អត្ថន័យរបស់ចង្ក្រានភ្លើង នៅក្នុងផ្ទះឈើផុតពីដីនៃជីវភាពរស់នៅរបស់ក្រុមជនជាតិ Thai
(VOVWORLD) - តាមទំនៀមទម្លាប់ ប្រជាជន Thai តែងតែរស់នៅលើផ្ទះឈើផុតពីដី។ ក្នុងផ្ទះឈើផុតពីដីនីមួយៗ ច្រើនមានរានបាយចំនួន ២ ល្វែង។ ក្រៅពីមុខងារចំអិនម្ហូបអាហារនោះ រានបាយក៏ប្រកបនូវលក្ខណៈដ៏ស្រស់ស្អាតក្នុងផ្នត់គំនិត និងផ្នត់រស់នៅរបស់ជនរួមជាតិជនជាតិ Thai គ្រប់រូបទៀតផង។
ចង្ក្រានភ្លើងនៅក្នុងផ្ទះឈើផុតពីដីនៃជីវភាពរស់នៅរបស់ក្រុមជនជាតិ Thai |
ក្នុងផ្ទះឈើផុតពីដីប្រពៃណីរបស់ជនជាតិ Thai គឺមិនអាចខ្វះចង្រ្កានភ្លើងបានឡើយ។ កាលពីដើម ក្រុមគ្រួសារជនជាតិ Thai នីមួយៗតែងតែរួមរស់នៅជាមួយគ្នាជាច្រើនជំនាន់ ដូច្នេះផ្ទះឈើផុតពីដីក៏តែងតែមានពី ៣ ទៅ ៥ ល្វែង ហើយមានជណ្តើរឡើងចុះចំនួន ២ និងរានបាយចំនួន ២ ល្វែង នៅក្នុងផ្ទះ។ រានបាយនៅជាន់ក្រោមបន្ទប់គេងរបស់គ្រួសារ មានឈ្មោះជាភាសាថៃថា chi phay coc។ ហើយចំណែករានបាយនៅខាងក្រៅរបស់ម្ចាស់ផ្ទះត្រូវបានហៅថា chi phay pai។ ចង្រ្កានភ្លើងចំនួន ២ មានអត្ថប្រយោជន៍ និងអត្ថន័យមនុស្សជាតិខុសៗពីគ្នា ហើយមានតំណមដោយឡែកផងដែរ។ លោក Ca Van Chung នៅភូមិ Co Puc ឃុំ Chieng Ngan នៃទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖
“ចង្រ្កានភ្លើងគឺចាំបាច់ណាស់សម្រាប់ផ្ទះឈើផុតពីដី។ ផ្ទះមួយរស់នៅប្រកបដោយកក់ក្ដៅ គឺត្រូវមានចង្ក្រានភ្លើងខានពុំបាន។ តាមទំនៀមទម្លាប់របស់ជនជាតិ Thai គឺ គេតែងតែពឹងខាងម្ដាយជួយធ្វើចង្ក្រានភ្លើង។ ពោលគឺបងប្អូនខាងម្ដាយរបស់ម្ចាស់ផ្ទះគឺសមស្របបំផុត ឬអាចពឹងបងប្អូនខាងភរិយាក៏បានដែរ។ នៅពេល រានបាយធ្វើរួចរាល់ហើយ ខាងម្ដាយក៏ជាតំណាង ដើម្បីបង្កាត់ភ្លើងជាលើកដំបូងសម្រាប់ម្ចាស់ផ្ទះ ។ ចង្ក្រានភ្លើងក៏បានបង្ហាញពីភាពកក់ក្តៅរបស់គ្រួសារ អាស្រ័យហេតុនេះគ្រួសារទើបរកស៊ីមានបាន និងមានជីវភាពរស់នៅសម្បូរធូធា”។
ជនជាតិ Thai មានទស្សនៈទានថា ទេវតាចង្ក្រានគឺមានន័យដូចទៅនឹងទេវតាភ្លើង។ អញ្ជើញទេវតាភ្លើងមានឋានៈដ៏ពិសិដ្ឋនៅក្នុងគ្រួសារ ពោលលោកបាន ផ្ដល់ភាគកក់ក្ដៅដល់សមាជិកគ្រប់រូបនាគ្រួសារក្នុងរដូវរងារ។ កាលពីមុន នៅតំបន់ជនបទព្រៃភ្នំគឺគ្មានអគ្គិសនីឡើយ ហេតុដូច្នេះ ចង្ក្រានភ្លើងគឺជាកន្លែងបំភ្លឺ និងផ្ដល់កំដៅដល់ក្រុមគ្រួសារទាំងមូល។ សមាជិកគ្រប់រូបនៃគ្រួសារតែងតែអង្គុយជុំវិញចង្ក្រានភ្លើង ដើម្បីពិភាក្សាគ្នាអំពីការងារសំខាន់ៗក្នុងគ្រួសារ។ ដូច្នេះហើយ គ្រួសារនានាមិនទុកឲ្យអណ្ដាតភ្លើងរលត់ឡើយ ជាពិសេសគឺក្នុងរដូវរងារដ៏ត្រជាក់។ លោក Tong Van Hia នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖
” រានបាយនៅខាងក្រោមបន្ទប់គេងរបស់ម្ចាស់ផ្ទះ (chi phay coc) តែងតែត្រូវបានរៀបដាក់នៅខាងក្រោម ពោលគឺ ទល់មុខនឹងអាសនៈដូនតារបស់ក្រុមគ្រួសារ។ ចង្ក្រានភ្លើងនេះមិនសូវបានប្រើប្រាស់សម្រាប់ចំអិនម្ហូបអាហារប្រចាំថ្ងៃឡើយ ពោលគឺ ជាទូទៅ នេះគឺជាទីកន្លែងសម្រាប់លោកតា (មនុស្សវ័យចំណាស់) អង្គុយទទួលកំដៅពីចង្ក្រាន ឬ ដាំទឹក ឆុងតែបរិភោគតាមទំលាប់។ នៅពេលភ្ញៀវកិត្តិយសមកលេងផ្ទះ គឺម្ចាស់ផ្ទះនឹងទទួលសំណេះសំណាលជាមួយភ្ញៀវនៅទីនេះតែម្ដង”។
ជាពិសេសនៅរានបាយនៅខាងក្រោមបន្ទប់គេងរបស់ម្ចាស់ផ្ទះ (chi phay coc) នោះ កូនចៅ ជាពិសេសគឺកូនប្រសារ កូនៗ និងស្ត្រីគឺមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីដាំទឹក ឬអង្គុយក្បែរនឹងដូនតាឡើយ។ លោក Tong Van Hia បានឲ្យដឹងថែមទៀតថា៖
”ចំណែករានបាយ chi phay pai ដែលត្រូវបានរៀបដាក់នៅល្វែងក្រោយបង្អស់ក្នុង នៃផ្ទះ គឺ ជាតីកន្លែងសម្រាប់ចម្អិនម្ហូបអាហារ និង បរិភោគរបស់ក្រុមគ្រួសារទាំងមូល ហើយគ្មានតំណមដោយឡែកឡើយ។ រាល់សកម្មភាពក្នុងជីវភាពរស់នៅរបស់ម្ចាស់ផ្ទះគឺភាគច្រើនបានប្រព្រឹត្តិទៅនៅរានបាយនេះតែម្ដង។ សូម្បីតែនៅពេលដែល មានមាតាក្នុងផ្ទះទើបឆ្លងទន្លេ ក៏ត្រូវបានបរិភោគម្ហូបអាហារ និងទទួលដំណេកនៅក្បែរចង្ក្រានភ្លើងនេះ រហូតដល់ពេលធ្វើពិធីគម្រប់ខែសម្រាប់ទារក។ ក្រោយពិធីនេះ មាតា ដែលមានទារកនោះត្រូវបានស្នាក់នៅក្នុងបន្ទប់ដោយឡែក ដើម្បីមើលថែកូន ឲ្យមានសេចក្ដីសុខ ខ្លាំងមាំមួនផងដែរ”។
នាបច្ចុប្បន្ននេះ សង្គមមានការអភិវឌ្ឍ ជីវភាពរស់នៅខាងសេដ្ឋកិច្ចត្រូវបានលើកកម្ពស់ ឧបករណ៍ចម្អិនម្ហូបអាហារក៏សម្បូរបែប និងងាយស្រួលប្រើប្រាស់ជាងមុន។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ គ្រួសារជនជាតិ Thai នៅក្នុងភូមិនៅតែថែរក្សាចង្ក្រានភ្លើងនេះដដែល។ ក្នុងផ្ទះឈើផុតពីដីរបស់ជនរួមជាតិជាជនជាតិ Thai បើទោះបីជាគ្មានចង្ក្រានភ្លើងចំនួន ២ ដូចកាលមុន ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ត្រូវមានចង្ក្រានភ្លើងចំនួន ១ ដែរ។ ប្រការនេះបានសរឲ្យឃើញថា ចង្ក្រានភ្លើងមានអត្ថន័យសំខាន់ណាស់ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជនជាតិយ៉ាងពិតប្រាកដ៕