មុខមាត់ថ្មីនៅភូមិឃុំ Tay Nguyen

(VOVWORLD) - ក្រោយរយៈពេលជាង១០ឆ្នាំអនុវត្តកម្មវិធីជាតិស្ដីពីការកសាងជនបទថ្មីមក មុខមាត់តំបន់ជនបទនៃតំបន់ Tay Nguyen មានការផ្លាស់ប្ដូរថ្មីកាន់តែច្រើនឡើងៗ។ ខ្សែផ្លូវគមនាគមន៍ត្រូវបានវិនិយោគធ្វើឲ្យប្រសើរឡើងហើយ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប ខណៈដែលជីវភាពរស់នៅរបស់ប្រជាជនកាន់តែធូធារឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
មុខមាត់ថ្មីនៅភូមិឃុំ Tay Nguyen - ảnh 1ផ្ទះស្អាត រឹងមាំ និងធំទូលាយ ត្រូវបានសាងសង់ឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់ Tay Nguyen។ (រូបថត៖ VOV)

មកដល់ឃុំព្រំដែន Ia Nan ស្រុក Duc Co ខេត្ត Gia Lai ចំពេលដែលប្រជាជនទើបនឹងបានប្រមូលផលរួចរាល់ ដូច្នេះហើយ គ្រួសារណាក៏សប្បាយរីករាយយ៉ាងក្រៃលែងដែរ។ មុខមាត់ជនបទនៃឃុំព្រំដែននេះបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយមានផ្លូវប៉េតុងនាំទៅកាន់មជ្ឈមណ្ឌលឃុំនិងបណ្ដាភូមិ ខណៈដែលផ្ទះសម្បែង សាលារៀន គិលានដ្ឋានសុខាភិបាល សំណង់ធារាសាស្ត្រ ត្រូវបានកសាងឡើងយ៉ាងរឹងមាំផងដែរ។ លោកស្រី Bui Thi Thanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Nan បានឲ្យដឹងថា នៅឆ្នាំ២០១១ ឃុំត្រឹមតែសម្រេចបានបទដ្ឋានចំនួន៥ក្នុងការកសាងជនបទថ្មីតែប៉ុណ្ណោះ ប៉ុន្តែរហូតដល់ចុងឆ្នាំ២០២០ ឃុំ Ia Nan បានសម្រេចបទដ្ឋានទាំង១៩រួចស្រេចហើយ។ លេចធ្លោបំផុតនោះគឺ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់របស់ឃុំ សម្រេចបានជាង៤១លានដុង ហើយអត្រាគ្រួសារក្រីក្របានថយចុះនៅក្រោម៣%។ លោកស្រី Bui Thi Thanh បានឲ្យដឹងថែមទៀតថា៖

        “កាលពី៤ឆ្នាំមុននេះ ឃុំ Ia Nan ជាឃុំលំបាកពិសេស ដោយមានអត្រាគ្រួសារក្រីក្រខ្ពស់ណាស់។ ដើម្បីជួយប្រជាជនលើកកំពស់កម្រិតផលិតកម្ម អាជ្ញាធរឃុំនិងស្រុកបានសហការគ្នា បើកថ្នាក់ហ្វឹកហ្វឺនជាច្រើនដើម្បីផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកទេស។ ទីពីរគឺបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ប្រជាជននៃភូមិជនរួមជាតិភាគតិចចំនួន៣ភូមិ។ ហេតុដូច្នេះ បងប្អូនបានចេះរបៀបបង្កបង្កើនផល ហើយចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលក្នុងផលិតកម្ម។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ យើងខ្ញុំក៏ជួយបងប្អូនប្រើប្រាស់ដើមទុនឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជាជនជាតិភាគតិចឲ្យមានប្រសិទ្ធភាពបំផុតផងដែរ”។

មុខមាត់ថ្មីនៅភូមិឃុំ Tay Nguyen - ảnh 2ផ្លូវចាក់បេតុង ដោយត្រូវបានដាំផ្កានៅទាំងសង្ខាង ធ្វើឲ្យមុខមាត់ជនបទស្រស់ស្អាតជាងទៀត។ (រូបថត៖ VOV)

        ក្រោយពីជីវភាពរស់នៅមានស្ថិរភាពជាបណ្ដើរៗ គឺការថែរក្សានិងពង្រីកអត្តសញ្ញាវប្បធម៌របស់ជនរួមជាតិភាគតិចនៅតំបន់ Tay Nguyen ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ ចាប់ពី គម្រោងអភិរក្សវប្បធម៌គងឃ្មោះរបស់បណ្ដាខេត្តនៅតំបន់ Tay Nguyen រហូតដល់ពិធីបុណ្យចរបាប់ថ្នាក់ជាតិដែលទើបនឹងបានប្រារព្ធធ្វើឡើងនៅខេត្ត Dak Nong នាពេលកន្លងទៅ បានរួមចំណែកដល់ការអភិរក្សនិងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ Tay Nguyen។ លោកស្រី H’ Da Eya នៅភូមិ Nui ឃុំ Tam Thang ស្រុក Cu Jut ខេត្ត Dak Nong បានសំណេះសំណាលថា ការស្លៀកពាក់សម្លៀកបំពាក់ចរបាប់ប្រពៃណីនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីបុណ្យទាននានា កាន់តែពេញនិយមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កូនក្រមុំនិងកូនកំលោះជាច្រើនគូបានជ្រើសរើសសម្លៀកបំពាក់ប្រពៃណីជនជាតិ ដើម្បីថតរូបអាពាហ៍ពិពាហ៍ ហើយគេមានមោទនភាពចំពោះប្រការនេះណាស់។ អាស្រ័យហេតុនោះ របរតម្បាញចរបាប់ក៏មានការរីកចម្រើនអញ្ចឹងដែរ។ លោកស្រី H’Da Eya បានបន្ថែមទៀតថា៖

        “បច្ចុប្បន្ននេះ បងប្អូនមិនខ្មាស់អៀននៅពេលស្លៀកពាក់អាវចរបាប់ទៀតឡើយ។ ផ្ទុយទៅវិញ ក្នុងឱកាសពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ឬមហាសន្និបាតធំៗរបស់បក្ស រដ្ឋ ម្ដងៗ យើងខ្ញុំសុទ្ធតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ E De ជាក់ជាពុំខាន។ យើងខ្ញុំមានបំណងថា រដ្ឋនឹងជួយផ្សព្វផ្សាយផលិតផលចរបាប់របស់យើងខ្ញុំទៅកាន់បងប្អូនជនរួមជាតិលើទូទាំងប្រទេស”។

        រាល់លទ្ធផលពោលខាងលើបានសរឲ្យឃើញថា កម្មវិធីកសាងជនបទថ្មីនៅ Tay Nguyen កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយនឹងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនជាងទៀតនាពេលអនាគត។ លោក Dieu Muu អនុប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់មូលដ្ឋាន ២ ចំណុះគណៈ កម្មាធិការជនជាតិ បានឲ្យដឹងថា៖

        “អាចអះអាងបានថា នេះជាកម្មវិធីជោគជ័យបំផុតក្នុងចំណោមកម្មវិធីកសិកម្ម-កសិករ-ជនបទទាំងអស់។ ក្រោយរយៈពេលជាង១០ឆ្នាំអនុវត្តកម្មវិធីនេះមក មុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មីគួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ ជីវភាពផ្នែកសេដ្ឋកិច្ចសង្គមមានការរីកចម្រើនគ្រប់ជ្រុងជ្រោយ ប្រព័ន្ធមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគយ៉ាងខ្លាំងគ្នា ហើយការយល់ដឹងរបស់ប្រជាជនអំពីកម្មវិធីជនបទថ្មី ត្រូវបានលើកកំពស់គួរឲ្យកត់សម្គាល់។ ទីបីគឺ កម្មវិធីបានជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតី មនសិការអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិច ព្រមទាំងរួមចំណែកធានាស្ថិរភាពនយោបាយ សន្តិសុខសង្គមក្នុងតំបន់ផងដែរ”។

        កម្មវិធីកសាងជនបទថ្មីបាននាំមកនូវមុខមាត់ថ្មីសម្រាប់តំបន់ Tay Nguyen។ អាស្រ័យហេតុនេះ វិស័យកសិកម្ម ជនបទនៅ Tay Nguyen នឹងមានជើងទម្រថ្មីសម្រាប់អភិវឌ្ឍ ឆ្ពោះទៅរកខឿនកសិកម្មមួយកាន់តែទំនើបនិងតំបន់ជនបទកាន់តែសម្បូររុងរឿងនៅពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ