិធីពេលឪពុកម្ដាយនៅរស់ កុំឲ្យពេលឪពុកម្ដាយលាចាកលោកទៅហើយទើបធ្វើ នោះទេ”។
ជាច្រើនជំនាន់មកហើយ ជនជាតិ Raglai បន្ទាប់ពីរៀបការហើយ តែងតែ ធ្វើពិធីសម្ដែងកតញ្ញូឪពុកម្ដាយ ដើម្បីឲ្យឪពុកម្ដាយនៅពេលចូលចាស់ជរា មានជីវភាព សប្បាយរីករាយ ប្រកបដោយសុភមង្គលជាមួយកូនចៅ ក៏ដូចជាមានមោទនភាព ចំពោះបងប្អូនញាតិមិត្ត។ ព្រោះថា តាមទំនៀមទម្លាប់របស់ជនជាតិ Raglai ពិធីសម្ដែងកតញ្ញូឪពុកម្ដាយ ច្រើនតែមានការចូលរួមយ៉ាងគ្រប់គ្រាន់ពីសាច់ញាតិនិងអ្នកជិតខាង។ គេមកចែករំលែកក្ដីសប្បាយរីករាយជាមួយគូប្ដីប្រពន្ធ និងក្រុមគ្រួសារ ឪពុកម្ដាយរបស់គេ។ កូនៗបង្ហាញភាពកតញ្ញូតាធម៌តាមរយៈការជូនអំណោយ ធ្វើម្ហូបបែបប្រពៃណីអញ្ជើញឪពុកម្តាយពិសារ។ តាមនោះ បង្ហាញការគោរព និង ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឪពុកម្តាយ។ អំណោយ និងជំនូនអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់គូប្ដីប្រពន្ធម្ចាស់ពិធី។ លោក Pi Nang Chac នៅឃុំ Phuoc Hoa ស្រុក Bac Ai បានឲ្យដឹងថា៖
“ក្នុងពិធីសម្ដែងកតញ្ញូឪពុកម្ដាយនេះ គ្រួសារណាមានទ្រព្យសម្បត្តិច្រើន នឹងធ្វើ ពិធីដ៏ធំ។ ជាឧទាហរណ៍ ប្រសិនបើកូនប្រុសខ្ញុំរៀបការ ហើយមករស់នៅខាងគ្រួសារ ប្រពន្ធ ខ្ញុំនឹងជូនគោ ឬក្របីមួយក្បាល សម្រាប់ប្ដីប្រពន្ធគាត់អភិវឌ្ឍន៍សេដ្ឋកិច្ច។ ឪពុកម្តាយទាំងសងខាងកូនប្រុសស្រីសុទ្ធតែបរិច្ចាគប្រាក់ឬទ្រព្យសម្បត្តិជូនកូន។ ឧទាហរណ៍ គ្រួសារកូនក្រមុំផ្តល់ដីធ្លី ផ្ទះសម្បែង ចំណែកខាងគ្រួសារកូនកំលោះ ផ្ដល់ក្របី និងគោសម្រាប់ប្តីប្រពន្ធប្រកបរបររកស៊ី”។
ពិធីសម្ដែងកតញ្ញូតាធម៌ជូនចំពោះមាតាបិតារបស់ជនជាតិ Raglai នៅខេត្ត Ninh Thuan - ảnh 2បន្ទាប់ពីបញ្ចប់ផ្នែកពិធីការ គ្រួសារនិងនិងភ្ញៀវរួមគ្នារីករាយជាមួយការប្រគុំតន្ត្រី ច្រៀងរាំ។ (រូបថត៖ dangcongsan.vn)
នៅក្នុងពិធីសម្ដែងកតញ្ញូឪពុកម្ដាយនេះ ប្រជាជនជនជាតិ Raglai ក៏បួងសួងដល់បុព្វការីជនដើម្បីប្រសិទ្ធពរជ័យដល់ជនជាតិខ្លួន គ្រួសារខ្លួនរកស៊ីមានបាន រដូវ អំណោយផល។ បន្ទាប់ពីបញ្ចប់ផ្នែកពិធីការ គឺដល់ផ្នែកពិធីបុណ្យ ប្រជាជន Raglai និងភ្ញៀវរួមគ្នារីករាយជាមួយការប្រគុំតន្ត្រី ច្រៀងរាំ និងជូនពរគ្នាទៅវិញទៅមកឲ្យ ជួបតែសេចក្តីសុខ មានជីវភាពសម្បូរធូធារ និងជោគជ័យគ្រប់ការងារ។
ពិធីសម្ដែងកតញ្ញូឪពុកម្ដាយ គឺជាទំនៀមទម្លាប់ដ៏ស្រស់ស្អាត ដែលឆ្លុះបញ្ចាំង យ៉ាងរស់រវើកនូវជីវភាពវប្បធម៌របស់ជនជាតិ Raglai ហើយរំលឹកសហគមន៍ឲ្យចេះ ដឹងគុណចិញ្ចឹមបីបាច់កូនរបស់ឪពុកម្ដាយ។ នេះក៏ជាឱកាសសម្រាប់គ្រួសារទាំង ខាងឪពុកនិងខាងម្ដាយអាចជួបជុំគ្នាដើម្បីរឹតបន្តឹងមនោសញ្ចេតនារវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ