"Tuc khang" - ល្បែងវប្បធម៌ប្រជាប្រិយដ៏ពិសេសរបស់ជនជាតិ Tay

(VOVWORLD) - Tuc khang និយាយតាមភាសា Tay គឺលេងវូ។ នេះជាល្បែងវប្បធម៌ប្រជាប្រិយពិសេសមួយរបស់ជនជាតិ Tay ដែលតែងតែបានប្រារព្ធធ្វើឡើងនៅ រដូវផ្ការីក។ សម្រាប់បងប្អូនជនជាតិ Tay នៅស្រុក Luc Yen ខេត្ត Yen Bai ល្បែង Tuc khang នេះមិនត្រឹមតែសម្រាប់បុរសលេងប៉ុណ្ណោះទេ ថែមទាំងទាក់ទាញស្ត្រីជាច្រើនផងដែរ។

ល្បែង tuc khang តែងតែទាក់ទាញអ្នកចូលរួមជាច្រើន។ (រូបថត៖ VOV)

វូរបស់ជនជាតិ Tay ធ្វើពីឈើរឹង ដូចជា ឈើក្រឡាញ់ ត្របែក ក្រូចថ្លុង ជាដើម។ ពួកគេជ្រើសរើសផ្ទៃដីរាបស្មើរ ដើម្បីលេងល្បែង "tuc khang"។ ស្ត្រីច្រើនតែប្រើខ្សែទន់ៗ ដូចជាក្រណាត់ ខ្សែកប្បាស ឬខ្សែពួរ ដើម្បីរុំផ្នែកខាងលើ ឬខាងក្រោមនៃវូ អាស្រ័យលើប្រភេទវូនីមួយៗ បន្ទាប់មកបោះវាទៅលើផ្ទៃដីរាបស្មើរ។ នៅពេលបោះវូ ខ្សែពួរត្រូវបានទាញកន្ត្រាក់មកវិញ ដូច្នេះបង្កើតកម្លាំងវិលខ្ញាល់ផ្ទៃដី។ អ្នកស្រី Nong Thi Huong ពលរដ្ឋម្នាក់នៅស្រុក Luc Yen បានឲ្យដឹងថា៖

“កាលពីនាងខ្ញុំរៀនថ្នាក់ទី ៦ ទី៧ បានចាប់ផ្តើមលេងវូហើយ។ ពេលទៅរៀន បានដាក់វាក្នុងកាបូប ពេលខ្លះ ព្យួរវានៅលើខ្សែក្រវ៉ាត់ ដើម្បីយកទៅលេង ពេលខ្លះ នាងខ្ញុំត្រូវឪពុកម្តាយស្តី ព្រោះរវល់លេងវូពេក។ ល្បែងនេះលេងសប្បាយណាស់ កាន់តែលេង កាន់តែជក់ចិត្ត”។

Tuc khang ជាល្បែងលេងជាសមូហភាព ពេលលេង ពួកគេបែងចែកជាពីរក្រុម ដោយមិនលើសពី៤នាក់ក្នុងមួយក្រុមឡើយ។ ច្បាប់លេងក៏សម្បូរបែបដែរ ហើយក៏អាចលេងជាគូ ក្រុម ឬតែម្នាក់ឯង។ ប៉ុន្តែ ពេញនិយមបំផុត គឺភាគីម្ខាងៗមានសមាជិក២នាក់លេងទល់នឹងគ្នា។ មុនពេលចូលលេង ភាគីទាំងសងខាងត្រូវបោះវូចុះផ្ទៃដីក្នុងពេលដំណាលគ្នា ដើម្បីមើលថា ភាគីណាវិលយូរជាង នឹងឈ្នះ។ ភាគីចាញ់ត្រូវបោះវូជាមុនសិន ដើម្បីឲ្យភាគីឈ្នះបោះវូវាយលុក ប្រសិនបើ មិនធ្វើឲ្យវូរបស់ភាគីចាញ់ឈប់វិល ឬវាយមិនចំទេ នឹងចាញ់ ហើយត្រូវបោះវូចុះវិញ ឲ្យគូប្រជែងវាយ។ វាត្រូវបានធ្វើម្តងហើយម្ដងទៀតរហូតដល់គ្រប់វេនតាមការកំណត់ នឹងជ្រើសរើសភាគីឈ្នះចុងក្រោយ។ រង្វាន់សម្រាប់ភាគីឈ្នះក៏សាមញ្ញដែរ ដែលភាគច្រើនមិនមែនជាវត្ថុទេ ត្រឹមតែជាពាក្យសម្ដី និងគំនូរលើផ្ទៃដីប៉ុណ្ណោះ។ លោក Ly Dat Trang ពលរដ្ឋម្នាក់នៅស្រុក Luc Yen បានឲ្យដឹងថា៖

“ការលេងល្បែង tuc khang ទាក់ទាញមនុស្សជាច្រើន ចូលរួមលេងជាគូ តាមនោះបង្ហាញពីចំណងសាមគ្គីភាព។ ក្នុងប៉ុន្មានថ្ងៃតេតនេះ ការលេងល្បែង tuc khang ពិតជាសប្បាយ រីករាយណាស់ ព្រោះបើគ្មានល្បែងប្រជាប្រិយនេះទេ មនុស្សម្នានឹងត្រឹមតែផ្តោតលើការហូបចុកប៉ុណ្ណោះ”។

ស្ត្រីជនជាតិ Tay លេងល្បែង tuc khang ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី។

កាលពីមុន បងប្អូនជនជាតិ Tay តមលេង tuc khang មិនលើសពីថ្ងៃទី ១៥ រោច ខែមិគសិ ដើម្បីផ្តោតសំខាន់លើការធ្វើពលកម្ម ផលិតកម្ម។ នាសព្វថ្ងៃនេះ ល្បែងប្រជាប្រិយនេះត្រូវបានលេងពេញមួយឆ្នាំ ជាពិសេសពេលឈប់សម្រាកពីការងារស្រែចម្ការ និងបុណ្យតេត។ ល្បែងប្រជាប្រិយ "tuc khang" ទាមទារឲ្យអ្នកលេងដំបូងឡើយ ត្រូវមានសុខភាពល្អ ភ្នែកមុត ហើយត្រូវគិតគូរបានលឿន និងត្រឹមត្រូវ ទើបវាយចំវូរបស់គូប្រជែងដែលកំពុងផ្លាស់ទីជាបន្តបន្ទាប់នៅលើផ្ទៃដី។ អ្នកស្រី Hoang Thi Truong អ្នកស្រុក Luc Yen ម្នាក់ បានចែករំលែកថា៖

“តាំងពីបុរាណកាលមកហើយ នៅក្នុងរយៈពេលខែទីមួយ តាមច័ន្ទគតិនេះ បងប្អូនជនជាតិ Tay តែងតែលេងល្បែង tuc khang។ បានទៅលេងយ៉ាងដូច្នេះ ខ្ញុំមានអារម្មណ៍សុខស្រួល សម្រាកលំហែកាយ ហើយគេងលក់ណាស់”។

ក្នុងឱកាសពិធីបុណ្យទាន បុណ្យតេតនៃភូមិឃុំម្ដងៗ ល្បែង tuc khang តែងតែត្រូវបានប្រារព្ធធ្វើឡើងនៅទីធ្លាផ្ទះវប្បធម៍របស់ភូមិឃុំ ដោយទាក់ទាញស្ត្រីជាច្រើនមកចូលរួមនិងបានប្រជាជនមកគាំទ្រ។ ទោះបីជាល្បែងប្រជាប្រិយនេះ បង្កប់នូវលក្ខណៈស្រដៀងគ្នារវាងជនជាតិជាច្រើនក៏ដោយ ប៉ុន្តែល្បែងរបស់ជនជាតិ Tay នៅស្រុក Luc Yen មានលក្ខណៈកីឡាច្រើនជាង ហើយឆ្លុះបញ្ជាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍។ Tuc khang បានក្លាយជាមុខម្ហូបស្មារតីដែលមិនអាចខ្វះបានសម្រាប់បងប្អូនជនជាតិ Tay នៅស្រុក Luc Yen ខេត្ត Yen Bai ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ