“Hưn mạy” - ឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិ Khang នៅខេត្ត Son La

(VOVWORLD) - បងប្អូនជនជាតិ Khang នៅស្រុក Quynh Nhai ខេត្ត Son La មានប្រជាជនចំនួនជាង៤០០០នាក់។ នាបច្ចុប្បន្ន ពួកគេនៅតែថែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីដដែល ដូចជាពិធីបុណ្យទាន បទចម្រៀង របាំប្រជាប្រិយ និងឧបករណ៍តន្រ្តីជនជាតិ។ ក្នុងនាទីពណ៌របស់ជនជាតិទាំង៥៤លើទូទាំងប្រទេសវៀតណាមថ្ងៃនេះ យើងមានអត្ថបទសរសេរឧទ្ទេសនាមអំពី “Hưn mạy” ដែលជាឧបករណ៍តន្ត្រីប្រពៃណីមិនអាចខ្វះបានក្នុងការប្រជុំជីវភាពវប្បធម៌សហគមន៍របស់បងប្អូនជនជាតិ Khang នៅស្រុក Quynh Nhai។

“Hưn mạy” - ឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិ Khang នៅខេត្ត Son La - ảnh 1ឧបករណ៍តន្ត្រី ហិន មៃ របស់ជនជាតិ Khang។

Hưn mạy ជាឧបករណ៍តន្ត្រីពិសេសដោយឡែករបស់បងប្អូនជនជាតិ Khang ដែលងាយធ្វើ ហើយភាគច្រើនទាំងចាស់ទាំងក្មេង បុរស ស្ត្រីជនជាតិ Khang សុទ្ធតែចេះលេងឧបករណ៍តន្ត្រីនេះ។ ឧបករណ៍ត្រូវបានធ្វើពីបំពង់ឫស្សីពកពេលប្រើប្រាស់ទះលើបាតដៃដើម្បីអមចង្វាក់ភ្លេង គង់ឃ្មោះ បទចម្រៀង របាំ បង្កើតឡើងស្នូរសម្លេងសប្បាយរីករាយ។

លោកស្រី Lo Thi Phau អ្នកយល់ដឹងអំពីទំនៀមទំលាប់ វប្បធម៌ជនជាតិ Khang នៅឃុំ Chieng On ស្រុក Quynh Nhai ឲ្យដឹងថា កាលពីមុននេះ ជនជាតិ Khang តែងតែរស់នៅតាមតំបន់ព្រៃភ្នំដាច់ស្រយាល តាមដងទន្លេ ជ្រោះ ភាគច្រើនធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ទំលាប់បង្កបង្កើនផលផ្អែកលើធម្មជាតិ ដូច្នេះជីវភាពជួបការលំបាកខ្លាំងណាស់។ ម្លោះហើយ ពួកគេចេះបន្សាំជាបណ្ដើរៗ ចេះទាញ យកប្រយោជន៍ពីធម្មជាតិ បង្កើតឡើងឧបករណ៍តន្ត្រីដ៏ពិសេសដោយឡែក សមស្របនឹងការប្រជុំជីវភាពវប្បធម៌សហគមន៍ ក្នុងនោះត្រូវនិយាយដល់ “Hưn mạy”។

“ដើម្បីធ្វើ hưn mạy នោះ ពួកគេនឹងចូលព្រៃ កាប់ដើមឫស្សីពកចាស់ បំពង់ត្រង់ យកមកឆ្អើរលើចង្ក្រានឲ្យប្រែទៅជាពណ៌លឿងមាស ទើបកាត់ជាកំណាត់នីមួយដោយមានប្រវែងពី៤០ដល់៦០សាំងទីម៉ែត្រ ក្បាលមួយដើម្បីទះ ត្រូវបានពុះចែកជា២ ហើយចោះប្រហោង ២ លើបំពង់ឬស្សីពកឲ្យស្នូរសម្លេង hưn បានលាន់លឺរន្ទឺ”។

កាលពីមុននេះ នៅតាមភូមិឃុំជនជាតិ Khang យុវជនច្រើនតែប្រមូលផ្ដុំគ្នាច្រៀងរាំនៅទីលានលេងកំសាន្តក្នុងភូមិ។ ក្រមុំកាន់ hưn mạy ទះលើបាតដៃ អមចង្វាក់ភ្លេង គង់ឃ្មោះ ធ្វើឲ្យបទចម្រៀង របាំរបស់ពួកគេកាន់តែសប្បាយរីករាយ ជួយឲ្យគេបំភ្លេចរាល់ការនឿយហត់បន្ទាប់ពីធ្វើការយ៉ាងលំបាកពេញមួយថ្ងៃ។ លោកស្រី Lo Thi Phau ឲ្យដឹងបន្ថែមទៀតថា៖

“ក្នុងរដូវត្រជាក់ យុវជននឹងបង្កាត់ភ្លើងហ្នក់ដើម្បីរក្សាកំដៅផង ហើយលេង hưn mạy រាំរបាំប្រជាប្រិយផង។ បន្ទាប់ពីច្រៀងរាំរួច មនុស្សរាប់គ្នានឹងអង្គុយនៅជុំវិញគំនរភ្លើង យកស្រាពាងទៅអញ្ជើញគ្នាផឹក ដោយការច្រៀងឆ្លើយឆ្លងគ្នាដ៏ពោរពេញទៅដោយមនោសញ្ចេតនា”។

“Hưn mạy” - ឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិ Khang នៅខេត្ត Son La - ảnh 2របាំ hun may (ក្រុមស្ត្រី) និងរបាំ tang bu (ក្រុមបុរស)។

សព្វថ្ងៃនេះ នៅថ្ងៃអំណរពិធីបុណ្យទានរបស់ជនជាតិ Khang ឬមហោស្រពសម្ដែងសិល្បៈមហាជននៅស្រុក Quynh Nhai សុទ្ធតែមានឈុតសម្ដែងរបាំ hưn mạy ដោយទាក់ទាញមនុស្សគាំទ្រជាច្រើន។ ក្រុមអ្នកសម្ដែងពី៨ដល់១០នាក់ដើរតាមរង្វង់ ច្រៀងបណ្ដើរ ទះ hưn mạy បណ្ដើរ ធ្វើឲ្យបរិយាកាសពិធីបុណ្យកាន់តែផុលផុស រឹតបន្តឹងចំណងសាមគ្គីភាពក្នុងសហគមន៍។ លោកស្រី Dieu Thi Nhat ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Quynh Nhai ខេត្ត Son La បានចែករំលែកថា៖

“ក្នុងចំណោមបទចម្រៀង របាំប្រជាប្រិយដ៏វិសេសវិសាលរបស់ជនជាតិ Khang មានរបាំ tăng bu របាំ hưn mạy។ ការអភិរក្ស ពង្រីក ស្ដារពិធីបុណ្យ បទចម្រៀង របាំប្រជាប្រិយនិងទំលាប់សង្គមឡើងវិញកំពុងត្រូវបានយើងខ្ញុំយកចិត្តទុកដាក់ហើយរៀបចំអនុវត្តន៍ក្នុងប៉ុន្មានឆ្នាំកន្លងមក”។

តាមពេលវេលា “hưn mạy” ត្រូវបានបងប្អូនជនជាតិ Khang នៅ Quynh Nhai ខេត្ត Son La ថែរក្សាពីជំនាន់មួយទៅជំនាន់មួយ។ រហូតមកដល់សព្វថ្ងៃនេះ ឧបករណ៍តន្ត្រីនេះនៅតែមិនអាចខ្វះបានក្នុងការប្រជុំជីវភាពវប្បធម៌ សិល្បៈសហគមន៍របស់បងប្អូនជនជាតិ Khang នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ