ស្ត្រីជនជាតិភាគតិចនៅខេត្ត Quang Ninh ធ្វើទេសចរណ៍អេកូឡូស៊ី
(VOVWORLD) - ស្រុក Binh Lieu មានចំនួនប្រជាជនជាង ៩៦% ជាជនជាតិភាគតិច។ កាលពីជិតដប់ឆ្នាំមុន ជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំដុះដំណាំស្រូវ ការចិញ្ចឹមសត្វ និងការធ្វើអាជីវកម្មរុក្ខផល។ ចាប់តាំងពីឆ្នាំ ២០១៥ មក ទេសចរណ៍ Binh Lieu ចាប់ផ្តើមត្រូវបានគេស្គាល់ដល់ ប៉ុន្តែដោយសារកន្លែងស្នាក់នៅមានចំនួនតិចតួច ដូច្នេះហើយភ្ញៀវទេសចរណ៍ច្រើនតែធ្វើដំណើរក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ មិនស្នាក់នៅមូលដ្ឋាននោះទេ។ ស្ត្រីនៅតំបន់ខ្ពង់រាបនៅស្រុក Binh Lieu ខេត្ត Quang Ninh បានចេះទាញយកប្រយោជន៍ពីលក្ខខណ្ឌធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ ដើម្បីអភិវឌ្ឍន៍គំរូទេសចរណ៍ដ៏ពិសេសមួយ ដែលជាទេសចរណ៍អេកូឡូស៊ីដោយផ្សារភ្ជាប់ជាមួយនឹងវប្បធម៌សហគមន៍។
សិក្ខាកាមហាត់ធ្វើភេសជ្ជៈពីផលិតផលក្នុងស្រុក ដូចជា ទឹកក្រូច ស្រា ដើម្បីបម្រើភ្ញៀវទេសចរ។ (រូបថត៖ Huyen Chi/VOV) |
មិនត្រឹមតែរក្សាបាននូវលក្ខណៈវប្បធម៌ពិសេសដោយឡែកដូចជា ការសម្តែងសិល្បៈ Then របស់ជនជាតិ Tay ការច្រៀង San បុរាណរបស់ជនជាតិ Dao ប៉ុណ្ណោះទេ ស្រុក Binh Lieu ក៏មានប្រជាប្រិយភាពដោយទេសភាពព្រំដែន ព្រៃភ្នំដ៏សម្បើមជាមួយនឹងវាលស្រែកាំជណ្ដើរលាតសន្ធឹងដ៏ស្រស់បំព្រងទៀតផង។ លាយឡំជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនោះ គឺជាជីវភាពដ៏សុខសាន្ត សាមញ្ញ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជននៃបណ្ដាជនជាតិ ភាគតិច ... ដោយមើលឃើញពីប្រៀបខ្លាំងដែលមានស្រាប់ខាងវប្បធម៌ និងទេសភាពនៃស្រុក Binh Lieu លោកស្រី Ly Thi Hanh ភូមិ Phat Chi ឃុំ Dong Van បានក្លាហានកសាងគំរូផ្ទះហូមស្ទេដំបូងគេនៅ Binh Lieu ដោយមានស្ថាបត្យកម្មផ្ទះឈើដ៏វិសេសវិសាលរបស់ជនជាតិ Dao រួមជាមួយសកម្មភាពពិសោធន៍ដូចជា ស្ទូងស្រូវ ចាប់ខ្យងតាមដងអូរ បេះស្លឹកឱសថព្រៃដើម្បីដាំទឹកងូត។ លោកស្រី Ly Thi Hanh បានឲ្យដឹងថា៖
“ក្នុងដំណើរការសាងសង់ផ្ទះហូមស្ទេ គ្រួសារខ្ញុំក៏ជួបការលំបាកជាច្រើនទាក់ទងនឹងដើមទុន វិនិយោគ និងបទពិសោធន៍ធ្វើផ្ទះហូមស្ទេ។ រូបខ្ញុំផ្ទាល់បានចូលរួមវគ្គសិក្សាជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់បង្រៀនការគ្រប់គ្រងគំរូផ្ទះហូមស្ទេ ដែលរៀបចំឡើងដោយគណៈកម្មាធិការជនជាតិខេត្ត និងសាកលវិទ្យាល័យ Ha Long តាំងពីឆ្នាំ ២០១៦ ហើយក៏ទៅសិក្សានៅមូលដ្ឋានដទៃទៀតផង។ បើប្រៀបធៀបនឹងការងារមុនៗ អាជីវកម្មផ្ទះហូមស្ទេនាំមកនូវប្រាក់ចំណូលដោយស្ថិរភាព បង្កើតការងារជូនពលករចំនួន ៣ នាក់ ហើយក៏តភ្ជាប់ជាមួយភូមិនានាដើម្បីលក់កសិផលរបស់បងប្អូនផងដែរ”។
ភ្ញៀវទេសចរចូលទស្សនាចម្ការមួយនៅឃុំ Dong Van ស្រុក Binh Lieu។
(រូបថត៖ Huyen Chi/VOV) |
ការអភិវឌ្ឍកាន់តែរីកចម្រើននៃវិស័យទេសចរណ៍ Binh Lieu បានបង្កើត “ចំណុចរបត់” សម្រាប់ស្ត្រីនៅតំបន់ខ្ពង់រាបចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារពីប្រៀបខ្លាំងនៅមូលដ្ឋាន។ អង្គភាពជាច្រើនបានសហការជាមួយអាជ្ញាធរ និងអង្គការមហាជន ដើម្បីបើកវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ដោយផ្សាភ្ជាប់នឹងកសិកម្ម និងជនបទ ដែលក្នុងនោះមុខសញ្ញាសិក្ខាកាមដែលជាស្ត្រីជនជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ពិសេស។ លោកស្រី Lai Thi Hien ប្រធានសម្ព័ន្ធសមាគមនារីស្រុក Binh Lieu បានឲ្យដឹងថា៖
“ចាប់តាំងពីដើមឆ្នាំមក យើងខ្ញុំបានណែនាំសមាជិកាជាង ២០០ នាក់ឲ្យចូលរួមក្នុងវគ្គហ្វឹកហ្វឺន វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈទាក់ទងនឹងវិស័យនានា ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។ ជាពិសេស សម្រាប់គ្រួសារដែលមានលក្ខខណ្ឌធ្វើអាជីវកម្ម បើកផ្ទះហូមស្ទេតូចៗ យើងខ្ញុំបានជួយគេខ្ចីទុនពីធនាគារគោលនយោបាយសង្គមក្នុងស្រុក។ បច្ចុប្បន្ននេះ ចំនួនសមាជិកាដែលចូលរួមខ្ចីទុនមានចំនួនច្រើនណាស់។ ក្នុងនោះ មានបងប្អូនស្រីខ្លះ ដែលបានរៀបចំអនុវត្តន៍គំរូផ្ទះហូមស្ទេដោយនាំមកនូវលទ្ធផលដ៏ល្អប្រសើរ”។
ដោយកំណត់ថា Binh Lieu ជាតំបន់មួយដែលបានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសទេសចរណ៍សហគមន៍ដោយផ្សារភ្ជាប់នឹងវិស័យកសិកម្ម និងជនបទ សាកលវិទ្យាល័យ Ha Long បានអនុវត្តន៍គម្រោងស្រាវជ្រាវកសាងគំរូទេសចរណ៍កសិកម្ម និងជនបទលើភូមិសាស្ត្រខេត្ត Quang Ninh ហើយបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Binh Lieu រៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនប្រជាជននៅមូលដ្ឋាន។ ចូលរួមវគ្គសិក្សានេះ លោកស្រី Tran Khanh Phuong នៅភូមិ Coc Long ឃុំ Luc Hon បានចែករំលែកថា៖
“តាមរយៈថ្នាក់រៀននេះ ខ្ញុំបានរៀនពីបទពិសោធន៍ចម្រុះដែលលោកគ្រូអ្នកគ្រូបានណែនាំ ដូច្នេះខ្ញុំបានចេះរបៀបកែច្នៃផ្លែក្រូចក្លាយជាភេសជ្ជៈនិងស្រាស្រាលៗ ដើម្បីបម្រើភ្ញៀវទេសចរពីគ្រប់ទិសទីនៅពេលមកដល់ទីនេះ”។
នៅពេលនេះ Binh Lieu បានទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់ពាន់នាក់មកទស្សនា check-in នៅទួលភ្នំត្រែង រីករាយនឹងបទពិសោធន៍ពិធីបុណ្យរដូវមាស ទស្សនាព្រៃផ្កា រួមជាមួយនឹងរមណីយដ្ឋានដ៏ស្រស់បំព្រងផ្សេងៗទៀត។
គំរូទេសចរណ៍វប្បធម៌ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍកសិកម្មនិងជនបទនៅBinh Lieu បានបង្កើតឡើងផលិតផលទេសចរណ៍ថ្មីសម្រាប់ Binh Lieu និយាយដោយឡែកនិងតំបន់ដែលមានសក្តានុពលកសិកម្មនិយាយរួម៕