បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាសៀរ៉ាឡេអូន
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីសៀរ៉ាឡេអូន (Sierra Leone) លោក Julius Maada Bio ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមីនា។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបជាមួយប្រធានាធិបតី Sierra Leone លោក Julius Maada Bio (រូបថត៖ VOV) |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមមានគោលនយោបាយបើកទូលាយនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសនានាលើគ្រប់ទ្វីប ទាំងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសភាទ្វេភាគីនិងពហុភាគី។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យលោកប្រធានាធិបតី Julius Maada Bio គាំទ្រដល់ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាប្រទេសសៀរ៉ាឡេអូន; ជំរុញភាគីទាំងពីរបង្កើនទំនាក់ទំនង ផ្លាស់ប្តូរគណៈប្រតិភូ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ដែលរដ្ឋសភានៃប្រទេសទាំងពីរជាសមាជិក។
រីឯខ្លួនវិញ លោកប្រធានាធិបតី Julius Maada Bio បានមានប្រសាសន៍ថា សៀរ៉ាឡេអូនចាប់អារម្មណ៍បំផុតលើការផលិតស្បៀង កសិកម្ម ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ បច្ចេកវិទ្យាខ្ពស់ក្នុងការកែច្នៃម្ហូបអាហារ និងអាហារសមុទ្រ។ អាស្រ័យហេតុនេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូនឹងទៅទស្សនាកន្លែងជាច្រើនក្នុងប្រទេសវៀត ណាម ដើម្បីស្វែងយល់ពីរបៀបផលិតកសិផល តាមនោះ រឹតបន្តឹងចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីអភិវឌ្ឍន៍សង្គម ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕