សិប្បករឆ្នើម Ban Van Duc ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao

(VOVWORLD) - នៅឃុំ Van Ho ស្រុក Van Ho ខេត្ត Son La លោក Ban Van Duc ត្រូវបាន អ្នកស្រុកគោរពហៅថា លោកគ្រូ ពីព្រោះលោកជាអ្នកចេះដឹងយ៉ាងជ្រៅជ្រះ ហើយ សម្រិតសម្រាំងប្រមូលផ្ដុំនិងថែរក្សាសៀវភៅបុរាណជាច្រើនរបស់ជនជាតិ Dao។ លោក ក៏បានចំណាយពេលវេលានិងកម្លាំងកាយចិត្តយ៉ាងច្រើនដើម្បីស្រាវជ្រាវនិងបង្ហាត់បង្រៀនអក្សរ Nom Dao (ណូម ហ្សាវ) ពុកម៉ែបងប្អូន ដោយមានបំណងមិនឲ្យចំណេះដឹង បុរាណរបស់ជនជាតិខ្លួនត្រូវសាបសូន្យឡើយ។
សិប្បករឆ្នើម Ban Van Duc ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao - ảnh 1លោក Ban Van Duc មានការជក់ចិត្តនឹងការស្រាវជ្រាវអក្សរ Nom Dao។ (រូបថត៖ VOV)

ប្រសូត្រនៅឆ្នាំ១៩៦៨ ប៉ុន្តែរហូតមកបច្ចុប្បន្ន លោក Duc បានសម្រិតសម្រាំង ប្រមូលផ្ដុំសៀវភៅសរសេរជាអក្សរ Nom Dao បានជិត៣០ក្បាល ក្នុងនោះសៀវភៅជា ច្រើនមានអាយុកាលឡើងដល់រាប់រយឆ្នាំហើយ។ អស់រយៈពេល២០ឆ្នាំកន្លងមក ឆ្នាំណាលោក Duc ក៏បើកថ្នាក់បង្រៀនដោយឥតគិតថ្លៃពី២ដល់៣ពេល ដោយមាន សិក្ខាកាមចន្លោះពី៣០ដល់៨០នាក់ក្នុងថ្នាក់នីមួយៗ។ លោក Ban Van Duc បាន សំណេះសំណាលថា៖

“ខ្ញុំជានិច្ចកាលមានបំណងថា ជនរួមជាតិ Dao ម្នាក់ៗត្រូវចេះនិយាយភាសា Dao ចេះអាន ចេះសរសេរអក្សរ Nom Dao ហើយថែមទាំងចេះច្រៀងចម្រៀងប្រជាប្រិយ Dao ដើម្បី យល់ដឹងពីប្រភពដើមរបស់ជនជាតិខ្លួន។ ដូច្នេះ អស់រយៈពេល២០ឆ្នាំកន្លងមក ខ្ញុំបាន បើកថ្នាក់បង្រៀនអក្សរ Nom Dao ទោះជារៀននៅពេលយប់ក៏ដោយ ប៉ុន្តែពុកម៉ែ បងប្អូនចូលរួមយ៉ាងសកម្មណាស់។ អ្នកណាក៏សប្បាយរីករាយ ហើយជឿជាក់ថា ពួកគេនឹងចេះនិយាយ ចេះសរសេរនិងចេះច្រៀងចម្រៀងប្រជាប្រិយរបស់ជនជាតិ ខ្លួន។  នោះគឺជាកម្លាំងចលករដើម្បីជំរុញឲ្យខ្ញុំខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការបង្ហាត់បង្រៀន អក្សរ Nom Dao ជូនសហគមន៍”។
 ជាមួយនឹងចំណេះដឹងដែលបានរៀនសូត្រតាំងពីនៅតូច លោក Ban Van Duc បន្តសិក្សាស្រាវជ្រាវ ស្វែងយល់ដោយខ្លួនឯងអំពីចំណេះដឹង វប្បធម៌របស់ជនជាតិ Dao តាមរយៈការអានសៀវភៅ។ សៀវភៅបុរាណមានខ្លឹមសារដ៏ជ្រាលជ្រៅនិងទូលំ ទូលាយ ដូច្នេះ លោកបានបែងចែកជាចំណែកនីមួយៗ ដើម្បីងាយស្រួលអាន ងាយយល់និង ងាយចងចាំ។ បន្ទាប់មក លោកចងក្រងសៀវភៅឲ្យមានលក្ខណៈវិទ្យាសាស្ត្រដើម្បី បង្ហាត់បង្រៀន។ បន្ទាប់ពីប៉ុន្មានខែចូលរួមថ្នាក់រៀនរបស់លោក សិក្ខាកាម អាចអាន សរសេរអក្សរ Nom Dao យ៉ាងស្ទាត់ជំនាញ។ លោក Trieu Van Hong នៅឃុំ Chieng Yen ស្រុក Van Ho ជាកូនសិស្សម្នាក់របស់លោក Duc បានឲ្យដឹងថា៖
“លោកគ្រូ Ban Van Duc ជាមនុស្សម្នាក់ដែលអស់ពីចិត្តចំពោះអត្តសញ្ញាណ វប្បធម៌របស់ជនជាតិ Dao។ ដោយបានចំណាយកម្លាំងកាយចិត្តជាច្រើន បច្ចុប្បន្ននេះលោកគ្រូ មានសំណង់ស្រាវជ្រាវមួយចំនួន ហើយត្រូវបានរដ្ឋទទួលស្គាល់ជាសិប្បករឆ្នើម។ រូបខ្ញុំផ្ទាល់ជាកូនសិស្ស ត្រូវបានលោកគ្រូបង្រៀនចាប់តាំងពីមានអាយុ១០ឆ្នាំមកម្លះ។ លោកគ្រូជានិច្ចកាលមានការទទួលខុសត្រូវចំពោះកូនសិស្ស ហើយណែនាំយើងដោយ អស់ពីចិត្ត ចាប់ពីការរៀនអក្សរ ដល់របៀបគោរពប្រតិបត្តិជាមួយអ្នកដទៃ របៀបធ្វើជាមនុស្ស ល្អ។ កូនសិស្សជាច្រើនរបស់លោកគ្រូបានក្លាយទៅជាមនុស្សជោគជ័យហើយ”។
សិប្បករឆ្នើម Ban Van Duc ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិ Dao - ảnh 2ថ្នាក់បង្រៀនភាសា Nom Dao របស់លោក Ban Van Duc។
ដោយចេះច្រៀងចម្រៀងប្រជាប្រិយទាំង៦៣បទរបស់ជនជាតិខ្លួន លោក Ban Van Duc ក៏បានបង្រៀនការច្រៀងដោយឥតគិតថ្លៃជូនអ្នកស្រឡាញ់វប្បធម៌ Dao នៅតាម ភូមិឃុំជុំវិញផងដែរ។ លោក Tang Quoc Khanh នៅភូមិ Tan Lap ស្រុក Moc Chau បានចែករំលែកពីលោកគ្រូរបស់ខ្លួនយ៉ាងដូច្នេះថា៖
“លោកគ្រូ Duc ជាមនុស្សម្នាក់ដ៏អស់ពីចិត្តចំពោះការថែរក្សាទំនៀមទំលាប់របស់ ជនជាតិ Dao។ មុននេះ ខ្ញុំបានចូលរួមថ្នាក់រៀនចម្រៀងឆ្លើយឆ្លង ដោយមានមនុស្ស ៤០នាក់ ហើយរៀនត្រឹមតែនៅយប់ថ្ងៃសៅរិ៍ប៉ុណ្ណោះ ប៉ុន្តែលោកគ្រូ Duc បានបង្រៀនយ៉ាង ផ្ចិតផ្ចង់ណាស់។ សូមអរគុណលោកគ្រូដោយមានការប្ដេជ្ញាចិត្តយ៉ាងដូច្នេះដើម្បីថែរក្សា អត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao”។
មិនត្រឹមតែបង្រៀននៅមូលដ្ឋានប៉ុណ្ណោះទេ លោក Ban Van Duc ថែមទាំង ចូលរួមយ៉ាងសកម្មក្នុងការបង្ហាត់បង្រៀនអក្សរ Nom Dao សម្រាប់សហគមន៍ជនជាតិ Dao នៅតាមខេត្តមួយចំនួនផ្សេងទៀតក្រៅខេត្ត Son La ទៀតផង។ កាលពីឆ្នាំ២០១២ មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍតំបន់ព្រៃភ្នំប្រកបដោយចីរភាព ចំណុះសម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្របច្ចេកទេសវៀតណាម ត្រូវបានបង្កើតឡើង ដោយមានសមាជិកជាជនរួម ជាតិ Dao នៃខេត្តចំនួន៧។ លោក Duc ត្រូវបានគេបោះឆ្នោតជ្រើសតាំងជាសមាជិក គណៈដឹកនាំមជ្ឈមណ្ឌល។ លោក Ban Van Duc បានចែករំលែកថា៖
“ខ្ញុំនឹងបន្តខិតខំប្រឹងប្រែងថែមទៀត ក្នុងការបង្ហាត់បង្រៀនអក្សរ Nom Dao ជូនបងប្អូន ជនជាតិ Dao ក៏ដូចជាអ្នកមានតម្រូវការរៀនចម្រៀងប្រជាប្រិយ Dao ផងដែរ។ ចំណុច ងាយស្រួលគឺ ត្រូវបានថ្នាក់លើយល់ព្រម ជួយឧបត្ថម្ភខ្ញុំបើកថ្នាក់បង្រៀនអក្សរ Nom Dao។ ប៉ុន្តែ បច្ចុប្បន្ននេះ អក្សរ Nom Dao នៅខេត្ត Son La មិនទាន់ត្រូវបាន ទទួលស្គាល់ហើយផ្ដល់វិញ្ញាបនប័ត្រនៅឡើយ។ ដូច្នេះ ខ្ញុំមានបំណងថា អាជ្ញាធរបន្ត បង្កលក្ខណៈងាយស្រួលដល់ការអនុវត្តគម្រោងនេះ ព្រមទាំងទទួលស្គាល់និងផ្ដល់ វិញ្ញាបនប័ត្រដល់កម្មាភិបាលថ្នាក់ឃុំឡើងទៅ និងអ្នកមានតម្រូវការរៀនអក្សរ Nom Dao ដូចខេត្ត ក្រុងដទៃ”។
លោក Luong Van Hung លេខាគណៈកម្មាធិការបក្សឃុំ Van Ho ស្រុក Van Ho ខេត្ត Son La ឲ្យដឹងថា ជនរួមជាតិ Dao លើភូមិសាស្ត្រឃុំនាបច្ចុប្បន្ន កំពុងអនុវត្តន៍ យ៉ាងល្អប្រសើរនូវការងារថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ជាពិសេសគឺ ថែរក្សាភាសាសរសេរ។ សមិទ្ធផលនោះមិនអាចមិននិយាយដល់ការរួមវិភាគទានរបស់ រូបលោក Ban Van Duc បានឡើយ។
ដោយការខ្មីឃ្មាតថែរក្សា ពង្រីកតម្លៃវប្បធម៌ និងចំណេះដឹងបុរាណរបស់ជនជាតិ Dao លោក Ban Van Duc មានកិត្តិយសដោយត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាម សិប្បករឆ្នើម។ រង្វាន់ដ៏ថ្លៃថ្លានេះគឺជាកម្លាំងចលករដើម្បីលោកបន្តខិតខំប្រឹងប្រែង ថែរក្សាតម្លៃវប្បធម៌ និងចំណេះដឹងបុរាណរបស់ជនជាតិខ្លួនឲ្យបានគងវង្សជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ