បើកការតាំងពិព័រណ៌គំនូរនិងរូបថតទេសចរណ៍នៃខេត្តទាំង ៦ នៅតំបន់ Viet Bac
(VOVWORLD) - ការតាំងពិព័រណ៌គំនូរ និងរូបថតទេសចរណ៍នៃខេត្តទាំង៦ នៅតំបន់ Viet Bac បានបើកជាផ្លូវការកាលពីថ្ងៃទី ២៤ ខែសីហា នៅខេត្ត Bac Kan។ ព្រឹត្តិការណ៍នេះ ស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ដំណើរទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ Viet Bac លើកទី១៥”។ ពិព័រណ៍នេះ បើកឲ្យទស្សនាដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅផ្ទះវប្បធម៌ខេត្ត Bac Kan ។
ពិព័រណ៌នេះ បានដាក់តាំងបង្ហាញស្នាដៃសិល្បៈគំនូរនិងរូបថតចំនួន ១២០ របស់វិចិត្រករមកពីខេត្តទាំង ៦ នៅតំបន់ Viet Bac រួមមានខេត្ត Bac Kan ខេត្ត Cao Bang ខេត្ត Lang Son ខេត្ត Tuyen Quang ខេត្ត Ha Giang និងខេត្ត Thai Nguyen។
បើកការតាំងពិព័រណ៌គំនូរ និងរូបថតទេសចរណ៍នៃខេត្តទាំង៦ នៅតំបន់ Viet Bac នៅខេត្ត Bac Kan។ រូបថត៖ VOV |
វិចិត្រករ Tran Hang សមាជិកនៃសមាគមអក្សរសាស្ត្រនិងសិល្បៈខេត្ត Bac Kan បានឲ្យដឹងថា ពិព័រណ៍នេះគឺជាឱកាសសម្រាប់សិល្បករមកពីតំបន់ Viet Bac ជួបប្រាស្រ័យ ផ្លាស់ប្តូរនិងសិក្សាបទពិសោធន៍ ក៏ដូចជាស្វែងរកទិសដៅថ្មីសម្រាប់វិចិត្រសិល្បៈក្នុងតំបន់។ ជាពិសេស កម្មវិធី "ទេសចរណ៍ឆ្លងកាត់តំបន់បេតិកភណ្ឌ" ត្រូវបានរៀបចំឡើងជាលើកទី១៥ហើយ ប៉ុន្តែនេះជាលើកដំបូងដែលរួមបញ្ចូលគ្នានូវការតាំងពិពណ៌គំនូរនិងរូបថត នាំមកនូវចំណាប់អារម្មណ៍ថ្មីថ្មោងដល់ទស្សនិកជន។ វិចិត្រករ Tran Hang បានធ្វើអត្ថាធិប្បាយ៖ “ស្នាដៃនៅទីនេះគឺសម្បូរបែបណាស់ មានខ្លឹមសារ មានអត្ថន័យ ផ្តល់សារជូនទស្សនិកជនអំពីវប្បធម៌តំបន់ ប្រជាជន ក៏ដូចជាធម្មជាតិ ដែលបងប្អូនជនជាតិភាគតិចកំពុងរស់នៅ។ ស្នាដៃបង្កប់ដោយអត្តសញ្ញាណមនៃតំបន់ភ្នំភាគខាងជើង”។
ជាមួយនឹងការតាំងពិព័រណ៌គំនូរនិងរូបថតទេសចរណ៍នៃខេត្តទាំង ៦ នៅតំបន់ Viet Bac នាឱកាសនេះ ខេត្ត Bac Kan ក៏បានរៀបចំការតាំងបង្ហាញ និងឧទ្ទេសនាមឯកសារប្រវត្តិសាស្ត្រនិងរូបភាពជាច្រើនអំពីប្រជាជន និងវប្បធម៌ប្រពៃណីក្នុងស្រុក ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការរំដោះខេត្ត Bac Kan (២៤ សីហា១៩៤៩- ២៤ សីហា ២០២៤) ៕