ម្ហូបអាហារធ្វើពីសាច់ក្របីដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Thai ភាគពាយព្យ
(VOVWORLD) - បងប្អូនជនជាតិ Thai នៅតំបន់ភាគពាយព្យមានវប្បធម៌ម្ហូបអាហារដ៏ សម្បូរបែបជាមួយនឹងមុខម្ហូបជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណ របស់ជនជាតិខ្លួន។ ក្នុងនោះ ត្រូវនិយាយដល់ម្ហូបអាហារដែលកែច្នៃពីសាច់ ក្របីដោយមានរសជាតិឈ្ងុយឆ្ងាញ់ពិសេស។
មុខម្ហូបធ្វើពីសាច់ក្របីលើស្ពកបាយថ្ងៃតេតរបស់ជនជាតិ Thai។ |
ពីវត្ថុធាតុជាសាច់ក្របី ជនជាតិ Thai បានកែច្នៃជាម្ហូបអាហារជាច្រើនដ៏ ពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ព្រៃភ្នំភាគពាយព្យដូចជា៖ ញាំស្បែក ក្របី សាច់ក្របីអាំង សម្លរផ្កាជើងគោនិងឆ្អឹងក្របី ឬសម្លរកន្ទុយក្របីនិងស្លឹក von ven ជាដើម។ ក្នុងនោះ មិនអាចរំលងងៀតក្របីអាំងលើចង្ក្រានដុតអុសបាន ឡើយ។ ម្ហូបអាហារនេះមានវិធីធ្វើមិនសូវពិបាកទេ ក៏ប៉ុន្តែទាមទារឲ្យអ្នកធ្វើត្រូវ ចេះផ្សំគ្រឿងទេសឲ្យបានគ្រប់គ្រាន់ផងដែរ។ អ្នកស្រី Quang Thi Hien នៅភូមិ La សង្កាត់ Chieng Coi ទីក្រុង Son La បានឲ្យដឹងថា៖ “ដើម្បីធ្វើងៀតក្របីឲ្យបានឆ្ងាញ់ពិសារ ដំបូងបង្អស់ត្រូវយកសាច់ប្រឡាក់ ជាមួយម្ទេស ខ្ញី ខ្ទឹមស អំបិល ជាពិសេសមិនអាចខ្វះគ្រាប់ mac khen បាន ឡើយ។ បន្ទាប់ពីសាច់ជ្រាបគ្រឿងទេស យកសាច់មកដោតចង្កាក់ រួចយកទៅ អាំងលើចង្ក្រានដុតអុសឲ្យបានស្ងួត។ មុខម្ហូបងៀតក្របីនេះ មានអត្ថន័យជាច្រើន ចំពោះអត្តសញ្ញាណជនជាតិ Thai ខ្មៅ។ លើស្ពកបាយសែនថ្ងៃតេតរបស់ ជនជាតិ Thai មិនអាចខ្វះបានម្ហូបនេះទេ”។
នារីជនជាតិ Thai កែច្នៃម្ហូបញាំស្បែកក្របី។ |
ស្បែកក្របីច្រើនតែត្រូវបានប្រើប្រាស់សម្រាប់ធ្វើស្គរ ប៉ុន្តែមានមនុស្ស យ៉ាងតិចតួចណាស់ដែលដឹងថា ជនជាតិ Thai នៅខេត្ត Son La អាចកែច្នៃ សម្ភារៈនេះទៅជាម្ហូបអាហារដ៏វិសេសវិសាលមួយនោះ គឺញាំក្របី។ ស្បែកក្របី បន្ទាប់ពីបានស្ងោរឲ្យឆ្អិន យកទៅហាន់ស្ដើងៗ ហើយប្រឡាក់ជាមួយជីជាច្រើន ប្រភេទ ម្ទេស ផ្កាចេកហាន់ជាចំណិតៗ ទឹកទំពាំងឫស្សីជូរ និងសណ្ដែកដីលីង។ នៅពេលភ្លក់ម្ហូបញាំក្របី យើងអាចទទួលអារម្មណ៍នូវរសជាតិជូរផ្អែម ដោយ លាយឡំជាមួយស្បែកក្របីដ៏ស្វិត។ អ្នកស្រី Quang Thi Sinh នៅភូមិ La សង្កាត់ Chieng Coi ទីក្រុង Son La ឲ្យដឹងថា៖
“ដើម្បីធ្វើញាំក្របីជូរ ត្រូវតែជ្រើសរើសបន្ទះស្បែកក្របីក្រាស់ យកទៅដុត លើភ្លើងដល់ពេលណាប្រែជាពណ៌លឿងខ្លាំង គឺកប់ក្នុងផេះប្រមាណ៣០នាទីឲ្យ ឆ្អិនដល់ទន់ ទើបយកទៅលាងឲ្យស្អាតហើយហាន់ជាចំណិតៗ។ គ្រឿងទេសសម្រាប់ ធ្វើម្ហូបអាហារនេះ ត្រូវមានជីក្រអូប ខ្ទឹមស ម្ទេស។ ជាពិសេសមិនអាចខ្វះទឹក ទំពាំងឫស្សីបានទេ។ នេះជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារលើស្ពកបាយថ្ងៃតេតរបស់ ជនជាតិ Thai ខ្មៅយើង”។
មុននេះ ម្ហូបអាហារកែច្នៃពីសាច់ក្របីត្រឹមតែមានវត្តមានលើស្ពកបាយ របស់ជនជាតិ Thai ក្នុងឱកាសមានពិធីបុណ្យ អំណរឆ្នាំថ្មី ឬមានការធំៗក្នុងផ្ទះ ប៉ុណ្ណោះ។ ប៉ុន្តែនាបច្ចុប្បន្ន ម្ហូបអាហារទាំងនេះត្រូវបានភោជនីយដ្ឋានកែច្នៃ ដើម្បីបម្រើភ្ញៀវទេសចរមកទទួលទាន។ ជាពិសេស ងៀតក្របីអាំងលើចង្ក្រាន ដុតអុសបានក្លាយទៅជាមុខទំនិញដែលនាំមកនូវប្រភពចំណូលដោយស្ថិរភាព ជូនគ្រួសារ មូលដ្ឋានផលិតកម្មជាច្រើន។ អ្នកស្រី Luong Thi Huyen ម្ចាស់មូលដ្ឋាន ធ្វើងៀតក្របីដ៏ល្បីឈ្មោះនៅភូមិ Lau ទីក្រុង Son La បានចែករំលែកថា៖
“មុននេះ យើងធ្វើងៀតក្របីសម្រាប់ប្រើក្នុងគ្រួសារតែប៉ុណ្ណោះ។ នាសព្វថ្ងៃ ងៀតក្របីត្រូវបានមនុស្សម្នាស្គាល់ដល់យ៉ាងច្រើន និងចូលចិត្តមុខម្ហូបនេះ។ ក្នុង ឱកាសបុណ្យតេត មានមនុស្សជាច្រើនកក់ទិញធ្វើជាកាដូជូនបងប្អូនឬមិត្តភក្តិ”។
នៅពេលមកដល់ភូមិស្រុកជនជាតិ Thai ភាគពាយព្យម្ដងៗ សូមកុំភ្លេច សាកល្បងភ្លក់ម្ហូបអាហាររបស់ជនរួមជាតិនៅទីនេះ ក្នុងនោះមានម្ហូបអាហារដ៏ វិសេសវិសាលដែលបានកែច្នៃពីសាច់ក្របីផង ដើម្បីយល់ដឹងបន្ថែមអំពីទឹកដីនិងមនុស្ស នៅតំបន់ដីនេះ៕