ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅរដ្ឋវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានធ្វើអត្តឃាត
(VOVWORLD) - ជនសង្ស័យក្នុងការវាយប្រហារនោះឈ្មោះ Jarid Haddock អាយុ ២១ ឆ្នាំ។ មេប៉ូលីស Matthew Murray បាននិយាយថា វាហាក់ដូចជាការវាយប្រហារដោយអចេតនា។
រូបភាពនេះត្រូវបានចាត់ទុកថា ជារបស់ជនសង្ស័យបាញ់ប្រហារ (ប្រភព៖ ABC News) |
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) ជនសង្ស័យនៅក្នុងការបាញ់ប្រហារនៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែមករា នៅទីក្រុង Yakima របស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្សបីនាក់ត្រូវស្លាប់ បានធ្វើអត្តឃាត។ ជនសង្ស័យក្នុងការវាយប្រហារនោះឈ្មោះ Jarid Haddock អាយុ ២១ ឆ្នាំ។ មេប៉ូលីស Matthew Murray បាននិយាយថា វាហាក់ដូចជាការវាយប្រហារដោយអចេតនា។ មិនមានការប៉ះទង្គិចគ្នាជាក់ស្តែងរវាងជនសង្ស័យ និងជនរងគ្រោះទេ។
មុននេះ នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃដដែល ជនសង្ស័យបានចូលហាង Circle K នៅលើមហាវិថី Nob Hill ហើយបានបាញ់ប្រហារ ។ លុះមកដល់កន្លែងកើតហេតុ ប៉ូលីសបានប្រទះឃើញជនរងគ្រោះ ៣ នាក់ស្លាប់នៅទីនេះ ហើយរកឃើញថា មានករណីបាញ់ប្រហារលើកទី២ នៅហាងលក់ទំនិញតាមដងផ្លូវមួយទៀត។ លុះដល់ចំណុចកើតហេតុទី ២ ជនសង្ស័យបានបាញ់ប្លន់យករថយន្តមួយគ្រឿងទៀត ។ នេះជាឧប្បត្តិហេតុថ្មីបំផុតនៃអំពើហិង្សាដោយកាំភ្លើងដែលធ្វើឱ្យកក្រើកសហរដ្ឋអាមេរិក។ ឧបទ្ទវហេតុនេះកើតឡើង បន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំចំនួនពីរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលបានបណ្តាលឱ្យមនុស្ស ១៨ នាក់បានស្លាប់ ខណៈដែលសហរដ្ឋអាមេរិកបន្តទប់ទល់នឹងការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើង។
កាលពីថ្ងៃទី២៤ ខែមករា ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឲ្យសភាអាមេរិក ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីហាមឃាត់អាវុធវាយប្រហារ។
ការហាមប្រាមលើកាំភ្លើងវាយប្រហារបានផុតកំណត់នៅឆ្នាំ ២០០៤ ហើយសភាបានបរាជ័យម្តងហើយម្តងទៀតក្នុងការបន្តច្បាប់នេះ បើទោះបីជាប្រទេសនេះបានឃើញការបាញ់ប្រហារស្លាប់ជាច្រើនលើកច្រើនសារក៏ដោយ៕