នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ៖ សុខភាពនិងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត

(VOVWORLD) - ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណានៅប្រទេសចិននិង លើពិភពលោក ដែលកំពុងមានគ្រោះអាសន្ន ប៉ះពាល់ដោយផ្ទាល់ដល់វៀតណាមនោះ នារសៀលថ្ងៃទី ២៧ ខែមករានេះ ជាថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាតនេះ។ 
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ៖ សុខភាពនិងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ដោយចាត់ទុកថា កិច្ចការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាការងារសំខាន់បំផុត ហើយមិនត្រូវទុកឱ្យជំងឺរាតត្បាតនេះវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅវៀតណាមនៅឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅឯកិច្ចប្រជុំនេះ រហូតមកដល់ពេលនេះ វៀតណាមទទួលស្គាល់ថា មានករណីចំនួន ៦៣ ដែលផ្ទុករោគសញ្ញាគ្រុនក្តៅ ដោយមានប្រវត្តិវិលត្រឡប់មកវិញពីតំបន់មានជំងឺរាតត្បាត ដែលក្នុងនោះ មានករណីចំនួន ២ ត្រូវបានដកចេញពីករណីឆ្លងវីរុសកូរ៉ូណា; ករណីចំនួន ៣៨ កំពុងត្រូវបានដាក់អោយនៅដាច់ដោយឡែកដើម្បីតាមដាន ក្នុងនោះ មានករណីចំនួន ២ ជាជនជាតិចិន ដែលតាមរយៈការធ្វើតេស្តិ៍ ត្រូវចេញលទ្ធផលវិជ្ជមានចំពោះវីរុសកូរ៉ូណា។

បច្ចុប្បន្ននេះ វៀតណាមបានបង្កើនកម្រិតឆ្លើយតបខ្ពស់បំផុតសម្រាប់មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាល ដើម្បីឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងធ្វើការត្រួតពិនិត្យនៅតាមព្រំដែន ដោយរៀបចំការប្រកាសវេជ្ជសាស្រ្ត ចាប់ពីម៉ោង ០ ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។ ម្យ៉ាងវិញទៀត មណ្ឌលសុខភាពនានា ក៏បានត្រៀមជាស្រេច រៀបចំកន្លែងនៅដាច់ដោយឡែកសម្រាប់តាមដាននិងព្យាបាលអ្នកសង្ស័យផ្ទុកមេរោគកូរ៉ូណា ក៏ដូចជាមានផែនការបើកទូលាយ ប្រសិនបើជំងឺប្រភេទនេះរីករាលដាលក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមជាមួយគ្នានោះ តំបន់នានាក៏បានរៀបចំផែនការ ដើម្បីឆ្លើយតបទៅនឹងវីរុសកូរ៉ូណា យោងទៅតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ