បើកដំណើរការខ្សែបញ្ជូនអគ្គីសនី ៥០០kv ខ្សែ ៣ - អព្ភូតហេតុក្នុងការវិនិយោគនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម
(VOVWORLD) - កាលពីយប់ថ្ងៃទី ២៧ ខែសីហា សាជីវកម្មបញ្ជូនអគ្គិសនី ជាតិ (EVNNPT) និងគណគ្រប់គ្រងគម្រោងថាមពលអគ្គិសនីភាគកណ្តាល (CPMB) បានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ បើកដំណើរការគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០kV ខ្សែ៣ នៃខេត្ត Quang Trach - Quynh Luu ប្រវែង ២២៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត Quang Binh, Ha Tinh, Nghe An។
គម្រោងត្រូវបានដាក់ឲ្យដំណើរការ រួមចំណែកបើកដំណើរការខ្សែបណ្តាញ ៥០០kVខ្សែ៣ ទាំងស្រុងពីស្រុក Quang Trach (Quang Binh) ទៅកាន់ស្រុក Pho Noi (Hung Yen)។
ផ្នែកមួយនៃគម្រោង ៥០០kV ខ្សែ ៣ ។ រូបថត៖ Vu Quang/TTXVN |
ខ្សែបណ្តាញ ៥០០ kV ខ្សែ៣ ពីស្រុក Quang Trach ខេត្ត Quang Binh ទៅកាន់ស្រុក Pho Noi ខេត្ត Hung Yen ត្រូវបានសាងសង់ឡើងដើម្បីជួយបង្កើនសមត្ថភាពបញ្ជូនអគ្គិសនី ពីភូមិភាគកណ្តាលទៅភាគខាងជើង ធានាបាននូវថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទាក់ទាញការវិនិយោគបរទេស។ លោក Pham Le Phu អគ្គនាយកសាជីវកម្មបញ្ជូនអគ្គិសនីជាតិបានមានប្រសាសន៍ថា៖ “កាលពីមុន គម្រោង ៥០០kV ដែលមានចម្ងាយចាប់ពីមួយរយគីឡូម៉ែត្រ ឬច្រើនជាងនេះ ជាធម្មតាយើងសាងសង់ក្នុងរយៈពេលយ៉ាងហោចណាស់ ២ ទៅ ៤ ឆ្នាំ។ យើងបានអនុវត្តគម្រោងនេះក្នុងរយៈពេល៦ខែ ក្រោមការដឹកនាំយ៉ាងគំហុករបស់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ជាមួយនឹងទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍថាមពលជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មអគ្គិសនីផងដែរ”។
គម្រោង ៥០០kv ខ្សែ៣ គឺជាគម្រោងសំខាន់ថ្នាក់ជាតិ។ បន្ទាប់ពីការសាងសង់អស់រយៈពេលជាង ៦ ខែ គម្រោងនេះត្រូវបានចាត់ទុកជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ ជាមួយគ្នានេះ គម្រោងសម្រេចបាននូវកំណត់ត្រាមួយសម្រាប់រយៈពេលសាងសង់ខ្លីបំផុត ពេលវេលាលឿនបំផុតក្នុងការបញ្ចប់នីតិវិធីសម្រាប់ការវិនិយោគ និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងឧស្សាហកម្មអគ្គិសនី។
នៅពេលដែលបានបញ្ចប់ ខ្សែបញ្ជូនអគ្គិសនី ៥០០kV ខ្សែ៣ នឹងជួយបង្កើនសមត្ថភាពបញ្ជូនអគ្គិសនីអន្តរតំបន់ពីកម្រិត ២.២០០ MW នាបច្ចុប្បន្នឡើងដល់ប្រហែល ៥.០០០ MW ដែលស្មើរនឹងការផ្គត់ផ្គង់អគ្គិសនីពាណិជ្ជកម្មជាង២០ ពាន់លាន kWh បន្ថែមទៀតសម្រាប់តំបន់ភាគខាងជើង៕