បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤
(VOVWORLD) - អបអរសាទរខួប ៦២ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម ឡាវ (៥ កញ្ញា ១៩៦២- ៥ កញ្ញា ២០២៤) និងខួប ៥៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៣ ខែសីហា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីបើកមហោស្រពកុមារវៀតណាម - ឡាវ - កម្ពុជាឆ្នាំ ២០២៤។
មហោស្រពគឺជាសកម្មភាពដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនទីក្រុង ជារៀងរាល់ ២ ឆ្នាំម្តង ចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន បានក្លាយជាកន្លែងជួបប្រាស្រ័យដ៏សប្បាយរីករាយ មានប្រយោជន៍ និងរួមចំណែកឧទ្ទេសនាមអំពីប្រពៃណីប្រវត្តិសាស្ត្រនិងសម្រស់វប្បធម៌នៃប្រទេសទាំងបីដល់កុមារនៃប្រទេសទាំងបី។
ការសម្តែងសិល្បៈរបស់កុមារនៃប្រទេសទាំងបី ក្នុងពិធីបើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤។ រូបថត៖ Hong Giang/qdnd.vn |
ឆ្នាំនេះ មហោស្រពមានការចូលរួមពីគណៈប្រតិភូកុមារចំនួន ២១៥ នាក់មកពីបណ្តាខេត្ត ក្រុងនៃប្រទេសវៀតណាម រួមជាមួយកុមារជាច្រើននាក់ទៀតមកពីព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ; និងមន្ត្រី ៣៦នាក់ ទទួលបន្ទុកក្រុមកុមារជំទង់នៃប្រទេសចំនួន៣។ មហោស្រពនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី ១៣-១៥ ខែសីហា នៅទីក្រុងហូជីមិញដោយមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនានិងស្វែងយល់អំពី “បរិយាកាស លោកអុំហូជាមួយកុមារ” នៅអគារកុមារនៃទីក្រុងហូជីមិញ និងចូលរួមការលេងកម្សាន្ត វប្បធម៌ សិល្បៈ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរអំណោយ និងទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ; ចូលរួមកម្មវិធីជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំទីក្រុងហូជីមិញជាមួយគណៈប្រតិភូដែលចូលរួមមហោស្រព; ទស្សនានិងស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Rung Sac ស្រុក Can Gio; ការផ្លាស់ប្តូរវប្បធម៌រវាងកុមារនៃប្រទេសទាំង៣៖ វៀតណាម-ឡាវ-កម្ពុជា និងពិធីបិទមហោស្រព៕