ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័ត​លើ​លទ្ធផលនៃរបាយការណ៍ UPR វដ្តទី IV របស់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំជាប្រចាំលើកទី ៥៧ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអនុម័តលើលទ្ធផលនៃការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្ដទី IV របស់វៀតណាម។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet បានចែករំលែកអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតនិងសម្ភារៈ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គីនៅវៀតណាម និងការខិតខំប្រឹងប្រែងឆ្លើយតបជាបន្ទាន់និងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលជាមួយនឹងអាទិភាពខ្ពស់បំផុត គឺធានាអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជន ជំនះផលវិបាកយ៉ាងឆាប់រហ័ស ស្ថេរភាពជីវភាពរស់នៅ និងស្តារផលិតកម្មអាជីវកម្មឡើងវិញ។ គណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេស ដៃគូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានចែករំលែកនិងឧបត្ថម្ភវៀតណាមនាពេលថ្មីៗនេះ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័ត​លើ​លទ្ធផលនៃរបាយការណ៍ UPR វដ្តទី IV របស់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet និងគណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំជាប្រចាំលើកទី ៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ VOV

ជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអំពីការសម្រេចព្រមទទួលសំណើរចំនួន ២៧១/៣២០ របស់បណ្តាប្រទេស នៅក្នុងកិច្ចសន្ទនាស្តីពីរបាយការណ៍ជាតិក្នុងខែឧសភា ឆ្នាំ ២០២៤ ដោយទទួលអត្រា ៨៤,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ វដ្ត វៀតណាមបានអះអាងឡើងវិញនូវការប្តេជ្ញានិងគោលនយោបាយជាប់លាប់របស់ខ្លួន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាការយកចិត្តទុកដាក់ចំពោះយន្តការ UPR និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អនុរដ្ឋមន្ត្រី Do Hung Viet ក៏បានអះអាងថា វៀតណាមបន្តពង្រឹងក្របខ័ណ្ឌច្បាប់ស្តីពីសិទ្ធិមនុស្ស តាមរយៈការចេញផ្សាយនិងធ្វើវិសោធនកម្មឯកសារច្បាប់សំខាន់ៗមួយចំនួន ទាក់ទងនឹងសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ អនុរដ្ឋមន្ត្រី Do Hung Viet ក៏បានចែករំលែកអំពីគោលការណ៍លើកលែងទោសឆ្នាំ ២០២៤ សម្រាប់អ្នកទោសរាប់ពាន់នាក់ បង្កលក្ខខណ្ឌសម្រាប់ពួកគេធ្វើសមាហរណកម្មឡើងវិញនិងរួមចំណែកយ៉ាងសកម្មដល់សហគមន៍។

នៅចុងបញ្ចប់នៃសម័យប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានសម្រេចជាឯកច្ឆ័ន្ទលើលទ្ធផលនៃរបាយការណ៍ UPR វដ្ដទី IV របស់វៀតណាម ដោយកត់សម្គាល់ការបញ្ចប់នៃការត្រួតពិនិត្យវដ្តទី IV ទាក់ទងនឹងការការពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាម ហើយឈានចូលដំណាក់កាលនៃការអនុវត្តអនុសាសន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ