ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀនដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ

(VOVWORLD) - ការដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជនជាតិភាគតិចស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀន បានក្លាយជារូបភាពប្រចាំថ្ងៃនៅគ្រប់ថ្នាក់សិក្សានៅស្រុកភ្នំ Binh Lieu ខេត្ត Quang Ninh។ នេះជារបៀបពិសេសរបស់ផ្នែកអប់រំស្រុក Binh Lieu ដើម្បីអប់រំសិស្សានុសិស្សឲ្យចេះស្រឡាញ់ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀនដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ - ảnh 1សិស្សស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួនទៅសាលានៅស្រុក Binh Lieu។ (រូបថត៖ Vu Mien/VOV)

ជាទម្លាប់ប្រចាំខែ ក្នុងសប្តាហ៍ដំបូង និងនៅថ្ងៃច័ន្ទនិងថ្ងៃសុក្រក្នុងសប្ដាហ៍នៅសេសសល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់ថ្នាក់សិក្សានៅស្រុកភ្នំ Binh Lieu តែងតែស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀន។ ស្រុក Binh Lieu មាន ៩៦% នៃចំនួនប្រជាជន ជាជនជាតិភាគតិច ហើយជាស្រុកមួយក្នុងចំណោមស្រុកដែលមានចំនួនជនជាតិភាគតិចច្រើនជាងគេក្នុងខេត្ត Quang Ninh និងទូទាំងប្រទេស។ ក្នុងនោះ ជនជាតិ Tay ស្រូបយកជាង ៥១% នៅសល់គឺជនជាតិ Dao, San Chay, Kinh, Hoa... ជនជាតិនីមួយៗមានលក្ខណៈវប្បធម៌រៀងៗខ្លួន។ លំនាំក្បូរក្បាច់លើសំលៀកបំពាក់របស់ជនជាតិនីមួយៗមានលក្ខណៈផ្សេងៗគ្នាដូចជា៖ ជនជាតិ Dao ប៉ាក់ដោយអំបោះដែលមានពណ៌ចម្រុះ ចំណែកឯជនជាតិ Tay និង San Chi ចូលចិត្តជ្រលក់ពណ៌ធ្លះ និងពណ៌ខៀវ។ អ្នកគ្រូ Luc Thanh Thuy ជនជាតិ Tay នៅសាលាបឋមសិក្សា Huc Dong បានឲ្យដឹងថា៖

“ថ្ងៃដែលគ្រូបង្រៀនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីគឺថ្ងៃនោះ សិស្សក៏ស្លៀកពាក់ដូចគ្នាដែរ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ហើយនេះក៏ជារបៀបផ្សព្វផ្សាយរូបភាពរបស់ជនជាតិខ្លួន ហើយជាភាសាទីពីរដើម្បីផ្សព្វផ្សាយ និងអប់រំប្អូនៗអំពីអត្តសញ្ញាណវប្បធម៌ជនជាតិនៅស្រុក Binh Lieu ផងដែរ”។

ការស្លៀកពាក់សំលៀកបំពាក់ជនជាតិភាគតិចទៅសាលារៀនគឺជាគោលជំហរដែលត្រូវបានផ្នែកអប់រំស្រុក Binh Lieu កំណត់ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦ មក។ ប្រការនេះបានចាប់ផ្តើមពីសាលាបឋមសិក្សា អនុវិទ្យាល័យ Hoanh Mo និងវិទ្យាល័យអន្តេវាសិកសម្រាប់ជនជាតិភាគតិច Dong Van។ នៅពេលនេះ ប្រជាជន ជាពិសេសយុវជន បានផ្លាស់ប្តូរទម្លាប់ ហើយច្រើនតែស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀន។ លោក To Dinh Hieu នាយករងមជ្ឈមណ្ឌលផ្សព្វផ្សាយស្រុក Binh Lieu ជាមនុស្សម្នាក់ដែលចូលរួមអនុវត្តន៍គំនិតនេះបានឲ្យដឹងថា៖

“ពេលនោះ មនុស្សគ្រប់រូបស្ទាក់ស្ទើរណាស់ ព្រោះគេស៊ាំស្លៀកពាក់សម្លៀកបំពាក់ធម្មតា ហើយគិតថា ការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីត្រូវចំណាយពេលច្រើន។ ក្រោយពីមានការឃោសនា ចលនា ឪពុកម្ដាយសិស្សចាប់ផ្ដើមគាំទ្រ ដោយសារតែពួកគេឃើញថា ការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀន ទាំងស្អាតផង ទាំងលើកកំពស់តម្លៃជនជាតិ និងខ្លួនឯងផង។ លើសពីនេះទៅទៀត ក្នុងគ្រួសារបណ្ដាជនជាតិនៅស្រុក សុទ្ធតែមានសំលៀកបំពាក់ប្រពៃណី មានតែសិស្សប៉ុណ្ណោះដែលមិនមានទេ។ ពេលនោះ អ្នកម្ដាយនិងបងស្រីក្នុងគ្រួសារបានធ្វើឲ្យកូន ប្អូនរបស់ខ្លួន”។

ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីទៅសាលារៀនដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ - ảnh 2សិស្សានុសិស្សចូលរួមសម្តែងសម្លៀកបំពាក់ប្រពៃណីជនជាតិភាគតិចនៅស្រុក Binh Lieu។ (រូបថត៖ Vu Mien/VOV)

ក្រោយរយៈពេលជិត១០ឆ្នាំនៃការអនុវត្ត គោលជំហរស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចទៅសាលារៀនបានក្លាយទៅជារបៀបរៀបរយ និងលក្ខណៈស្រស់ស្អាតនៃវប្បធម៌។ ប្រការនេះជួយឲ្យយុវជនមានមនសិការស្វែងយល់និងស្រឡាញ់សំលៀកបំពាក់របស់ជនជាតិខ្លួន។ ការប្រឡងអ្នកសំដែងសំលៀកបំពាក់ជនជាតិស្អាតបំផុតត្រូវបានរៀបចំជាលើកដំបូងនៅស្រុក Binh Lieu នាពេលថ្មីៗនេះ បានទាក់ទាញសិស្សានុសិស្សយ៉ាងច្រើនកុះករ ចូលរួមសំដែង និងបង្ហាញពីការយល់ដឹងអំពីវប្បធម៌សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។ ប្អូន Chiu Mui Duong ជនជាតិ Dao និងប្អូន Hoang Thi Lan ជនជាតិ San Chi បានចែករំលែកថា៖

“នៅសាលារបស់ខ្ញុំ មានជនជាតិ Dao និងជនជាតិដទៃទៀតរស់នៅជាច្រើន។ សំលៀកបំពាក់ជនជាតិ Dao ត្រូវបានដេរយ៉ាងល្អិតល្អន់ ចាប់ពីខោរហូតដល់កន្សែង ដោយមានពណ៌ចម្រុះ។ ពេលស្លៀកពាក់ ខ្ញុំមានអារម្មណ៍មោទនភាពព្រោះមើលទៅខ្ញុំលេចធ្លោជាងអ្នកទាំងអស់គ្នា”។

“ជនជាតិ San Chi តែងតែស្លៀកពាក់សំលៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យតេត ពិធីមង្គលការ ឬទៅប្រមូលផល ទៅព្រៃ និងលេងបាល់ទាត់”។

ការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចមិនត្រឹមតែមាននៅក្នុងសាលារៀនប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយដល់កម្មាភិបាល និយោជិត និងប្រជាជនគ្រប់ស្រទាប់ក្នុងស្រុកទៀតផង។ ទៅដល់ទីណា ក៏ងាយស្រួលឃើញសំលៀកបំពាក់ជនជាតិចម្រុះពណ៌ ទាក់ទាញភ្នែករបស់ភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Tuyet Hanh ជនជាតិ Tay ប្រធានគណៈកម្មាធិការប្រជាជនស្រុក Binh Lieu បានឲ្យដឹងថា៖

“នេះជាភាពស្រស់ស្អាតវប្បធម៌ ដែលយើងខ្ញុំគោរពដើម្បីអភិរក្ស ផ្សព្វផ្សាយ និងអភិវឌ្ឍតម្លៃវប្បធម៌ក្នុងតំបន់ ហើយចាត់ទុកនេះជាប្រភពធនធានផ្ទៃក្នុង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ជាពិសេសការអភិវឌ្ឍវិស័យទេសចរណ៍”។

សំលៀកបំពាក់ប្រពៃណីគឺជាកត្តាដែលមិនអាចខ្វះបានដើម្បីកំណត់អត្តសញ្ញាណរបស់ជនជាតិមួយ ទន្ទឹមនឹងអក្សរសរសេរ ភាសា និងទំនៀមទម្លាប់។ ការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជនជាតិភាគតិចទៅសាលារៀន និងការិយាល័យការងារ គឺជាការខិតខំប្រឹងប្រែងដ៏ធំដើម្បីថែរក្សានិងផ្សព្វផ្សាយរូបភាពអំពីវប្បធម៌ ទឹកដី និងមនុស្សនៅតំបន់ភ្នំ Binh Lieu។ នេះក៏ជាវិធានការមនុស្សសាស្ត្រ ដើម្បីរំលឹកដល់សិស្សជំនាន់ក្រោយអំពីសេចក្តីស្នេហាជាតិ ដែលចាប់ផ្តើមពីការស្រឡាញ់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ