ជម្លោះនៅតំបន់ហ្គាហ្សា៖កងទ័ពអ៊ីស្រាអែលបង្កើនការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា
(VOVWORLD) - កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ២៤ ខែកក្កដា បានធ្វើប្រតិបត្តិការយោធាថ្មីនៅទូទាំងតំបន់ហ្គាហ្សា។ យោងតាមអ្នកស្រុក ការវាយប្រហារថ្មីបំផុតនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើននៅភាគខាងកើតនៃទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា។
មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន ហើយជម្លៀសខ្លួនទៅកាន់ទីជម្រកនៅភាគខាងលិចនៃទីក្រុង។ យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ លើសពីនេះ កងកម្លាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើតំបន់មួយចំនួននៅភាគខាងជើង និងកណ្តាលនៃតំបន់ហ្គាហ្សា បណ្តាលឱ្យមានជនប៉ាឡេស្ទីនមួយចំនួនបាត់បង់ជីវិត។ រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ប្រតិបត្តិការរបស់ខ្លួនបានកំណត់គោលដៅលើតំបន់ដែលគេជឿថា ជាកន្លែងដែលប្រើប្រាស់ដោយសមាជិកនៃចលនាអ៊ីស្លាមហាម៉ាស ដើម្បីបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។
អគារមួយក្នុងតីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារដោយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃទី ២២ ខែកក្កដា។ រូបថត៖ AP |
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា អាជ្ញាធររបស់ប្រទេសនេះបានសម្រេចចិត្ត មិនបញ្ជូនតំណាងចរចាឲ្យត្រឡប់ទៅប្រទេសកាតាវិញ នៅថ្ងៃទី ២៥ ខែកក្កដា ដូចដែលបានប្រកាសពីមុននោះ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) បានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអាមេរិក ដោយគូសបញ្ជាក់អំពីផែនការ "លុបបំបាត់យោធូបនីយកម្ម" និង "ការលុបបំបាត់ជ្រុលនិយម" នៅក្នុងតំបន់ហ្គាហ្សា ក្រោយជម្លោះ ក៏ដូចជាលទ្ធភាពនៃសម្ព័ន្ធភាពយោធានាពេលអនាគតរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិក។
ប្រតិកម្មចំពោះសេចក្តីប្រកាសរបស់លោក Netanyahu ក្រុមហាម៉ាសបានឲ្យដឹងាថ សុន្ទរកថាខាងលើបង្ហាញថា មេដឹកនាំអ៊ីស្រាអែលមិនចង់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នោះទេ៕